សម័យ​នេះ​ ប្រើ​ចិត្ត​ស្មោះ​ក៏​មិន​ប្រាកដ​ប្ដូរ​បាន​ស្នេហ៍​ស្មោះ​របស់​គេ

  • 2019-08-30 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​មួយ​នេះ ពេល​ខ្លះ​គឺ​លេង​សើច​នឹង​យើង​ពេក​ហើយ ឲ្យ​យើង​បាន​ជួប​មនុស្ស​ដែល​យើង​គិត​ថា​នឹង​ដើរ​ជាមួយ​គ្នា​អស់​មួយ​ជីវិត ស្មាន​តែ​គូ​ព្រេង​ជីវិត​ទៅ​ហើយ។ តែ​តាម​ការ​ពិត​គ្រាន់​តែ​សុបិន្ត​ដែល​មាន​រយៈ​ពេល​វែង​មួយ​ទៅ​វិញ ដឹង​ខ្លួន​ឡើង​វិញ អ្វី​ៗ​គ្រប់​យ៉ាង​គ្រាន់តែ​ជា​អនុស្សាវរីយ៍​ដែល​បាន​កន្លង​ហួស​អស់។

កែវ​កាហ្វេ​ក្ដៅ​នៅ​លើ​តុ នៅ​មិន​ទាន់​បាត់​ហ៊ុយ​ផ្សែង​នៅ​ឡើយ ក្រឡេក​ទៅ​ក្រៅ​បង្អួច​ មនុស្ស​រាប់​រយ​នាក់​នៅ​តែ​មមាញឹក​ត​កន្ទុយ​គ្នា​លើ​ផ្លូវ​ដ៏​ចង្អៀត តែ​ខ្ញុំ​នៅ​តែ​ស្ងប់ស្ងាត់​ក្នុង​ហាង​តែឯង។

ពេល​ខ្លះ ខ្ញុំ​ដឹង​គុណ​ជីវិត​មួយ​នេះ​ខ្លាំង​ណាស់ ព្រោះ​ឆ្លងកាត់ ព្យុះ​ភ្លៀង​ ឧបសគ្គ​ ជំពប់​ជើង​ច្រើន​ដង​ប៉ុណ្ណេះ​ហើយ​ នៅ​តែ​អាច​ងើប​ឡើង​វិញ ប្រៀប​ដូច​ជា​គ្មាន​រឿង​អ្វី​ទៅ​វិញ។ ព្រោះ​បើ​គេ​មិន​ស្រលាញ់​យើង​ទៅ​ហើយ អាច​បន្ទោស​អ្វី​បាន​ទៀត?

ដូច​គេ​និយាយ​ពិត​មែន​ យើង​អាច​ប្រើ​មនោសញ្ចេតនា​ស្មោះ​អស់​ពី​ចិត្ត​ ពី​ថ្លើម ក៏​មិន​ប្រាកដ​ថា​គេ​នឹង​តប​ស្នង​វិញ ឬ​ក៏​អាច​តប​វិញ​នៅ​គ្រា​ដំបូង ហើយ​ក៏​ចាក​ចេញ​ទៅ​ប្រៀប​ដូច​ជា​ស្លឹក​ឈើ​ជ្រុះ​ដែរ។ នៅ​ពេល​នោះ ទោះ​បី​ជា​ខំ​ចំណាយ​ញើស​ឈាម​ច្រើន​ប៉ុណ្ណា​ក៏​លែង​សំខាន់ ព្រោះ​ក្នុង​កែវ​ភ្នែក​គេ ពេល​នេះ​លែង​មាន​យើង​ហើយ យើង​ប្រៀប​ដូច​ជា​របស់​ទើស​ភ្នែក​គេ​មួយ​ប៉ុណ្ណោះ ចេញ​ឲ្យ​កាន់​តែ​ឆ្ងាយ កាន់​តែ​ប្រសើរ។

ទោះ​បី​ជា​ដឹង​ថា​មិន​មែន​នោសញ្ចេតនា​ណា​ក៏​នឹង​ទទួល​បាន​ការ​តប​ស្នង​រហូត​ដល់​ទី​បញ្ចប់ តែ​វា​ពិត​ជា​ឈឺ​ខ្លាំង​ណាស់ ហើយ​ពិបាក​ទទួល​យក។ ពេល​ខ្លះ​ហ៊ាន​ដល់​ថ្នាក់​បន្លប់​ចិត្ត​ខ្លួន​ឯង​ថា ឲ្យ​តែ​ព្យាយាម​ឲ្យ​ខ្លាំង គេ​នឹង​ត្រលប់​មក​វិញ​ជា​មិន​ខាន។ ដល់​ពេល​ភ្ញាក់​ខ្លួន​ទើប​ដឹង​ថា​ខ្លួន​ល្ងង់​ដល់​ថ្នាក់​ណា។ ស្រលាញ់​អ្នក​ណា​ជា​ជម្រើស​របស់​យើង ដល់​ពេល​ឈឺ​ក៏​ជា​យើង​អ្នក​ទទួល។ ចង់​ចាក​ចេញ​ពី​ទី​ភក់​ជ្រាំ​នេះ ក៏​ត្រូវ​ននៀល​នឹង​ភាព​ធ្វើ​ទុក្ខ​បុកម្នេញ​មិន​ស្ទើរ​ដែរ។ ព្រោះ​តាំង​ពី​ដើម​មក គឺ​ខ្លួន​ឯង​ទាំង​អស់​ដែល​ជា​អ្នក​អូស​ខ្លួន​ចូល បើ​មិន​លង់​នឹង​មនោសញ្ចេតនា​នេះ​ទេ ក៏​គ្មាន​អ្នក​ណា​ធ្វើ​បាប​ចិត្ត​យើង​បាន​ដែរ។

រឹត​តែ​មិន​អាច​បន្ទោស​គេ​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ ព្រោះ​ដោយ​សារ​តែ​រយៈ​ពេល​ធ្លាប់​មាន​សុភមង្គល​នេះ​ហើយ ទើ​ប​ធ្វើ​ឲ្យ​យើង​ឈឺ​បាន។ ការ​ពិត​ទៅ​ គួរ​អរគុណ​គេ ដែល​ធ្វើ​ឲ្យ​យើង​ស្គាល់​ថា​ជា​អ្វី​ជា​ការ​ស្រលាញ់ ការ​ស្អប់​ ការ​ប្រចណ្ឌ និង​ចុង​ក្រោយ​គឺ​ការ​ឈឺចាប់​នេះ​ឯង។ មេរៀន​ដ៏​ធំ​មួយ​នោះ​គឺ មិន​មែន​គ្រប់​ចិត្ត​ស្មោះស្ម័គ្រ ទាំង​អស់​នឹង​ទទួល​បាន​បេះដូង​គេ​នោះ​ឡើយ៕

​ចុចអាន៖ ​​ នារី៣ប្រភេទចូលក្នុងបញ្ជីខ្មៅរបស់មនុស្សប្រុសមិនចង់រៀបការជាមួយ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel