ចាស់ទុំមែនទែនគឺនៅពេលដែល គ្រប់ទុក្ខសោកលែងបង្ហាញចេញក្រៅ តែលាក់ក្នុងចិត្ត
- 2019-10-09 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាស់ទុំមែនទែនគឺនៅពេលដែល គ្រប់ទុក្ខសោកលែងបង្ហាញចេញក្រៅ តែលាក់ក្នុងចិត្ត
ពេលនៅក្មេង យើងអាចលះបង់អ្វីច្រើន ដើម្បីរត់តាមមនុស្សម្នាក់ដែលលែងស្រលាញ់យើង។ ហើយដើម្បីបំភ្លេចមនុស្សដដែលនោះ យើងជ្រមុជខ្លួនចូលការងាររាប់ពាន់រឿង ដើម្បីរំសាយចិត្តនឹក ដើម្បីរំសាយអារម្មណ៍ឯកា។ តែពេលវេលាកន្លងផុតទៅ ទើបយើងដឹងថាភាពឯកាគឺជាសន្តិភាពមួយដែលមិនមែនអ្នកណាចង់បានក៏មាននោះទេ។
យុវវ័យបច្ចុប្បន្នតែងយល់ថាមានការលំបាក នៅពេលវិវដ្ដពីវ័យរបស់ខ្លួនទៅមនុស្សពេញវ័យ។ ព្រោះមនុស្សពេញវ័យ អ្នកណាក៏ចង់ក្លាយដែរ តែនៅពេលដែលជិតឈានដល់មែនទែន ពួកគេបែរជាហ៊ានឈានមួយជំហានទៀត។ ព្រោះក្រៅពីសំបកក្រៅដែលមើលទៅដូចជាទាក់ភ្នែកនោះ គឺបង្កប់ទៅដោយវិបត្តិច្រើនដែលមើលមិនឃើញ។
ជីវិតគឺពោរពេញទៅដោយភាពស្មុគស្មាញ និងក្ដីព្រួយបារម្ភជាច្រើន ដូចនេះក្នុងខ្លួនយើងក៏ផ្ទុកទៅដោយទុក្ខមិនតិចឡើយ។ មានថ្ងៃខ្លះ នៅពេលត្រលប់មកដល់ផ្ទះវិញ នៅក្នុងខ្លួនហាក់ដូចលែងមានព្រលឹងទៀត ព្រោះរឿងដែលកើតឡើងពីព្រឹកដល់យប់ឥតល្ហែ។ ប៉ុន្តែនៅពេលដែលប្រទះឃើញកែវភ្នែកពោរពេញដោយភាពភ័យព្រួយរបស់ម៉ាក់ ក៏ប្រញាប់ប្រញាល់បិទបាំងរាល់បញ្ហាទាំងឡាយដោយស្នាមញញឹមបង្ខំចិត្តមួយ ដើម្បីកុំឲ្យអម្រែកលើស្មាម៉ាក់ធ្ងន់ជាងនេះមួយកម្រិតទៀត។
ខ្ញុំម៉េចនឹងហ៊ានយករឿងតូចតាចរបស់ខ្លួន ដើម្បីមកបន្ថែមស្នាមជ្រួញលើថ្ងាសមួយទៀតនោះ មានតែចូលដល់បន្ទប់ខ្លួនឯង ទើបស្នាមញញឹមបង្ខំចិត្តនោះរលត់ទៅវិញ។ ចាស់ទុំមែនទែន គឺនៅពេលដែលឈ្មោះទំនាក់ទំនងក្នុងទូរសព្ទរបស់ពួកយើងមានឈ្មោះច្រើនរាប់មិនអស់ តែដល់ពេលត្រូវការមនុស្សដើម្បីចែករំលែក ឆែករកកន្លះថ្ងៃ ក៏រកម្នាក់មិនឃើញផង។ មិនមែនមកពីមិនស្និទ្ធស្នាល ទើបមិនហ៊ានបើកចិត្តឡើយ តែមកពីដឹងថាស្ថានភាពរបស់ពួកគេនៅពេលនេះ ក៏មិនប្រសើរជាងយើងប៉ុន្មាន ទើបសម្ងំលេបទុក្ខចូលក្នុងវិញ ទាំងស្ទើរស្ទះទ្រូងម្ដងៗ។
អម្រែកគ្រួសារដូចជា ប៉ាម៉ាក់កាន់តែចាស់ ប្អូនៗកាន់តែធំៗ ឥវ៉ាន់ប្រើប្រាស់កាន់តែថ្លៃ ធ្វើឲ្យការជួបជុំមិត្តភ័ក្ដិដូចកាលពីមុន ប្រែទៅដូចជាការស្រមៃមួយ ដែលមិនដឹងថាពេលណាទើបស្រមៃឃើញទៀត។ ដឹងក្ដីហើយ ក៏លែងមានការស្រែកយំដូចពីតូចទៀត មួយដោយសារតែចេះទប់អារម្មណ៍ជាងមុន ហើយមួយទៀតនោះគឺ បើយំហើយបានអ្នកណាលួង? ហើយបើគ្រាន់តែទើបប៉ុណ្ណឹងសោះក៏ស្រក់ទឹកភ្នែកទៅហើយ តទៅថ្ងៃមុខ នឹងទៅជាបែបណា? ដូចនេះមានតែលាក់ចូលទៅក្នុង ហើយធ្វើដូចគ្មានអ្វីកើតឡើង បន្តដំណើរទៅមុខទៀត៕
ចុចអាន៖ គួរមោទកភាពដែលកើតជាស្រី ព្រោះទាំងនេះសុទ្ធជាឯកសិទ្ធិដែលមានតែស្រីៗមាន