ប្លែកមែន! សិស្សនៅឥណ្ឌាត្រូវយកប្រអប់គ្របក្បាល ដើម្បីកុំឲ្យលួចមើលគ្នាបានពេលប្រឡង
- 2019-10-21 09:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកមែន! សិស្សនៅឥណ្ឌាត្រូវយកប្រអប់គ្របក្បាល ដើម្បីកុំឲ្យលួចមើលគ្នាបានពេលប្រឡង
សាលារៀនត្រៀមចូលមហាវិទ្យាល័យមួយ មានឈ្មោះថា The Bhagat ដែលស្ថិតនៅក្នុងរដ្ឋ Karnataka ប្រទេសឥណ្ឌា បានអនុម័តច្បាប់ប្រឡងថ្មី ក្រោមការគ្រប់គ្រងរបស់លោក M.B. Sateesh។
រូបថតប៉ុន្មានសន្លឹកដែលបង្ហាញពីទិដ្ឋភាពសិស្សក្នុងអំឡុងពេលប្រឡង បានថតដោយបុគ្គលិកធ្វើការនៅសាលារៀនម្នាក់ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសបុក។ តាមរយៈរូបភាពទាំងនោះដែរ សង្កេតឃើញថា សិស្សកំពុងប្រឡង បានពាក់ប្រអប់ ដែលអាចមើលឃើញតែតុនិងក្រដាសប្រឡងប៉ុណ្ណោះ។
កាលពីពេលកន្លងទៅ ក៏មានមនុស្សជាច្រើននៅក្នុងបណ្តាញសង្គម រួមទាំងរដ្ឋមន្ត្រីនៃក្រសួងអប់រំ Suresh Kumar បានបញ្ចេញមតិរិះគន់ទៅលើការអនុវត្តច្បាប់មួយនេះ ដោយលើកឡើងថា មើលទៅហាក់ដូចជាហួសហេតុពេកហើយ មិនគួរណាធ្វើដាក់សិស្សដូចជាសត្វអីចឹងទេ។
យ៉ាងណាមិញ ខាងសាលារៀនបានធ្វើការសរសេរពន្យល់បកស្រាយ ជាមួយនឹងការសុំទោស។ លោក Sateesh ក៏បានបញ្ជាក់ទៀតថា តាមពិតច្បាប់នេះ អនុវត្តទៅបានលុះត្រាតែមានការអនុញ្ញាតពីឪពុកម្តាយដែរ។ ជាក់ស្តែង ក្នុងចំណោមសិស្ស ៧២នាក់ ដែលត្រូវប្រឡង មាន ៥៦នាក់ប៉ុណ្ណោះដែលជ្រើសយកជម្រើសមួយនេះ។
សិស្សទាំងនោះទៀតសោត ត្រូវយកប្រអប់ក្រដាសពីផ្ទះដោយខ្លួនឯង ហើយពួកគេអាចដោះចេញចាប់ពី ១៥-៣០នាទី ម្តង ក្នុងអំឡុងពេលប្រឡង។
ដោយសារតែកាលពីឆ្នាំមុន មានសិស្សជាច្រើនបានលួចមើលគ្នា ដូច្នេះហើយទើបសាលារៀនសម្រេចចិត្តរឹតបន្តឹងច្បាប់ឲ្យបានល្អប្រសើរ ដើម្បីឲ្យសិស្សទទួលបានចំណេះដឹងពិតប្រាកដ និងអាចចូលរួមចំណែកក្នុងការជួយអភិវឌ្ឍប្រទេសជាតិផងដែរ៕
ចុចអានបន្ត៖ ប្រពៃណី ១១ ប្លែកខុសគេរបស់ប្រទេសទាំងនេះធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល