អ្នកម៉ាក់វៃឆ្លាតគួរចេះពីវិធីបង្រៀនកូនឲ្យក្លាហានមានទំនុកចិត្ត ជោគជ័យទៅថ្ងៃមុខ

  • 2019-10-08 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ជួយ​បង្រៀន​ឲ្យ​កូន​មាន​ភាព​ក្លាហាន មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង រួម​ទាំង​គំនិត​វិជ្ជមាន​ គឺ​ជា​កាដូ​ដ៏​​មាន​តម្លៃ ដែល​ឪពុក​ម្តាយ​គ្រប់​រូប គួរ​ផ្តល់​ទៅ​ឲ្យ​​ពួក​គេ។ ដោយ​សារ​ពេល​បច្ចុប្បន្ន​នេះ​ ទាំង​មនុស្ស​វ័យ​ក្មេង​និង​វ័យ​ជំទង់ កំពុង​តែ​ធំ​លូត​លាស់​ដឹង​ក្តី​ឡើង ក្នុង​ពិភព​ប្រកួត​ប្រជែង​និង​ប្រៀប​ធៀប​គ្នា ដូច្នេះ​ហើយ​ ការ​ជួយ​តម្រែតម្រង់ លើក​ទឹក​ចិត្ត​កូន​តាំង​​ពី​តូច​ ជា​វិធីសាស្រ្ត​ល្អ​បំផុត ដើម្បី​ឲ្យ​ពួក​គេ​​បន្ត​ការ​​ជឿជាក់ ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ និង​មាន​សុភមង្គល​នា​ពេល​អនាគត។

បង្រៀន​ឲ្យ​កូន​ចេះ​សម្រេច​ចិត្ត​៖ នៅ​ក្នុង​ន័យ​នេះ​ ចង់​សំដៅ​ដល់​​ការ​សម្រេច​ចិត្ត​ទៅ​លើ​ជម្រើស​ដែល​អ្នក​បាន​រៀប​ចំ​ទុក​ ដើម្បី​ឲ្យ​កូន​យល់​ថា​ពួកគេ​ក៏​​មាន​សិទ្ធ​អំណាច​ផ្ទាល់​ខ្លួន​មួយ​ដែរ​។ ឧទាហរណ៍៖ ​អ្នក​អាច​​ឲ្យ​កូន​​ជ្រើស​រើស​អាហារ​ណាមួយ​ដែល​ពួក​គេ​ចូលចិត្ត​បំផុត​ ក្នុង​ចំណោម​អាហារ​ពីរ​មុខ​​ដែល​អ្នក​បាន​ចាត់ចែង​ទុក។ ការ​រៀន​សម្រេច​ចិត្ត​លើ​រឿង​ងាយ​ៗ​នៅ​​​ពី​ក្មេង អាច​​ធ្វើ​ឲ្យ​គេ​ចេះ​សម្រេច​ចិត្ត​លើ​កិច្ចការ​លំបាក​ពេល​ធំ​ឡើង។

កុំ​ព្យាយាម​ជួយ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​កូន៖ អ្នក​ត្រូវ​មាន​ភាព​អត់ធ្មត់ និង​រង់​ចាំ​មើល​លទ្ធផល​ដែល​កូន​អាច​ធ្វើ​បាន​។ ឧទាហរណ៍​​ដូច​ជា​ការបណ្តោយ​​ឲ្យ​កូន​ស្លៀក​ពាក់​ដោយ​ខ្លួន​ឯង ថ្វី​ត្បិត​តែ​វា​អាច​នឹង​យឺត​យ៉ាវ​ឬ​មាន​ចំណុច​​ខ្វះ​ខាត ប៉ុន្តែ​វា​ជា​ឱកាស​ ដើម្បី​ឲ្យ​កូន​រៀន​នូវ​​អ្វី​ថ្មីៗ ដែល​គេ​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក។ ឆ្លង​កាត់​​រឿង​រ៉ាវ​ថ្មី​ៗ​កាន់​តែ​ច្រើន កូន​កាន់​តែ​ហ៊ាន​ក្នុង​ការ​ប្រកួត​ប្រជែង​និង​មាន​ទំនុក​ចិត្ត​ខ្ពស់​។

