សម្គាល់​សុខភាព​តាម​រយៈ​ក្រចក

  • 2019-07-16 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រចក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្នែក​ដែល​មាន​សោភ័ណភាព​បំផុត ហើយ​មនុស្ស​ស្រី​ពិត​ជា​បាន​ចំណាយ​ពេលវេលា​យ៉ាង​ច្រើន​ក្នុង​ការ​ធ្វើ​ឱ្យ​ក្រចក​របស់​ពួកគេ​មាន​ពណ៌​ភ្លឺ​រលោង។ បើ​ទោះបី​ជា​យ៉ាងណា​ក៏​ដោយ ក្រចក​មិន​មែន​ត្រឹម​តែ​ជា​ផ្នែក​ដែល​មាន​សោភ័ណភាព​តែ​មួយ​មុខ​នោះ​ទេ វា​ក៏​អាច​ប្រាប់​អំពី​សុខភាព​របស់​អ្នក​ផង​ដែរ។

ចូរ​ស្វែង​យល់​អំពី​ពណ៌ និង​សណ្ឋាន​ក្រចក​ដែល​អាច​ប្រាប់​ពី​សុខភាព​របស់​អ្នក៖

ក្រចក​ពណ៌​ខៀវ៖ ប្រសិន​បើ​គល់​នៃ​ក្រចក​របស់​អ្នក​មាន​ពណ៌​ខៀវ វា​ជា​សញ្ញា​ប្រាប់ថា​ឈាម​របស់​អ្នក​ខ្វះ​អុកស៊ីហ្សែន។ វា​បង្ហាញ​ថា​ការ​ផ្គត់​ផ្គង់​អុកស៊ីហ្ស៊ែន​ទៅ​ឈាម​មិន​បាន​គ្រប់​គ្រាន់ ហើយ​វា​អាច​បណ្ដាល​ឱ្យ​កើត​មាន​ជំងឺ​សួត ឬ​ជំងឺ​បេះដូង​បាន​ថែម​ទៀត​ផង។

ក្រចក​ពណ៌​លឿង៖ ក្រចក​ពណ៌​លឿង​អាច​បណ្ដាល​មក​ពី​ការ​ជក់បារី ឬ​ការ​ត​ក្រចក​អាគ្រីលីក​ច្រើន​ពេក។ បើ​ទោះបី​ជា​យ៉ាងណា​ក៏​ដោយ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​មែន​ទែន​នៅ​ពេល​ដែល​ក្រចក​របស់​អ្នក​មាន​សភាព​ក្រាស់ ឬ​ខូចទ្រង់​ទ្រាយ​ខុស​ពី​ធម្មតា។ វា​អាច​ជា​ក្រចក​ដែល​មាន​ផ្សិត​ក៏​ថា​បាន។ ក្រៅ​ពីនេះ​ក្រចក​ដែល​ឡើង​ពណ៌​លឿង​អាច​បណ្ដាល​មក​ពី​ការ​ចុះ​ខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត ជំងឺ​ទឹក​នោម​ផ្អែម រោគ​សើស្បែក ឬ​ជំងឺ​ហឺត​រ៉ាំរ៉ៃ។

ក្រចក​ពណ៌ត្នោត៖ ក្រចក​ដែល​ប្រែ​ពណ៌​ទៅ​ជា​ពណ៌​ត្នោត​អាច​បណ្ដាល​មក​ពី​បញ្ហា​ជា​ច្រើន​រួមមាន​ក្រចក​ផ្សិត ជំងឺ​របក​ស្បែក ជំងឺ​ស្បែក​ឡើង​រមាស់។ វា​អាច​បណ្ដាល​មក​ពី​កង្វះ​វីតាមីន B12 កង្វះជាតិ​ស័ង្កសី ឬ​កង្វះ​អាហារូបត្ថម្ភ។ ក្រៅ​ពី​នេះ ក្រចក​ពណ៌​ត្នោត​អាច​បណ្ដាល​មក​ពី​អាការ​ខ្សោយ​ក្រលៀន និង​ថ្លើម។ វា​ក៏​អាច​បណ្ដាល​មក​ពី​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ផង​ដែរ។

ក្រចក​ដែល​មាន​ឆ្នូត​ពណ៌​ស​កាត់​ទទឹង៖ ក្រចក​ដែល​មាន​ឆ្នូត​ពណ៌​ស​កាត់​ទទឹង​អាច​បណ្ដាល​មកពី​ជំងឺ​ស្បែក ជំងឺ​ទឹកនោម​ផ្អែម កង្វះ​ជាតិ​ស័ង្កសី ឬ​អាការៈ​ឈាម​រត់​មិន​ស្រួល។ វា​ក៏​អាច​បណ្ដាល​មក​ពី​ជំងឺ​ដ៏​ធ្ងន់ធ្ងរ ឬ​ដំបៅ​ដែល​រាងកាយ​របស់​អ្នក​កំពុង​ប្រឆាំង​តបត​ជាមួយ។ អ្នកគួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ភ្លាម​ទៅ។

