៥ វិធី ជួយឱ្យអ្នកទទួលយកស្នេហាថ្មី បន្ទាប់ពីគ្រាំបេះដូងជាទម្ងន់

  • 2019-09-10 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​រឿង​ពិបាក​នឹង​បើក​បេះដូង​សាជាថ្មីម្តងទៀត បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់​ជា​ទម្ងន់​។ អ្នក​លែង​ចង់​ដឹង​ចង់​ឮ ប្រឡូក​ក្នុង​រឿង​ស្នេហា​ទៀត​ហើយ។ អារម្មណ៍​បែប​នេះ គ្មាន​នរណា​អាច​ជៀស​ផុត​ឡើយ ក្រោយ​បែក​បាក់​គ្នា​ ប៉ុន្តែ​ភាព​បរាជ័យ​នៃ​ស្នេហា​មិន​មែន​ជា​ទី​បញ្ចប់​ឡើយ​។ ប្រើ​ពេល​វេលា​ព្យាបាល​របួស ជូត​ទឹក​ភ្នែក ប្រកាន់​ខ្ជាប់​គំនិត​ល្អ​ៗ​ដើម្បី​ស្វាគមន៍​ស្នេហា​​សាជាថ្មីម្តងទៀត។

១. ទទួល​ស្គាល់​ការ​ពិត

ត្រូវ​រំឭក​ប្រាប់​ខ្លួន​ឯង​ថា ស្នេហា​ចាស់​បាន​កន្លង​ផុត​ទៅ​ហើយ​ បណ្តោយ​ទៅ​តាម​ហ្នឹង​ចុះ​។ បើ​នៅ​ដិត​ដាម​ខូច​ចិត្ត​យូរ​ពេក​ គ្មាន​ផ្លូវ​អាច​ស្វែង​រក​ស្នេហ៍​ពិត​បាន​ឡើយ។ ចូរ​ប្រើ​ពេល​វេលា​​ដើម្បី​វាយ​តម្លៃ​ ថ្លឹង​ថ្លែង​ពី​ហេតុផល​ដែល​នាំ​ឱ្យ​អ្នក​បែក​គ្នា។ ពេល​​បាន​យល់​កាន់​តែ​ច្បាស់ ដល់​ពេល​​ដែល​អ្នក​ត្រូវ​ចាប់​ផ្តើម​ម្តង​ទៀត​ហើយ​។

២. ទុក​ពេល​ឱ្យ​ខ្លួន​ឯង

កុំ​ប្រញាប់ប្រញាល់​ខ្លាំង​ពេក ពុំ​ដូច្នោះ​ទេ អ្នក​​អាច​នឹង​ជួប​បញ្ហា​ដដែល​ៗ​ដូច​មុន​មិន​ខាន។ មិន​ត្រឹម​តែ​ខ្លួន​អ្នក​ទេ​ដែល​ឈឺ​ចាប់ សូម្បី​តែ​អ្នក​ដទៃ​ ក៏​អ្នក​ឱ្យ​គេ​មក​ឈឺ​ជាមួយ​ដែរ ដោយ​សារ​ភាព​​អាត្មានិយម​យក​គេ​ដើម្បី​តែ​សម្រួល​ដល់​អារម្មណ៍​មួយ​ឆាវ។

៣. រីក​រាយ​ជាមួយ​នឹង​ជីវិត​នៅ​លីវ

ជីវិត​នៅ​លីវ​គឺ​ជា​រឿង​​ល្អ​ខ្លាំង​ណាស់។ អ្នក​នឹង​មាន​ពេលវេលា​ច្រើន ដើម្បី​​រៀន​សូត្រ​ពី​ខ្លួន​ឯង។ អ្នក​អាច​ប្រើ​ពេល​វេលា​សប្បាយ​រីករាយ​ជាមួយ​មិត្ត​ភ័ក្តិ​ និង​ក្រុម​គ្រួសារ​​តាម​ចិត្ត​។ នៅ​ម្នាក់​​ឯង​កាន់​តែ​យូរ អ្នក​​កាន់​តែ​ដឹង​ច្បាស់​ថា មនុស្ស​ប្រភេទ​​ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត។

៤. ណាត់​ជួប​ម្តង​ទៀត

ដល់​ពេល​វេលា​មួយ ដែល​អ្នក​បាន​ប្រសើរ​ឡើង​វិញ អ្នក​អាច​ចេញ​ទៅ​ក្រៅ​ដើម្បី​ណាត់​ជួប​មនុស្ស​ផ្សេងៗ ដែល​គិត​ថា​ស័ក្តិ​សម​។ កុំ​គិត​ថា​នៅ​លើ​លោក​នេះ​ មាន​តែ​ម្នាក់​នោះ​ដែល​សំខាន់​លើសលប់ រស់​ខ្វះ​គេ​មិន​បាន​។ គួរ​ប្រើ​ពេល​វេលា​ និង​ផ្តល់​ឱកាស​ឱ្យ​ខ្លួន​ឯង​​បាន​គ្រប់​គ្រាន់ ដើម្បី​ជួប​មនុស្ស​ដែល​​ត្រឹម​ត្រូវ​ម្នាក់​នៅ​ក្នុង​ជីវិត។

៥. បើក​ចិត្ត

នៅ​ពេល​អ្នក​ព្រម​ទទួល​យក​ស្នេហា​ថ្មី​ មិន​ត្រូវយក​អ្នក​ថ្មី​​ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​​ចាស់​ដាច់​ខាត។ កុំ​ព្យាយាម​ចាប់​កំហុស​គាត់​គ្រប់​រឿង​ ដោយ​សារ​តែ​​នៅ​ភ័យ​ខ្លាច​ការ​បែកបាក់​​​​គ្នា​។ ខិត​ខំ​ថែរក្សា​ឱ្យ​រឹង​មាំ មាន​ចិត្ត​ទូលាយ​ និង​សុទិដ្ឋិនិយម​​វិញ​ប្រសើរ​ជាង៕

ចុចអានបន្ត៖ ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​នារីដ៏​មាន​ឥទ្ធិពល​ម្នាក់​ គួរ​តែ​មាន​នូវ​ចំណុច​ទាំង​នេះ!

ប្រភព៖ familytoday ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម