វេរ​លុយ​ឲ្យ​មិត្ត​ស្រី​អនឡាញ​១ម៉ឺន​៥​ពាន់​ដុល្លារ ដល់​ជួប​ខាង​ក្រៅ បុរស​ម្នាក់​ស្ដាយ​ក្រោយ​លែង​ទាន់

  • 2019-11-15 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជ្រុល​ដាក់​ចិត្ត​ស្រលាញ់​ស្រី​ស្រស់​ម្នាក់​តាម​រយៈ​បណ្ដាញ​អ៊ីនធឺណិត បុរស​ម្នាក់​បាន​ស្ម័គ្រ​ចិត្ត​ផ្ញើរ​លុយ​ឲ្យ​នាង​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​ទទួល​មក​វិញ​ត្រឹម​ការ​បោកប្រាស់។

អាច​និយាយ​បាន​ថា ស្រលាញ់​គ្នា​តាម​អនឡាញ​នៅ​សម័យ​នេះ​គឺ​ជា​ល្បែង​មួយ​ដ៏​ប្រថុយ​បំផុត ដ្បិត​បើ​ឈ្នះ អ្នក​នឹង​ទទួល​បាន​ស្នេហា​ដែល​ខ្លួន​កំពុង​ប៉ង​ចង់​បាន តែ​បើ​ចាញ់​វិញ មិន​ត្រឹម​តែ​បាត់​បង់​ភាព​ទុក​ចិត្ត​នោះ​ទេ ពេល​ខ្លះ​អាច​ឈាន​ដល់​បញ្ហា​ហិរញ្ញវត្ថុ​ក៏​មាន។

ជាក់​ស្ដែង បុរស​ម្នាក់​មក​ពី​ប្រទេស​ចិន កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ចែក​រំលែក​ពី​បទ​ពិសោធន៍​ដ៏​ជូរចត់​របស់​ខ្លួន​នៅ​ពេល​ស្រលាញ់​នារី​ម្នាក់​តាម​បណ្ដាញ​សង្គម។

តាម​នោះ​ដែរ នារី​ដែល​ជា​សង្សារ​ខាង​លើ ដែល​ទទួល​ស្គាល់​ខ្លួន​ឯង​ថា សម្រស់​បាន​ពិន្ទុ៨​លើ​១០​នោះ បាន​បង្ហោះ​សារ​ស្វែង​រក​មិត្ត​ប្រុស​ខ្លួន​ក្រោយ​ពេល​ថ្ងៃ​ណាត់​ជួប​លើក​ដំបូង​របស់​ខ្លួន ខាង​ប្រុស​មិន​បង្ហាញ​មុខ។ នៅ​ពេល​ឃើញ​សារ​នេះ ទស្សនិកជន​ជា​ច្រើន​បាន​លួងលោម​ស្រី​ស្អាត​នេះ​ថា ប្រហែល​មក​ពី​ខាង​ប្រុស​រវល់​បន្ទាន់​ទើប​មិន​បាន​មក ឬ​មាន​ធុរៈ​ជា​ដើម។ យ៉ាងណាក្ដី ក្រោយ​បាត់​មុខ​អស់​មួយ​ថ្ងៃ​គត់ ខាង​ប្រុស​បាន​ចេញ​មុខ លាត​ត្រដាង​ពី​ការ​ពិត​នៃ​មិត្ត​ស្រី​អនឡាញ​របស់​ខ្លួន។

ការ​ពិត​ទៅ នៅ​ថ្ងៃ​ណាត់​នោះ លោក​បាន​ឡើង​យន្តហោះ ហើយ​មក​ជួប​នាង​រួច​ទៅ​ហើយ ប៉ុន្តែ​នៅ​ពេល​កំពុង​ចាំ​សង្សារ​របស់​ខ្លួន លោក​ក៏​ឃើញ​នារី​មាន​រាង​ធាត់​ម្នាក់ ពាក់​ស្បែក​ជើង​ដែល​លោក​ទិញ​ឲ្យ កំពុង​ឈរ​ចាំ​មនុស្ស​ដូច​លោក​ដែរ។ ក្រោយ​ពេល​តាមដាន​មួយ​សន្ទុះ ​ទើប​លោក​ដឹង​ថា នាង​គឺ​ជា​សង្សារ​អនឡាញ​របស់​លោក។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ នាង​នៅ​ខាង​ក្រៅ និង​អនឡាញ​ប្រៀប​ដូច​មនុស្ស​២នាក់​ផ្សេង​គ្នា ដែល​ធ្វើ​ឲ្យ​លោក​ខក​ចិត្ត​មិន​ស្ទើរ។

លោក​ក៏​បាន​បន្ថែម​ថា ដោយ​សារ​តែ​ស្រលាញ់​នាង លោក​បាន​ផ្ញើរ​លុយ​​ឲ្យ​នាង​ជា​ញឹកញាប់ ដោយ​សរុប​គឺ​ប្រមាណ​១​ម៉ឺន​៥​ពាន់​ដុល្លារ​ហើយ។ ដើម​ឡើយ លោក​ក៏​មិន​ចង់​ហែក​ហួង​រឿង​ខ្លួន​ឯង​ឲ្យ​គេ​ដឹង​ដែរ តែ​ដោយ​សារ​តែ​ខ្លាច​អ្នក​ក្រោយ ត្រូវ​បោក​ដូច​ខ្លួន​ទៀត ទើប​លោក​កាត់​កេរ្តិ៍​កាត់​ខ្មាស​រឿង​ខ្លួន​អស់​លុយ​ជា​ច្រើន លើ​មនុស្ស​ស្រី​ម្នាក់​ដែល​ពូកែ​កាត់​ត​រូប​ទៅ​វិញ។ លោក​សង្ឃឹម​ថា អ្នក​ដទៃ​នឹង​មិន​ឆោត​ដូច​ជា​លោក​ទៀត​ទេ៕

ចុចអាន៖ ​ ខ្សែ​សាក​ទូរសព្ទ​ខូចយក​ស្កុត​​មក​រុំ នារី​១៧ឆ្នាំ​ម្នាក់​ត្រូវ​ភ្លើង​ឆក់​ស្លាប់​នៅ​នឹង​កន្លែង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម