៥ ដំណោះស្រាយចំពោះអ្នកធ្វើការជួបបញ្ហាស្បែកស្ងួត ព្រោះអង្គុយក្រោមម៉ាស៊ីនត្រជាក់យូរ
- 2019-11-26 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ដំណោះស្រាយចំពោះអ្នកធ្វើការជួបបញ្ហាស្បែកស្ងួត ព្រោះអង្គុយក្រោមម៉ាស៊ីនត្រជាក់យូរ
អង្គុយនៅក្រោមម៉ាស៊ីនត្រជាក់យូរ ស្បែកនឹងប្រែជាស្ងួត ហើយឡើងអាចម៍រុយ។ មិនថាតែបញ្ហាអាកាសធាតុនៅខាងក្រៅទេ ជួនកាលបរិយាកាសក្នុងបន្ទប់ការិយាល័យក៏បណ្ដាលឲ្យស្បែកទៅជាស្ងួតបានដែរ។ កង្វះភាពសំណើមក្នុងបន្ទប់ធ្វើការ ជារោគរាតត្បាតធ្វើឲ្យស្បែកបាត់បង់ជាតិទឹក មើលទៅមិនស្រស់ថ្លា។ យ៉ាងណាក៏ដោយ កុំបារម្ភអី តាមរយៈការណែនាំដោយវេជ្ជបណ្ឌិត Emma Wedgeworth ដែលជាគ្រូពេទ្យជំនាញខាងរោគស្បែកឈានមុខគេនៅចក្រភពអង់គ្លេស ឲ្យអនុសាសន៍ដូចខាងក្រោម៖
**១. ដាក់ឧបករណ៍បញ្ចេញចំហាយសំណើមនៅលើតុរបស់អ្នក**
តាមបទពិសោធន៍ នារីកូរ៉េជាច្រើនបានទិញឧបករណ៍បញ្ចេញសំណើមខ្នាតតូចដាក់លើតុការិយាល័យរបស់ពួកគេផ្ទាល់។ នេះជាវិធីជួយផ្ដល់សំណើមយ៉ាងមានប្រសិទ្ធភាពជួយការពារពីស្បែកស្ងួត និងឲ្យស្បែកមានលទ្ធភាពបង្កើតសំណើមបានមកវិញ។
២. ប្រើទឹកបាញ់មុខ
អ្នកគួរតែដាក់ដបទឹកបាញ់មុខមួយនៅលើតុធ្វើការ ដើម្បីងាយប្រើពេលមានអារម្មណ៍ថាស្បែកទទួលរងនូវភាពស្ងួតខ្លាំង។ ជ្រើសរើសទឹកបាញ់មុខដែលផ្សំពីប្រេងធម្មជាតិសំខាន់ៗ មានផ្ទុក HA , Glycerin និង Niacinamide ដែលល្អបំផុតជួយបំពេញសំណើមដល់ស្បែកមុខ។ រាល់២ម៉ោងម្ដង អ្នកគួរបាញ់ទឹកប្រភេទនេះ ដើម្បីជួយស្បែកឲ្យទន់ និងមានប្រសិទ្ធភាពគ្រប់គ្រាន់។
៣. ផឹកទឹកឲ្យបានច្រើន
មិនថាអ្នករវល់នឹងការងារខ្លាំងយ៉ាងណា កុំភ្លេចរំលឹកខ្លួនឯងឲ្យផឹកទឹក។ ដោយសារសមាសភាគរាងកាយ ៦០% ត្រូវការទឹកចាំបាច់ដើម្បីរក្សាទម្ងន់ និងសុខភាពល្អ។ ការផឹកទឹកនៅកន្លែងធ្វើការក៏ជួយបំពេញសំណើមបានដែរ ក្នុងលក្ខខណ្ឌអ្នកអង្គុយក្រោមម៉ាស៊ីនត្រជាក់យូរម៉ោង។ ម្ល៉ោះហើយ កុំភ្លេចផឹកទឹកចន្លោះពី ២ - ២ .៥ លីត្រក្នុងមួយថ្ងៃ។
៤. បន្ថែមការញ៉ាំផ្លែឈើឲ្យបានច្រើន
ជំនួសឲ្យការញ៉ាំអាហារកញ្ចប់ដើម្បីសម្រន់ គួរទម្លាប់មកហូបផ្លែឈើ ដើម្បីកុំឲ្យធាត់ផងនិងល្អសម្រាប់សម្រស់ទៀត។ ផ្លែឈើផ្ទុកវីតាមីនច្រើនប្រភេទ ដូច្នេះវាជួយផ្ដល់សំណើមដល់ស្បែកយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចជ្រើសរើសដូចជាផ្លែប៉ោម ផ្លែក្រូច ជាដើម ដោយសារផ្លែឈើទាំងនេះមានជីវជាតិសំខាន់គ្រប់គ្រាន់សម្រាប់រាងកាយដើម្បីកំណត់កង្វះជាតិទឹកដែលអ្នកធ្វើការតែងជួបប្រទះ។
៥. ចេញក្រៅស្រូបខ្យល់អាកាសធម្មជាតិ
បើនៅការិយាល័យអ្នកមានជាន់ក្រៅ រាល់៤៥នាទី ទៅ១ម៉ោងម្ដង អ្នកគួរឆ្លៀតសម្រាក ងើបដើរចេញពីតុ ដកដង្ហើមស្រូបយកខ្យល់អាកាសខាងក្រៅ កុំអង្គុយតែមួយកន្លែងក្រោមម៉ាស៊ីនត្រជាក់។ វិធីនេះជួយបណ្ដេញស្រ្តេស និងការពារស្បែកដែលបាត់បង់ជាតិទឹក ដោយសារតែការអង្គុយក្នុងបន្ទប់ធ្វើការយូរម៉ោងពេក៕