ពីក្រោយជោគជ័យអ្នកណាក៏ធ្លាប់ឆ្លងកាត់លំបាកដែរ កុំឃើញគេសើចហើយគិតថាខ្លួនឯងជួបតែទុក្ខ

  • 2019-09-12 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​តែង​តែ​មាន​ចំណុច​ដែល​មិន​ពេញ​ចិត្ត​ខ្លួន​ឯង តែង​តែ​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​មនុស្ស​ដទៃ មិន​ដែល​គ្រប់​គ្រាន់​ជាមួយ​ខ្លួន​ឯង​ឡើយ។ ដោយ​មាន​ពេល​ខ្លះ ស្ទើរ​តែ​បោះ​បង់​ខ្លួន​ឯង​ពេល​បាក់​ទឹក​ចិត្ត​ម្តង​ៗ​ទៀត​ផង ព្រោះ​យើង​បាន​បំភ្លេច​គ្រប់​យ៉ាង​ដែល​យើង​ខំ​តស៊ូ​មក គ្រប់​យ៉ាង​ដែល​បាន​ព្យាយាម ដើម្បី​បាន​ថ្ងៃ​នេះ។

ក្រឡេក​មើល​ទៅ​ក្រោយ​បន្តិច​វិញ អ្នក​ខ្លះ​បាត់​បង់​ច្រើន​ជាង​យើង លះ​បង់​ជាង​យើង ចំណាយ​ពេល​ច្រើន​ជាង​យើង ខិត​ខំ​ច្រើន​ជាង​យើង ប៉ុន្តែ​អ្នក​មាន​ទៅ​សួរ​គេ​ដែរ​ទេ ថា​តើ​គេ​ជោគជ័យ​គ្រប់​សព្វ​ដែរ​ទេ? ចម្លើយ​គឺ មិន​ប្រាកដ​ទេ គ្រប់​យ៉ាង​យើង​មិន​អាច​ទាយ​ទុក​នោះ​ទេ ប៉ុន្តែ​ពួក​គេ​នៅ​តែ​តស៊ូ​ធ្វើ​ទោះ​បី​ជា​មិន​អាច​សម​បំណង​ទាំង​ស្រុង​ក៏​ដោយ។ មាន​មនុស្ស​ជា​ច្រើន​ដែល​ស្រលាញ់​យើង ចង់​បាន​ជីវិត​ដូច​យើង ទោះ​បី​ជា​ពួក​គេ​មិន​បាន​ដឹង​ថា ជីវិត​យើង​បាន​ឆ្លង​កាត់​អ្វី​ខ្លះ​ក៏​ដោយ ពួក​គេ​ដឹង​ត្រឹម​ជោគជ័យ​ដែល​យើង​មាន​ប៉ុណ្ណោះ ប៉ុន្តែ​សួរ​ថា​យើង​ជា​ម្ចាស់​ខ្លួន​រាល់​ថ្ងៃ​នេះ ស្រលាញ់​ខ្លួន​ឯង​គ្រប់​គ្រាន់​ហើយ​ឬ​នៅ?

ជា​រឿង​ធម្មតា​ទៅ​ហើយ ដែល​មនុស្ស​ច្រើន​តែ​ទាម​ទារ​ចង់​បាន​លទ្ធផល​ដែល ឥត​ខ្ចោះ ប៉ុន្តែ​ពេល​រឿង​ទាំង​នោះ​មិន​ល្អ​ដូច​រំពឹង​ទុក ពួក​គេ​ក៏​ចង់​បោះ​បង់​គ្រប់​យ៉ាង ពេល​ខ្លះ​ក៏​បោះ​បង់​សូម្បី​ជីវិត។ បែប​ណា​ក៏​ដោយ ជីវិត​មនុស្ស​មាន​តម្លៃ​ណាស់ ទុក្ខ​សោក​មិន​នៅ​ជាមួយ​យើង​រហូត​ទេ ចំពោះ​រឿង​ខ្លះ បើ​អាច​ប្រលែង​បាន ក៏​រៀន​ប្រលែង​ដៃ​ខ្លះ​ទៅ ជីវិត​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ សុខ​ទុក្ខ​ក៏​មិន​ដូច​គ្នា​ដែរ បើ​អ្នក​ពេញ​ចិត្ត​នឹង​ធ្វើអ្វី ក៏​តាំង​ចិត្ត​ធ្វើ​វា​ចុះ វា​ជា​ក្តី​ស្រមៃ​យើង មិន​គួរ​ទម្លាក់​គ្រប់​យ៉ាង​ដោយ​សារ​តែ​ឧបសគ្គ​ខ្លះ​នោះ​ទេ៕

​ចុចអាន៖ ​​ ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​នារីដ៏​មាន​ឥទ្ធិពល​ម្នាក់​ គួរ​តែ​មាន​នូវ​ចំណុច​ទាំង​នេះ

អត្ថបទ៖ Spring

អត្ថបទពេញនិយម
អត្ថបទថ្មី