បើ​មាន​សញ្ញា​ទាំង​នេះ អ្នក​គឺ​ជា​មនុស្ស​ស្រី​រឹង​មាំ​ពិត​ប្រាកដ​មែន

  • 2019-09-15 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទន់ខ្សោយ​អស់​ពាក់​កណ្ដាល​ជីវិត​ទៅ​ហើយ ក៏​ដល់​ពេល​មនុស្ស​ស្រី​ត្រូវ​ក្រោក​ឈរ​ហើយ​រៀន​រឹង​មាំ​លើ​ជើង​ទាំង​ទ្វេ​របស់​យើង​ហើយ។ ដើម្បី​ក្លាយ​ជា​ស្ត្រី​រឹង​មាំ​ម្នាក់ ក្រៅ​ពី​ខាង​ក្រៅ​ត្រូវ​សភាព​រឹងប៉ឹង​ហើយ​នោះ នៅ​ក្នុង​ចិត្ត​ក៏​ត្រូវ​តាំង​ចិត្ត​ឲ្យ​មុត​មាំ​ដូច​គ្នា​ទើប​អាច​សម្រេច​ការងារ​ធំ​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា អ្នក​ពិត​ជា​អាច​យោង​ខ្លួន​អាច​បាន​រួច​ហើយ។

១. មនុស្ស​រឹង​មាំ​មិន​យក​គេ​ធ្វើ​ជា​គំរូ

មនុស្ស​នីមួយ​ៗ​សុទ្ធ​តែមាន​គោលដៅ និង​វិថី​ដែល​ត្រូវ​ដើរ​រៀង​ៗ​ខ្លួន គ្មាន​ផ្លូវ​មួយ​ណា ឬ​គោលដៅ​មួយ​ណា​ដែល​ត្រូវ​ ឬ​ខុស​ឡើយ។ គោលដៅ​របស់​បុគ្គ​លជោគជ័យ​មួយ​ចំនួន​ក៏​ប្រហែល​ជា​មិន​ស័ក្ដិសម​នឹង​អ្នក។ អ្នក​ដែល​រឹង​មាំ គេ​ដឹង​ពី​ចំណុច​ខ្លាំង និង​ខ្សោយ​របស់​ខ្លួន​ច្បាស់​ណាស់ ដូច​នេះ​ទោះ​បី​ជា​ឃើញ​អ្នក​ខ្លះ​ជោគជ័យ​លឿន​យ៉ាង​ម៉េច​ក៏​ដោយ ក៏​គេ​នឹង​រក្សា​ជំហរ​របស់​ខ្លួន​ច្បាស់​ជា​និច្ច។

២. មិន​ប្រៀបធៀប​ខ្លួន​ឯ​ង​នឹង​អ្នកដទៃ

ការ​ដែល​យក​ខ្លួន​ទៅ​ប្រៀបធៀប​នឹង​អ្នក​ដទៃ​គឺ​គ្មាន​បាន​ការ​អ្វី​ទាំង​អស់ ក្រៅ​ពី​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​បាក់​ទឹក​ចិត្ត។ កាល​ពីតូច​យើង​តែង​តែ​មិន​ចូល​ចិត្ត​ពេល​ប៉ាម៉ាក់​និយាយ​ពាក្យ​ថា៖ មើល​កូន​គេ​ទៅ។ ពេល​ធំ​ឡើង​ក៏​ដូច​គ្នា បើ​យើង​រឹងប៉ឹង​ហើយ គឺ​ដើរ​លើ​ផ្លូវ​របស់​យើង ផ្លូវ​គេ​ជា​រឿង​របស់​គេ គ្មាន​ពាក់ព័ន្ធ​គ្នា​ឡើយ។

៣. ជោគជ័យ​តូច​ក៏​ជា​ជោគជ័យ

មនុស្ស​គ្រប់​គ្នាអាច​បែរ​ខ្នង​នឹង​យើង អាច​ជាន់​ទម្លាក់​យើង អាច​មើល​ងាយ​សមិទ្ធិផល​ដែល​យើង​សាង​បាន តែ​អ្នក​ត្រូវ​ចាំ​ថា ដរាប​ណា​ដែល​យើង​នៅ​ជឿ​លើ​ខ្លួន​ឯង គឺ​យើង​មិន​ដួល​ឡើយ។ សម្រាប់​គេ ផ្ទះ ឬ​ឡាន ទើប​គេ​ចាត់​ទុក​ថា​ជា​សមិទ្ធិផល​នោះ តែ​ចំពោះ​យើងទូរសព្ទ ឬ​ម៉ូតូ​ក៏​អាច​ជា​សមិទ្ធិផល​ដូច​គ្នា ព្រោះ​វា​ជា​អ្វី​ដែល​ត្រូវ​ចំណាយ​ញើស​ឈាម​ទើប​អាចរក​បាន។ ដូច​នេះ​យើង​មាន​សិទ្ធ​មាន​មោទកភាព​ចំពោះ​អ្វី​ដែល​យើង​រក​បាន។

៤. បរាជ័យ​មិន​ធ្វើឲ្យ​អ្នក​រាថយ

សម្រាប់​មនុស្ស​មួយ​ចំនួន បរាជ័យ​មួយ​ដង អាច​ធ្វើ​ឲ្យ​ពួក​គេ​រារែក​ក្នុង​ការ​ឈាន​ទៅ​មុខ​បន្ត​ទៀត ព្រោះ​គេ​ខ្លាច​ជាន់​លើ​ដាន​ដដែរ។ តែ​បើ​អ្នក​រឹង​មាំ អ្នក​មិន​ខ្លាច​ឈាន​ទៅ​មុខ​ទៀត​ឡើយ ព្រោះ​អ្នក​ដឹង​ច្បាស់​ថា បើ​អ្នក​នៅ​មួយ​កន្លែង អ្នក​នឹង​មិនជោគជ័យ​ជា​ដាច់​ខាត។ អ្នក​នឹង​សន្សំ​បទពិសោធន៍ ហើយ​នឹង​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច ទោះ​ដឹង​ថា​ថ្ងៃ​ខែ​ខាង​មុខ​នឹង​ជួប​ព្យុះភ្លៀង​ក៏​ដោយ៕

ចុចអាន៖ ​​ ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​នារីដ៏​មាន​ឥទ្ធិពល​ម្នាក់​ គួរ​តែ​មាន​នូវ​ចំណុច​ទាំង​នេះ!

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម