ប្រើម៉ាសខ្មៅបកអស់មុនសាច់ តែមិនប្រយ័ត្នប្រើខុសក្បួននឹងធ្វើឲ្យរន្ធញើសរីកធំលើសដើម
- 2019-11-26 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើម៉ាសខ្មៅបកអស់មុនសាច់ តែមិនប្រយ័ត្នប្រើខុសក្បួននឹងធ្វើឲ្យរន្ធញើសរីកធំលើសដើម
ម៉ាសខ្មៅបកមុនសាច់ បានក្លាយជាជំនួយការដ៏ពេញនិយមសម្រាប់ស្ត្រីនាពេលបច្ចុប្បន្ន ។ មុនកប់សាច់ដែលពិបាកញិចចេញ និងមុនក្បាលខ្មៅដែលកកកុញក្នុងរន្ធញើស គឺម៉ាសខ្មៅអាចជួយបានយ៉ាងងាយ។ ថ្វីដ្បិតបែបនេះក្ដី បើមិនប្រើបានត្រឹមត្រូវ វានឹងធ្វើឲ្យរន្ធញើសលើស្បែកមុខរបស់អ្នកប្រែជារីកធំ អាក្រក់លើសដើមមិនខាន។
១. ប្រើលើសចំនួន
ម៉ាសខ្មៅពិតជាមានអនុភាពលាងភាពកខ្វក់ បកមុនក្បាលខ្មៅកប់ក្នុងរន្ធញើសបានយ៉ាងអស្ចារ្យ។ ទន្ទឹមនឹងគុណសម្បត្តិនេះ ក៏មានគុណវិបត្តិដែរ បើអ្នកប្រើញឹកញាប់ពេក។ ការយល់ច្រឡំមួយចំនួនគិតថា បើប្រើច្រើនដងក្នុងមួយសប្ដាហ៍ គឺធានាបាននូវភាពស្រស់ថ្លាដល់ស្បែកមុខ។ ផ្ទុយទៅវិញ វាមានតែផ្ដល់ផលអាក្រក់ទៅជាស្បែកស្ងួត បាត់ស្រទាប់ការពារស្បែកទៅវិញទេ។ យល់ល្អ អាចប្រើត្រឹម ១ -២ ដងក្នុងមួយសប្ដាហ៍។
២. ប្រើម៉ាសមិនសមនឹងប្រភេទស្បែកមុខ
ប្រសិនបើអ្នកមានស្បែកស្ងួត គួរប្រើម៉ាសដែលមានជាតិសំណើម រួមទាំងធាតុផ្សំពី Hyaluronic acid ឬ Glycerin ។ បើស្បែកខ្លាញ់ គួរប្រើប្រភេទម៉ាសភក់ដែលមានធាតុផ្សំពីកាបូន។ រីឯអ្នកស្បែកប្រតិកម្ម គួរប្រើម៉ាសដែលផ្សំឡើងពីប្រទាលកន្ទុយក្រពើ។
៣. បិទម៉ាសម្ដងៗយូរពេក
ប្រភេទម៉ាសខ្មៅ ជាទូទៅឆាប់ស្ងួតណាស់។ កាលណាទុកឲ្យកកយូរពេក ពេលបកចេញវានឹងឈឺចាប់ហើយលំបាក។ បន្ថែមពីនេះវាបណ្ដាលឲ្យស្បែកមុខទៅជារលាកបាន ហើយថែមទាំងស្រូបយកជាតិសំណើមពីមុខរបស់អ្នកអស់មួយផ្នែកធំទៀតផង។ តាមការណែនាំ អ្នកត្រូវបិទតាមការកំណត់ដែលបានដាក់លើសំបកផលិតផល។
៤. បកម៉ាសខ្លាំងៗពេក
កំហុសរបស់មនុស្សជាច្រើននៅពេលប្រើម៉ាសខ្មៅ គឺបកខ្លាំងៗពេក បណ្ដាលឲ្យស្បែករលាក ក្រហម។ វិធីល្អបំផុត គឺត្រូវបកពីគែមផ្ទៃស្បែកមុខចូលទៅផ្ទៃខាងក្នុង ដោយដៃម្ខាងបកម៉ាស ដៃម្ខាងទៀតម៉ាស្សាថ្នមៗត្រង់បរិវេណដែលកំពុងបកនោះ។
៥. មិនលាបឡេផ្ដល់សំណើមបន្ទាប់ពីបកម៉ាសរួច
បន្ទាប់ពីបកម៉ាសចេញរួច ស្បែកនឹងប្រែជាស្ងួតបន្តិច ហើយរន្ធញើសវិញក៏បើកជាងមុនបន្តិចដែរ។ ដូច្នេះអ្នកត្រូវប្រើឡេផ្ដល់សំណើម ដូចជាទឹកបាញ់មុខ Toner ដើម្បីជួយស្បែក៕
ចុចអាន៖ ៥ ដំណោះស្រាយចំពោះអ្នកធ្វើការជួបបញ្ហាស្បែកស្ងួត ព្រោះអង្គុយក្រោមម៉ាស៊ីនត្រជាក់យូរ