ត្រូវ​ប្រាប់​ដល់​កូន​ថា គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ឡើយ៖ ការ​និយាយ​ពន្យល់​របស់​អ្នក អាច​ជួយ​ឲ្យ​កូន​មាន​​ក្លាហាន​ មិន​ភ័យ​ខ្លាច​ក្នុង​ការ​ប្រឈម​ជាមួយ​បញ្ហា​ ព្រោះ​អ្នក​មិន​បាន​ស្តី​បន្ទោស​បំបាក់​ទឹក​ចិត្ត ពេល​ដែល​កូន​មាន​កំហុស​ ប៉ុន្តែ​ជំនួស​មក​វិញ​ដោយ​ការ​អប់រំ​ណែនាំ។

​​កុំ​ចូលចិត្ត​សរសើរ​បញ្ចោរ​​​កូន​ហួស​ហេតុ​៖ ក្មេងៗ​ពិត​ជា​ងប់ងុល​នឹង​ពាក្យ​សរសើរ​បញ្ចោរ​ខ្លាំង​ណាស់ វា​អាច​បណ្តាល​ឲ្យ​ពួក​គេ​មាន​មោទកភាព​​ ក្រអឺតក្រទម​ហួស​ដែន​កំណត់​។ អ្នក​អាច​និយាយ​សរសើរ​ នៅ​ពេល​កូន​ធ្វើ​បាន​ល្អ ប៉ុន្តែ​​កុំ​ព្យាយាម​​បញ្ចោរ​រហូត​​ដល់​​កូន​យល់​ថា​ខ្លួន​ឯង​​ល្អ​ដាច់​គេ គ្មាន​នរណា​ប្រៀប​បាន​។

​​​ចាត់​ចែង​ការងារ​ផ្ទះ​ដែល​សម​ស្រប​នឹង​អាយុ​របស់​កូន​៖ គួរ​បង្រៀន​ឲ្យ​កូន​មាន​ទំនួល​ខុស​ត្រូវ​លើ​កិច្ចការ​ណា​ដែល​គេ​អាច​ធ្វើ​បាន ដូច​ជា​បត់​សម្លៀក​បំពាក់ ដាក់​របស់​លេង​ឲ្យ​​មាន​របៀប​ ឬ​បណ្តើរ​ឆ្កែ​លេង​ជា​ដើម។

កុំ​ប្រៀប​ធៀប​កូន​​ទៅ​នឹង​ក្មេង​ដទៃ៖ ​អ្នក​គួរ​តែ​​ឲ្យ​​គោរព​ឲ្យ​តម្លៃ​នូវ​អ្វី​ដែល​កូន​មាន ព្រោះ​មនុស្ស​ម្នាក់​ៗ​កើត​មក​មាន​សមត្ថភាព​ខុសៗ​គ្នា​។

កុំ​ប្រើ​​ពាក្យ​មិន​សមរម្យ​ដាក់​កូន​៖ ទោះ​បី​ជា​ពេល​អ្នក​ខឹង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ ដាច់​ខាត​ ត្រូវ​ចេះ​ទប់​​​អារម្មណ៍​ កុំ​ប្រើ​ពាក្យ​អសុរោះ​និង​ហិង្សា​ដាក់​កូន ព្រោះ​វា​គ្មាន​បាន​អ្វី​មក​វិញ ក្រៅ​ពី​ផ្ដល់​គំរូ​អាក្រក់​ដល់​កូន​នោះ​ឡើយ​។ កូន​នៅ​ក្មេង​សេចក្ដី តែង​ត្រូវ​ការ​ ការ​ពន្យល់​ចង្អុល​បង្ហាញ​​ដោយ​ហេតុ​ផល​ត្រឹម​ត្រូវ ដើម្បី​កែប្រែ​ឲ្យ​ប្រសើរ​ឡើង៕

​​​​​​ចុចអានបន្ត៖ ៩ ចំណុចបង្ហាញប្រាប់ថាម៉ាក់ជាមិត្ដដ៏សែនល្អលើលោកគ្មានអ្វីប្រៀបផ្ទឹមបាន

ប្រភព៖ parents ប្រែ​សម្រួល៖ ដេត ឈុនអ៉ី