តំបន់ទេសចរណ៍បែបស្រុកស្រែនៅកូរ៉េ ស្អាតប្លែកតែមិនសូវមានអ្នកស្គាល់

  • 2019-09-20 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នៅ​ពេល​និយាយ​ពី​ប្រទេស​កូ​រ៉េ មនុស្ស​ជា​ច្រើន​នឹង​គិត​ដល់​​ទី​ក្រុង​ដ៏​ស៊ី​វីល័យ​របស់​ប្រទេស​នេះ ​រួម​ទាំង​ការ​ធ្វើ​ជំនួញ​ក្នុង​ស្រុក ​ ​ការ​ទិញ​ឥ​វ៉ាន់​គ្រប់​មុខ​ និង​ការ​ជួប​ជុំ​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ។

ប៉ុន្តែ​ក្រៅ​ពី​​ភាព​ឆើត​ឆាយ​នេះ មាន​តំបន់​ទេសចរណ៍​ច្រើន​ទៀត​បែប​ស្រុក​ស្រែ​ចម្ការ​​លាក់​ខ្លួន​ពី​ក្រុង​សេអ៊ូល ដែល​អ្នក​គួរ​តែ​ទៅ​លេង​​កម្សាន្ត​ម្ដង។ ​បើ​អ្នក​ចាប់​អារម្មណ៍​ចង់​ទទួល​បទ​ពិសោធន៍​ដើរ​លេង​នៅ​កន្លែង​ស្រស់​ស្អាត​​ដែល​មិន​សូវ​មាន​អ្នក​​ស្គាល់ ​ថ្ងៃ​នេះ​កញ្ញា សូម​ចែក​រំ​លែក​តំបន់​​ទាំង​នេះ​​ខាង​ក្រោម​៖​

១. Tung Ton Kok ​នៅ Suncheon Bay

​ស្ថិត​ក្នុង​ទី​ក្រុង Suncheon ​ក្នុង​ខេត្ត Jeollanamdo ​ជា​កន្លែង​ដែល​មាន​វាលស្រែ​ធំ​ជាង​គេ​នៅ​ប្រទេស​កូ​រ៉េ។ ទី​នេះ​មាន​លក្ខណៈ​អំណោយ​ផល​ដែល​មាន​ធម្មជាតិ​ចម្រុះ​ច្រើន​ក្រៃ​លែង ទាំង​អាកាស​ធាតុ​ក៏​បែប​រ៉ូ​មែន​ទិក សូម្បី​គូ​ស្នេហ៍​​ជា​ច្រើន​ក៏​មក​ថត Pre​​ -wedding ​ទី​នេះ​ដែរ។ ​មួយ​វិញ​ទៀត ក៏​​​សម្បូរ​ទាំង​សត្វ​បក្សី ​ក្តាម ​ត្រី ​ខ្យង​ យ៉ាង​រហង់​តែ​ម្ដង។ បើ​អ្នក​ចាប់​អារម្មណ៍​មក​លេង​ទី​នេះ អាច​ធ្វើ​ដំណើរ​ចេញ​ពី​ស្ថានីយ៍ Seoul's Central ដោយ​ចំណាយ​ពេល​ប្រហែល ​៤ -​៥ ​ម៉ោង​។ ​ខែ​ដែល​​ទេសភាព​ស្អាត​នៅ​ទី​នេះ ​ចាប់​ពី​ខែ​កក្កដា ​ដល់​ខែ​វិច្ឆិកា ។

២. Dream Forest

​​​​​សួន​ឧទ្យាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៤​នៅ​ភាគ​ខាង​ត្បូង​​ទី​ក្រុង​សេអ៊ូល​នេះ ​បាន​បើក​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០០៩ ​និង​បាន​ដាក់​ឈ្មោះ​ជា​ផ្លូវ​ការ​ថា ​”Forest of Dreams of North Seoul​”​។ ​សួន​នេះ​មាន​ទី​ធ្លា​លេង​កម្សាន្ត​ធំ​ទូ​លាយ ​មាន​ស្រះ​ កន្លែង​បាញ់​ទឹក​ផង​ដែរ។ ​លើស​ពី​នេះ ក៏​មាន​អគារ​ខ្ពស់​អាច​មើល​ឃើញ​ទេសភាព​បាន​ឆ្ងាយ​ស្ទើរ​មួយ​ចំហៀង​នៃ​ភាគ​ខាង​ជើង​ទី​ក្រុង​សេ​អ៊ូល​ថែម​ទៀត។

