ទឹក​ដោះ​ម្ដាយ​ អាច​ជួយ​ទារក​ឲ្យ​កើន​ពិន្ទុ​ IQ រហូត​ដល់​ ២.៦២ ពិន្ទុឯណោះ​

  • 2019-07-30 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុកម្ដាយ​ភាគ​ច្រើន​ សម្រេច​ចិត្ត​ទិញ​ម្សៅ​ទឹក​ដោះ​គោ​ មក​ជំនួស​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ ព្រោះ​តែ​ភ័ន្ត​ច្រឡំ​ថា​ ម្សៅ​ទឹក​ដោះ​គោ​ អាច​ជួយ​ឲ្យ​កូន​របស់​ពួក​គេ​មាន​សុខភាព​ល្អ​ជាង​ ទឹក​ដោះ​របស់​ម្ដាយ​។

ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ​ គឺ​មិន​ពិត​នោះ​ទេ​ ទឹក​ដោះ​ម្ដាយ​ អាច​ជួយ​ឲ្យ​ទារក​មាន​ការ​លូត​លាស់​កាន់​តែ​ល្អ​ ថែម​ទាំង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រៀន​សូត្រ​ ក៏​ដូច​ជា​សមត្ថភាព​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​នា​ពេល​អនាគត​។

​បើ​តាម​ការ​ធ្វើ​បទ​បង្ហាញ​របស់​អង្គការ​ Hellen Keller និង​ World Vison ជា​មួយ​ក្រុម​អ្នក​សារព័ត៌មាន​ កាល​ពី​ថ្ងៃ​ ២៥ បាន​ឲ្យ​ដឹង​ថា​ ទារក​ដែល​ទទួល​បាន​ការ​បំបៅ​ទឹក​ដោះ​ពី​ម្ដាយ​ មាន​ការ​កើន​ឡើង​ពិន្ទុ​ IQ រហូត​ដល់​ ២.៦២ ឯណោះ​ បើ​ធៀប​ទៅ​នឹង​កុមារ​ដែល​បៅ​ម្សៅ​ទឹក​ដោះ​គោ​។

លើស​ពី​នេះ​ទៅ​ទៀត​នោះ​ ការ​បំបៅ​ទារក​ ១ ម៉ោង​ដំបូង​ក្រោយ​ពេល​កើត​ អាច​ជួយ​កាត់​បន្ថយ​អត្រា​មរណភាព​រហូត​ដល់​ ២០%  ហើយ​ប្រសិន​ជា​អ្នក​ម្ដាយ​គ្រប់​រូប​ អាច​បំបៅ​ដោះ​កូន​រហូត​មាន​អាយុ​ ៦ ខែ​ ទារក​ទាំង​អស់​នោះ​ នឹង​គេច​ផុត​ពី​អត្រា​ការ​ស្លាប់​ពី​ជំងឺ​រាគ​ចំនួន​ ១១ ដង​ និង​រលាក​ទង​សួត​ចំនួន​ ១៥ ដង​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ខួរ​ក្បាល​របស់​កុមារ​ ដែល​មិន​បាន​បៅ​ទឹក​ដោះ​ម្ដាយ​ មាន​ទំហំ​តូច​ជាង​ខួរ​ក្បាល​កុមារ​បៅ​ទឹក​ដោះ​ម្ដាយ​។​

បទ​បង្ហាញ​ ដែល​មាន​លោក​ ហ៊ូ ក្រើន អនុ​ប្រធាន​ អង្គការ​ Hellen Keller ដដែល​នេះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​មិន​បាន​បំបៅ​ទារក​ដោយ​ទឹក​ដោះ​ បាន​ផ្ដល់​ផល​ប៉ះ​ពាល់​រយះ​ពេល​យូ​មួយ​ចំនួន​ដូច​ជា​ មាន​សមត្ថភាព​ខួល​ក្បាល​ខ្សោយ​ រៀន​ត្រួត​ថ្នាក់​ចំនួន​ ១ ឆ្នាំ​ រក​ប្រាក់​ចំណូល​បាន​តិច​ជាង​កុមារ​ដទៃ​ចំនួន​ ២២% បង្កើន​ការ​ចំណាយ​លើ​ការ​ថែទាំ​សុខភាព​ ដោយ​សារ​តែ​លើស​អាហារូបត្ថម្ភ​ និង​ជំងឺ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​រហូត​ដល់​ទៅ ​២០%។  

អត្ថបទ៖ អ៊ឹង ម៉េងគង់