ក្រចក​រាង​ដូច​ស្លាបព្រា៖ ក្រចក​ស្លាបព្រា​មាន​ទ្រង់ទ្រាយ​កោង​ឡើង​លើ​ហើយ​មើល​ទៅ​ដូច​ជា​រាងស្លាបព្រា​អ៊‍ីចឹង។ ភាព​ខុស​ប្រក្រតី​នេះ​អាច​បណ្ដាល​មក​ពី​កង្វះ​ជាតិ​ដែក អាការ​ខ្វះ​ឈាម ជំងឺបេះដូង និង​ភាព​ចុះខ្សោយ​នៃ​ក្រពេញ​ទីរ៉ូអ៊ីត។  

ឆ្នូត​ពណ៌ស​លើ​ក្រចក៖ ឆ្នូត​ពណ៌ស​លើ​ក្រចក​គឺ​បណ្ដាល​មក​ពី​រោគ​ផ្សិត ដែល​វានឹង​រលុប​បាត់​ទៅវិញ​ដោយ​ឯក​ឯង។ វា​ក៏​អាច​បណ្ដាល​មក​ពី​របួស​ដែល​អ្នក​ធ្លាប់​ទទួល​រង​កាល​ពី​មុន ឬ​ការ​ប្រើប្រាស់​ផលិត​ផល​ថ្នាំ​លាប​ក្រចក​ដែល​មាន​គុណភាព​អន់​ជា​ដើម។

ក្រចក​ផុយ​ស្រួយ៖ ក្រចក​របស់​អ្នក​អាច​មាន​សភាព​ស្ងួត ផុយ​ស្រួយ ឬ​ប្រេះ ដែល​បណ្ដាល​មក​ពី​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក។ ការ​ប្រើប្រាស់​ថ្នាំ​លាប​ក្រចក ឬ​ទឹក​លាង​ក្រចក​ច្រើន​ពេក ការ​ហែល​ទឹក ការ​លាង​ចាន និង​ការ​ប្រើប្រាស់​ផលិតផល​ដែល​មាន​សារធាតុ​គីមី​ច្រើន​ជា​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ក្រចក​មាន​គុណភាព​អន់។ វាក៏​អាច​បណ្ដាល​មក​ពី​កង្វះ​វីតាមីន B  ដែល​មាន​នៅ​ក្នុង​ស៊ុត​ក្រហម វីតាមីន A និង​វីតាមីន C។

ក្រចក​ពណ៌​ស​មាន​ឆ្នូត​ពណ៌​ផ្កា​ឈូក៖ វា​ត្រូវ​បាន​គេ​ហៅ​ថា​ក្រចក Terry គឺ​អាច​បណ្ដាល​មក​ពី​ជំងឺថ្លើម ជំងឺ​ខ្សោយ​ក្រលៀន ជំងឺ​ទឹក​នោម​ផ្អែម ឬ​ជំងឺ​ស្លាក់​ឈាម។ ប្រសិន​បើ​អ្នក​ឃើញ​អាការៈ​បែបនេះ​នៅ​លើ​ក្រចក​របស់​អ្នក អ្នកគួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ភ្លាម។

ក្រចក​ពណ៌​ស​ស្លេក៖ ប្រសិន​បើ​ក្រចក​របស់​អ្នក​មាន​សភាព​ស និង​ចុង​ក្រចក​មាន​ពណ៌​ខ្មៅ​ស្រអាប់ វា​អាច​បណ្ដាល​មក​ពី​ជំងឺ​ថ្លើម ឬ​ជំងឺ​លឿង។

ក្រចក​ទ្រុឌ​ដោយ​កន្លែង៖ ប្រសិន​បើ​ក្រចក​របស់​អ្នក​មាន​លក្ខណៈ​កំប៉ិត ឬ​ទ្រុឌ​ច្រើន​កន្លែង​វា​អាច​បណ្ដាល​មក​ពី​ភាព​ខុស​ប្រក្រតី​នៃ​ជាលិកា​ភ្ជាប់ ឬ​រោគ​ជ្រុះ​សក់​ដែល​បណ្ដាល​ឱ្យ​ទំពែក។ វា​ក៏​អាច​បណ្ដាល​មក​ពី​រោគ​ស្បែក​ផង​ដែរ៕

ចុចអាន៖ ​​ កុំមើលងាយ! ទម្លាប់សាមញ្ញប្រចាំថ្ងៃ​ ៨ យ៉ាងអាច​បំផ្លាញ​សុខភាព​អ្នកដោយមិនដឹងខ្លួន

ប្រភព៖ Zeppfeed ប្រែសម្រួល៖ ណារីតា

អត្ថបទពេញនិយម