កុមារី​ សរពេជ្ញ ម៉ានីកា តូច​តែ​ខ្លួន តែ​កំពុង​ល្បីខ្លាំង ឯ​បទ​ពិសោធន៍​សម្ដែង​ក៏​ជោកជាំ​មិន​នឹក​ស្មាន

  • 2019-11-27 03:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

កុមារី សរពេជ្ញ ម៉ានីកា បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ក្រោយ​លេច​មុខ​ក្នុង​រឿង "នាឡិកា​ដាស់​វិញ្ញាណ" ប៉ុន្តែ​តាម​ការ​សាក​សួរ​កុមារី​ដ៏​ស្រស់​ស្អាត​នេះ ល្បី​ឈ្មោះ​ជា​យូរ​មក​ហើយ​នៅ​តាម​បណ្ដាញ​សង្គម ព្រម​ទាំង​មាន​បទ​ពិសោធន៍​សម្ដែង​ជោកជាំ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

តាម​អ្នក​ស្រី នីម ជា​ម្ដាយ បាន​ឲ្យ​ដឹង​ថា កូន​ស្រី​របស់​អ្នក​ស្រី ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ដំបូង តាម​រយៈ​បណ្ដាញ​សង្គម ដែល​អ្នក​ស្រី​តែង​ផុស​រូប​ជា​រឿយ។ ឃើញ​រូប​ទាំង​នោះ ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម ចាប់​អារម្មណ៍ និង​សរសើរ​ថា ម៉ានីកា ជា​ក្មេង​ស្រី​មាន​រូប​សម្រស់​ស្រស់​ស្អាត​ខ្លាំង។ "កាល​ពី​គាត់​នៅ​អាយុ ខ្ទង់ ៣​ឆ្នាំ គាត់​ស្អាត​ណាស់ ហើយ​ពេល​ដែល​ខ្ញុំ​បង្ហោះ​រូប​គាត់​តែ​មួយ​សន្លឹក គឺ​មាន​អ្នក like អ្នក share រាប់​រយ​រាប់​ពាន់​នាក់។ ក្រោយ​មក​ទៀត​ខ្ញុំ​ធ្វើ​វីដេអូ​បែប​កំប្លែងៗ បែប​អប់​រំ មាន​អ្នក Share រាប់​ម៉ឺន​នាក់ អីចឹង​គាត់​ក៏​ក្លាយ​ជា​តារា Facebook!”។

មក​ទល់​បច្ចុប្បន្ន សរពេជ្ញ ម៉ានីកា មាន​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ថា “Sahrah Pich Manika" ដែលមាន​អ្នក​ Like ជាង១០ម៉ឺន​នាក់ ហើយ​ទំព័រ​នេះ គឺ​​គ្រប់​គ្រង​ដោយ​ប៉ា​ម៉ាក់។ ក្រោយ​ពី​ល្បី​តាម​បណ្ដាញ​សង្គម​ការងារ​ក៏​រត់​មក ដោយ​ក្នុង​នោះ​អ្នក​ស្រី នីម ឲ្យ​ដឹង​ថា អ្នក​ដឹកនាំ​រឿង អ្នក​នាំ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជា​ច្រើន​បាន​ទាក់​ទង។ ដូច្នេះ​ហើយ កុមារី​ដ៏​ស្រស់​សោភា​រូប​នេះ ក៏​បាន​ក្លាយ​ជា​តារា​សម្ដែង​តាំង​ពី​អាយុ​៣​ឆ្នាំ។

“គាត់​បាន​ក្លាយ​ជា​តារា​សម្ដែង​តាំង​គាត់​អាយុ​ប្រហែល​៣​ឆ្នាំ ដែល​ដំបូង​ឡើយ គាត់​បាន​ថត​ស្ប៉ត​ពាណិជ្ជ​ក្រមា ហើយ​ក្រោយ​មក​ក៏​មាន​ច្រើន​ទៀត តែ​ខ្ញុំ​ចាំ​អត់​អស់​ទេ ព្រោះ​ភ្លេច​ហើយ!”។ អ្នក​ស្រី នីម ថ្លែង។

មក​ទល់​បច្ចុប្បន្ន សរពេជ្ញ ម៉ានីកា មាន​វ័យ ៧​ឆ្នាំ​ហើយ ហើយ​៤​ឆ្នាំ​ក្នុង​អាជីព​សម្ដែង​ទាំង​ក្មេង​ខ្ចី កុមារី​រូប​នេះ បាន​ចូល​រួម​សម្ដែង​យ៉ាង​ជោកជាំ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ តាម​អ្នក​ស្រី នីម គិត​មក​ដល់​ពេល​នេះ ម៉ានីកា បាន​ចូល​រួម​សម្ដែង​ភាពយន្ត​ប្រមាណ​ជាង ១០​រឿង ក្នុង​នោះ​រឿង​ដុំ​ប្រហែល​ជា ៥ ទៅ ៦រឿង ឯ​រឿង​ភាគ​ក៏​ប្រមាណ ៥-៦​រឿង​ដែរ។ ដោយ​ឡែក​ស្ប៉ត​ពាណិជ្ជកម្ម​ខ្ទង់​ប្រមាណ ៣០-៤០​ហើយ។

ថ្លែង​ដោយ​ក្ដី​រីករាយ អតីត​គ្រូ​បង្រៀន​ដែល​ជា​ម្ដាយ​បាន​លើក​ឡើង​ថា "ខ្ញុំ​មិន​ស្មាន​ថា គាត់​អាច​ទៅ​ជា​តារា​សម្ដែង​អីចឹង​ទេ ព្រោះ​ក្នុង​គ្រួសារ​អត់​មាន​អ្នក​ណា​មាន​មាន​ដុង​ខាង​សិល្បៈ​នេះ​ទេ គឺ​មាន​តែ​គាត់​ម្នាក់​ឯង​ហ្នឹង គាត់​ចូល​ចិត្ត​ថត​រូប ចូល​ចិត្ត ច្រៀង...និយាយ​ទៅ​ខ្ញុំ​មិន​នឹក​ស្មាន​នោះ​ទេ!”។

សរពេជ្ញ ម៉ានីកា បច្ចុប្បន្ន​មាន​អាយុ ៧​ឆ្នាំ កំពុង​សិក្សា​នៅ​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម។ នាង​គឺ​ជា​កូន​ពៅ​នៅ​ក្នុង​គ្រួសារ​ដែល​បង​ប្អូន​២​នាក់ ក្នុង​នោះ​​ឪពុក​ម្ដាយ​ជា​គ្រូ​បង្រៀន​ទាំង​ពីរ​នាក់ ប៉ុន្តែ​អ្នក​ម្ដាយ​បាន​ឈប់​ពី​អាជីព​គ្រូ​ទៅ​ហើយ។ តាម​ការ​ឲ្យ​ដឹង​ បង​ប្រុស​របស់ ម៉ានីកា ក៏​ធ្លាប់​បាន​ចូល​រួម​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ក្រុម​ហ៊ុន​បាន​មួយ​ចំនួន​ដែរ ប៉ុន្តែ​នៅ​តិច​ជាង​ឆ្ងាយ​ធៀប​នឹង​ប្អូន​ស្រី​ដ៏​ស្រស់​សោភា​រូប​នេះ៕

រូបភាព៖ ហ្វេសប៊ុក ម៉ានីកា

អត្ថបទ៖ ទារិកា