តារា​ស្រី​ល្បី​ៗ​៣ ដួង លេច​ភាព​ហ៊ឺហា ជាមួយ​រថយន្ត​ Porsche ដ៏​ប្រណិត

  • 2019-07-24 08:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

បើ​និយាយ​ការ​ប្រើ​ប្រាស់​រថយន្ត​ក្នុង​ជួរ​សិល្បករ​ខ្មែរ ឃើញ​ថា ក៏​អស្ចារ្យ​មិន​ធម្មតា​ដែរ បើ​ទោះ​មិន​អាច​ប្រៀប​នឹង​ជីវិត​ហ៊ឺហា​របស់​សិល្បករ​ប្រទេស​ជិត​ខាង​បាន។ ជាក់​ស្ដែង សិល្បករ​ខ្មែរ​មាន​លទ្ធភាព​ប្រើ​ប្រាស់​រថយន្ត​ដល់​ទៅ​ជាង ១០ម៉ឺន ២០ម៉ឺន​ដុល្លារ និង​ឃើញ​មាន​គ្រប់​ស៊េរី​ថែម​ទៀត ពិសេស​ប្រភេទ ឡិចស៊ីស រ៉េងរូវែរ ជា​ដើម​ដែល​ឃើញ​មាន​ច្រើន​ក្នុង​សង្គម​សិល្បករ​ខ្មែរ។

ប៉ុន្តែ​នៅ​ចុង​ក្រោយ ឃើញ​ថា មាន​ការ​ផ្លាស់​ប្ដូរ​រស​និយម​ខ្លះ ស្រប​ពេល​រថយន្ត​ប្រណិត​មួយ​ប្រភេទ គឺ Porsche ក៏​មាន​ចំណែក​ក្នុង​ជីវិត​ហ៊ឺហា​របស់​សិល្បករ​ខ្មែរ​ល្បី​ៗ​ខ្លះ​ៗ​ដែរ​ហើយ។ ចំណុច​គួរ​កត់​សម្គាល់ គេ​ឃើញ​មាន​តារា​ស្រី​ល្បី​ៗ ពិសេស​សុទ្ធ​ជា​តារា​ចម្រៀង​ដូច​គ្នា​ទៀត មាន​ប្រើ​រថយន្ត​ប្រភេទ​នេះ។ ពួក​គេ​ទាំង​នោះ​មាន៖

១. ពេជ្រ សោភា៖ តារា​ស្រី​ចាស់​វស្សា ហង្សមាស ទើប​នឹង​រំលេច​សមិទ្ធផល​ថ្មី ដោយ​ទិញ​ចូល​រថយន្ត​មួយ​បន្ថែម​ទៀត​ពី​លើ​រថយន្ត​ដែល​មាន​ស្រាប់​ម៉ាក Rank Rover របស់​នាង។ រថយន្ត​ថ្មី​របស់​នាង គឺ​ម៉ាក Porsche ពណ៌​ស ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ មាន​ន័យ​ថា សោភា កាក់​កប​ខ្លាំង​នៅ​រយៈ​កាល​ចុង​ក្រោយ ក្នុង​នោះ​គេ​ឃើញ​នាង​ក្ដោប​បាន​ការងារ​ស្ប៉ត​ពាណិជ្ជកម្ម និង​ធ្វើ​ជា​អ្នក​តំណាង​ផលិតផល(Brand Ambassador)ជា​ច្រើន ជា​បច្ច័យ​អាច​ឲ្យ​នាង​ប្រមូល​លុយ​បាន​ជា​ច្រើន​ម៉ឺន​ដុល្លារ។ ជា​ពិសេស​គេ​ដឹង​ថា ចុង​ក្រោយ​នេះ​នាង​ក៏​កាក់​កប​ក្នុង​មុខ​របរ​លក់​គ្រឿង​សម្អាង​ផង​ដែរ៕

២.តេង លក្ខិណា៖ ត្បិត​ថា មិន​សូវ​ឃើញ​មាន​សកម្មភាព​សិល្បៈ​ច្រើន ដូច​រៀម​ច្បង​ខាង​លើ ប៉ុន្តែ​គេ​មើល​ឃើញ​ថា តារា​ស្រី​រូប​នេះ ក៏​មាន​ជីវិត​ហ៊ឺហា​មិន​ធម្មតា​ដែរ ក្រោយ​ផ្លាស់​ប្ដូរ​ជំនាញ​ពី​ពិធី​ការិនី​ទូរទស្សន៍ ទៅ​ជា​តារា​ចម្រៀង​ផលិតកម្ម M កាល​ពី​ឆ្នាំ ២០១៥។ ភាព​ហ៊ឺហា​របស់ លក្ខិណា គឺ​ឃើញ​ថា នាង​ក៏​ប្រើ​រថយន្ត​ម៉ាក Porsche មួយ​ដែរ ម៉ូដែល Panamera។ តាម​អ្នក​នៅ​កៀក​នឹង​រថយន្ត បាន​ឲ្យ​ដឹង​ថា រថយន្ត​ទំនើប​មួយ​គ្រឿង​នេះ មាន​តម្លៃ​មិន​ក្រោម ១០ម៉ឺន​ដុល្លារ​ឡើយ ពោល​គឺ​ចាប់​ពី​ជាង​១០ម៉ឺន​ឡើង​ទៅ ដោយ​ប្រែ​ប្រួល​ទៅ​តាម​ប្រភេទ​ឆ្នាំ និង​លក្ខណៈ Full Option ឬ​អត់​ទៀត។

៣. ពេជ្រ សូលីកា៖ តារា​ចម្រៀង​ស្រី​ស្រស់​រូប​នេះ ក៏​ហ៊ឺហា​មិន​ធម្មតា​ដូច​គ្នា បើ​ទោះ​នាង​ទើប​វិល​ចូល​សិល្បៈ​វិញ​ប្រមាណ​ជាង ១​ឆ្នាំ ក្រោយ​ពី​ដក​ខ្លួន​ជា​ច្រើន​ឆ្នាំ ល្បី​ថា​ជាប់​ស្នេហ៍​ជាមួយ​មន្ត្រី​ធំ​មួយ​រូប។ សូលីកា គេ​ឃើញ​បញ្ចេញ​រូបភាព​នាង​ជាមួយ រថយន្ត Porsche ប្រណិត​មួយ​គ្រឿង​កាល​ពី​ពេល​ថ្មី​ៗ​នេះ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។ រថយន្ត​នោះ មាន​ពណ៌​លឿង​ស្រស់​ឆើត ដែល​អ្នក​គាំទ្រ​នាង​ជា​ច្រើន ចូល​មក​អបអរ និង​សរសើរ​រថយន្ត​មួយ​នេះ​សម​នឹង​នាង​ណាស់។

យ៉ាង​ណា គេ​មិន​ទាន់​ដឹង​រថយន្ត​នោះ​ជា​កម្មសិទ្ធិ​របស់​នាង​ផ្ទាល់ ឬ​យ៉ាង​ណា​ទេ។ បែប​នេះ​ក្ដី កន្លង​មក​គេ​ដឹង​ថា នាង​មាន​ប្រើ​រថយន្ត​ម៉ូដែល​នេះ​មួយ​ដែរ ប៉ុន្តែ​ជា​ពណ៌​ខ្មៅ៕

អត្ថបទ៖ ទារិកា