៣. Seoul Forest

​សួន​កម្សាន្ត​​​នេះ​បាន​លាក់​ខ្លួន​យូរ​ណាស់​មក​ហើយ ​នៅ​ពេល​ស្តេច​ព្រះ​នាម ​ Joseon Dynasty ​បាន​យក​​ជា​ទី​​កន្លែង​ត្រូត​ពិនិត្យ​​អាវុធ​យោ​ធា ​និង​ការ​ប្រមូល​ម្ដុំ​កង​ទ័ព។ ក្រោយ​មក​សួន​នេះ​ក៏​ប្ដូរ​មក​ជា​សួន​សាធារណៈ​​ ដែល​បើក​ឲ្យ​កម្សាន្ត​វិញ​​កាល​ពី​ឆ្នាំ​២០០៥។ ភាព​ទាក់​ទាញ​​គឺ​មាន​ដើម​ឈើ​ស្រស់​ស្អាត​ជា​ច្រើន ​​ដែល​អំណោយ​ផល​សម្រាប់​ថត​រូប​លេង។ ម្យ៉ាង​ទៀត ​អ្នក​អាច​ជួល​កង់​ជិះ​លេង​ជុំ​វិញ​សួន ​ឬ​ចុះ​ទៅ​លេង​តាម​ដង​ផ្លូវ​ឆ្ពោះ​ទៅ​ទន្លេ​ហាន ​ដើម្បី​​គយ​គន់​ទេសភាព​យ៉ាង​ពិសេស។

៤. Korean Folk Village

ភូមិ​វប្បធម៌​នេះ​ មាន​ទី​តាំង​នៅ​ជាយ​ក្រុង​ឆ្ងាយ​ពី​សេអ៊ូល ដោយ​ចំណាយ​ពេល​ប្រហែល​១ម៉ោង។ ភាព​ទាក់​ទាញ ​គឺ​ភូមិ​នេះ​ប្រមូល​ម្ដុំ​​ច្រើន​ជាង​២៦០​ផ្ទះ​​ជាប់ៗ​គ្នា បង្កើត​​ជា​ផ្ទាំង​ទេសភាព​មួយ​កម្រ។​​ ​​ទី​នេះ​ហ៊ុំ​ព័ទ្ធ​ដោយ​ភ្នំ ​ធម្មជាតិ​បៃ​តង និង​ប្រឡាយ​​ទឹក ​ដែល​​បង្ហាញ​ពី​ជីវិត​រស់​នៅ​​យ៉ាង​សម្បូរ​បែប​។ បើ​អ្នក​ចាប់​អារម្មណ៍​ចង់​សិក្សា​និង​ស្វែង​យល់​ពី​តំបន់​ភូមិ​សាស្ត្រ​ទី​នេះ ​គួរ​តែ​សម្រាក​​ឲ្យ​បាន​មួយ​យប់ ព្រោះ​មាន​កន្លែង​ច្រើន​ទៀត​ដែល​អាច​ដើរ​កម្សាន្ត​បាន​។ អ្នក​អាច​ធ្វើ​ដំណើរ​​មក​លេង​ទី​នេះ​ដោយ​ជិះ​រថ​ភ្លើង​ឆ្ពោះ​ទៅ ​Suwon ​រួច​បន្ត​ជិះ​ឡាន​ក្រុង​ប្រហែល​៣០​នាទី​។

ចុចអាន៖ ​​ បឹងទឹកសាបក្បែរជើងភ្នំទេសភាពស្អាតស្រស់នៅបន្ទាយស្រី ចង់ទៅលេងភ្លាមៗ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម