ហេតុផល​៥​យ៉ាង ដែល​​​​អ្នក​​តែង​គេង​មិន​លក់​នៅ​ពាក់​កណ្ដាល​យប់​

  • 2019-11-20 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​កំពុង​មាន​បញ្ហា​ជាមួយ​ដំណេក​មែន​ទេ​​? រៀងរាល់​យប់ គេង​​មិន​​សូវ​​​ស្កប់ ប្រែ​ខ្លួន​ចុះ​​ឡើង​ញឹកញាប់ ហើយ​ឧស្សាហ៍​ភ្ញាក់​ដឹង​ខ្លួន​នៅ​​​កណ្ដាល​អធ្រាត្រ ​​​ពិត​ជា​រឿង​រំខាន​ខ្លាំង​ណាស់​។ ដូច្នេះ​ដំបូង​អ្នក​​​ត្រូវ​ដឹង​ឫស​គល់​​​នៃ​​បញ្ហា​ឲ្យ​ច្បាស់ មុន​នឹង​ឈាន​ទៅ​រក​ដំណោះស្រាយ​។ ​ខាង​ក្រោម​នេះ​ជា​ហេតុផល​សាមញ្ញ​៥​យ៉ាង ដែល​អាច​ជា​តម្រុយ​ល្អៗ​សម្រាប់​អ្នក​ក្នុង​ការ​ពិចារណា​ជុំវិញ​បញ្ហា​នេះ​​៖​

រូបតំណាង

**១. ឥទ្ធិពល​នៃ​​ជាតិ​កាហ្វេអ៊ីន​**

ជា​ទូទៅ​ជាតិ​កាហ្វេអ៊ីន ជួយ​ឲ្យ​អ្នក​ស្វាង មិន​ងងុយ​គេង មាន​ប្រយោជន៍​សម្រាប់​ការ​ផ្ចង់​អារម្មណ៍​ធ្វើ​ការ​។ ប៉ុន្តែ​ការ​ផឹក​កាហ្វេ​នៅ​​ពេល​រសៀល ពិត​ជា​ជះ​ឥទ្ធិពល​ដល់​ដំណេក​របស់​អ្នក​នៅ​ពេល​យប់ ដូច្នេះ​អ្នក​គួរ​តែ​កែ​ទម្លាប់​ ព្យាយាម​បន្ថយ ឬ​កុំ​ផឹក​ក្រោយ​បាយ​ថ្ងៃ​ត្រង់​ដាច់​ខាត​។

រូបតំណាង

២. គ្រឿង​ស្រវឹង​

គ្រឿង​ស្រវឹង​អាច​​ឲ្យ​អ្នក​​គេង​លក់​ស្រួល​មួយ​សន្ទុះ​ ប៉ុន្តែ​អ្នក​ប្រហែល​ជា​ត្រូវ​ភ្ញាក់​ពាក់​កណ្ដាល​យប់ រួច​​​បញ្ឈរ​ភ្នែក​ទល់​ភ្លឺ​​។ ព្រឹក​ឡើង អ្នក​​ក៏​​​​ត្រូវ​ប្រឈម​ជា​មួយ​​អារម្មណ៍​អស់​កម្លាំង​ល្ហិតល្ហៃ​ទៀត​។​ ជំនួស​មក​វិញ អ្នក​គួរ​ជ្រើសរើស តែ​សុខភាព ឬ​ទឹកដោះ​គោ​ក្ដៅ​វិញ ទើប​ជា​រឿង​ប្រសើរ​។​

៣. កន្លែង​គេង​

មនុស្ស​ម្នាក់ៗ​ចំណាយ​ពេល​​ប្រហែល​មួយ​ភាគ​បី​ក្នុង​ជីវិត​សម្រាប់​​​ការ​គេង ដូច្នេះ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពូក​ ខ្នើយ ភួយ​ដែល​អ្នក​ប្រើប្រាស់​រាល់​យប់​។ អ្នក​ត្រូវ​ឧស្សាហ៍​ផ្លាស់ប្ដូរ​កម្រាល ឬ​ជ្រើសរើស​របស់​ល្អ ​ផ្ដល់​ផាសុកភាព​ខ្ពស់ ​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ទោះ​ជា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​បន្តិច​ក៏​ដោយ​​។​

៤. បរិយាកាស​ជុំវិញ​

ការ​រៀបចំ​បន្ទប់​គេង​ឲ្យ​ស្អាត សម​ជា​កន្លែង​គេង​ពិត​ជា​រឿង​ប្រពៃ​ណាស់​។ មួយ​វិញ​ទៀត អ្នក​ត្រូវ​ប្រាកដ​ថា​រាល់​យប់​ គ្មាន​សំឡេង ឬ​ពន្លឺ​រំខាន​ពេល​អ្នក​គេង​ឡើយ​។ កន្លែង​កាន់​តែ​ងងឹត ការ​គេង​កាន់​តែ​​​ស្កប់​ល្អ​ ដូច្នេះ​ទម្លាប់​បើក​ភ្លើង​​ពេល​រាត្រី​គួរ​តែ​ត្រូវ​​បាន​បញ្ឈប់​។​

រូបតំណាង

៥. វា​​អាច​ជា​​ជំងឺ​

ការ​គេង​មិន​លក់ ឧស្សាហ៍​ភ្ញាក់​ក៏​ជា​ជំងឺ​​ដែល​អ្នក​មិន​គួរ​មើល​រំលង​ដែរ​ ព្រោះ​​វា​​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​អ្នក​។ ជាក់ស្ដែង មនុស្ស​ដែល​គេង​មិន​គ្រប់គ្រាន់ សមិទ្ធផល​នៃ​ការ​សម្រេច​ការងារ​ក៏​​​ធ្លាក់​ចុះ​​ដូច​គ្នា​។ ហេតុនេះ​អ្នក​ត្រូវ​ប្រញាប់ រួសរាន់​ទៅ​ជួប​​គ្រូពេទ្យ​ដើម្បី​​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ទាន់​ពេល​វេលា ៕​

ប្រភព៖ popsugar ប្រែសម្រួល៖ អូន បញ្ញា