លែងហៅជាងទៀតហើយពេលស្ទះរន្ធបង្ហូរទឹកម្តងៗ ប្រើវិធីនេះអាចដោះស្រាយដោយខ្លួនឯង
- 2019-07-26 09:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងហៅជាងទៀតហើយពេលស្ទះរន្ធបង្ហូរទឹកម្តងៗ ប្រើវិធីនេះអាចដោះស្រាយដោយខ្លួនឯង
ជឿជាក់ថា ស្ទើរគ្រប់ផ្ទះតែងជួបបញ្ហាស្ទះរន្ធបង្ហូរទឹកនៅកន្លែងលាងចាន ឬក្នុងបន្ទប់ទឹក និងបង្គន់ជាដើម។ ដោយសារតែកំណកខ្លាញ់ កម្ទេចកំទីម្ហូបអាហារធ្វើឲ្យរន្ធបង្ហូរទឹក ហូរមិនបានល្អរហូតឆួរក្លិនថែមទៀត។ ពេលខ្លះឧស្សាហ៍ហៅជាងច្រើនដងពេក ទៅជាខ្ជះខ្ជាយលុយ និងពេលវេលាថែមទៀត។ កញ្ញា សូមប្រាប់នូវវិធីងាយៗអាចធ្វើបានដោយខ្លួនឯងដូចខាងក្រោម៖
១. ប្រើខ្សែលួស
ជាទូទៅ ក្នុងបន្ទប់ទឹកត្រង់កន្លែងបង្ហូរទឹកច្រើនតែស្ទះដោយសារសក់ ព្រោះពេលងូតទឹកសក់ជ្រុះហើយវាហូរទៅជុំជិតបណ្ដាលឲ្យទឹកមិនអាចហូរចេញបាន។ ឈប់បារម្ភទៅ អ្នកអាចប្រើលួសប្រវែងពី ៣ ទៅ ៤ m កម្រាស់ ០ .៥ ទៅ ១ mm ហើយពត់ចុងលួសឲ្យបត់ចូលគ្នា រួចបង្វិលជារង្វង់។ យកខ្សែលួសនេះដាក់ក្នុងរន្ធបង្ហូរទឹក ហើយទាញវាចុះឡើងៗ ពេលនោះសក់ជាច្រើនធ្វើឲ្យស្ទះអាចយកចេញក្រៅបានហើយ។
២. ប្រើសាប៊ូ និងទឹកក្ដៅ
កាកសំណល់ម្ហូបអាហារ និងកំណកខ្លាញ់ច្រើនយូរៗទៅធ្វើឲ្យស្ទះរន្ធបង្ហូរទឹកនៅកន្លែងលាងបន្លែ ឬចានបាន។ វិធីដោះស្រាយ អ្នកអាចសាកល្បងប្រើសាប៊ូបោកខោអាវ ឬសាប៊ូលាងចានចាក់ចូលក្នុងរន្ធបង្ហូរនោះ។ បន្ទាប់មក ចាក់ទឹកក្ដៅចូលតាមក្រោយ នោះកន្លែងលាងចានឬបន្លែរបស់អ្នកនឹងលែងជួបបញ្ហាទៀតហើយ។ វីធីនេះមិនបំផ្លាញបំពង់បង្ហូរទឹករហូតទៅលិចជ្រាបឡើយ តែវាអាចបំបាត់ការកកស្ទះបានទៀត។
៣. ប្រើcaustic សូដា និង ទឹកខ្មេះអាស៊ីដីត
បញ្ហាស្ទះបង្គន់អាចមកពីការបោះសំឡី កន្ទុយបារី ឬដុំសាប៊ូ និងថង់ប្លាស្ទិកចូលជាដើម។ ដំណោះស្រាយងាយស្រួល ដោយប្រើ caustic សូដា ដែលអាចរំលាយវត្ថុផ្សេងដែលស្ទះក្នុងបង្គន់បាន។ សូដាប្រភេទនេះងាយកក ដូច្នេះមិនត្រូវចាក់ច្រើនពេកទេ ព្រោះប្រយ័ត្នស្ទះលើសដើម។ មួយវិញទៀត អ្នកអាចប្រើទឹកខ្មេះអាស៊ីដីត ដើម្បីដោះស្រាយបញ្ហានេះ។
គ្រប់វិធីសាមញ្ញទាំងនេះ អាចដោះស្រាយបញ្ហាស្ទះរន្ធបង្ហូរទឹកនៅផ្ទះរបស់អ្នកបាន ដោយមិនចាំបាច់ហៅជាង ហើយថែមទាំងមិនប៉ះពាល់ដល់ទុយោបង្ហូរទឹកថែមទៀត។ ម្យ៉ាងទៀត អ្នកគួរឧស្សាហ៍សម្អាតដោយប្រើវិធីទាំងនេះ ២ ឬ ៣ សប្ដាហ៍ម្ដង ចៀសវាងកុំឲ្យទុកយូរពេលស្ទះ កាន់តែពិបាក៕
ចុចអាន៖ រៀបចំបន្ទប់ ដោយដាក់ធ្នើរតុបតែងទាក់ទាញបែបនេះ មើលទៅឡូយខ្លាំង