មកដឹងអត្ថន័យកាយវិការខុសៗគ្នា តាមប្រទេសនីមួយៗ

  • 2019-07-10 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​​ទៅ​ដើរ​លេង​​នៅ​ប្រទេស​ផ្សេងៗ ភាសា​អាច​ជា​​ឧបសគ្គ​មួយ​សម្រាប់​អ្នក។ ជួន​កាល​ទោះ​អាច​និយាយ​បាន​តិចៗ ប៉ុន្តែ​មនុស្ស​រស់​នៅ​ក្នុង​តំបន់​នោះ នៅ​តែ​មិន​យល់​ថា​អ្នក​ចង់​​បាន​អ្វី​ដដែល។ ក្នុង​​ស្ថានភាព​បែប​នេះ មាន​តែ​ការ​​​ប្រើ​កាយវិការ​ទេ ទើប​អាច​ជួយ​បាន។ យ៉ាង​ណា​មិញ កាយវិការ​ទាំង​អស់​សុទ្ធ​តែ​មាន​អត្ថន័យ​ខុស​ៗ​គ្នា​ទៅ​តាម​ប្រទេស​និមួយៗ​។ ហេតុ​នេះ​ហើយ មុន​នឹង​ប្រើ​វា ក្នុង​កន្លែង​ណា​មួយ អ្នក​គួរ​តែ​ដឹង​ឲ្យ​ច្បាស់​​លាស់​ជាមុន​សិន​ ជៀស​វាង​អ្នក​ដទៃ​វាយ​តម្លៃ​ថា​​អ្នក​ជា​មនុស្ស​ឈ្លើយ ឬ​មិន​ដឹង​អី​ទាល់​តែ​សោះ​។

១. សញ្ញា អូខេ (OK)​

​អាមេរិក៖ មាន​ន័យ​ថា យល់ព្រម ឬ​អាច​ទទួល​យក​បាន។

ជប៉ុន៖ មាន​ន័យ​ថា​ លុយ។ ពេល​ខ្លះ​​​អាច​ប្រើ​​​ម្រាម​ដៃ​ដល់​ទៅ​៣ ដើម្បី​ធ្វើ​ជា​រង្វង់។

ប្រេស៊ីល៖ ជា​សញ្ញា​ ឈ្លើយ មិន​គោរព​ឲ្យ​តម្លៃ។ ដោយ​សារ​​ក្នុង​ប្រវត្តិសាស្ត្រ ប្រធានាធិបតី ទី​៣៧ របស់​សហរដ្ឋអាមេរិក បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រេស៊ីល ហើយ​ធ្វើ​សញ្ញា អូខេ​ នេះ ដាក់​មនុស្ស​គ្រប់គ្នា​ដែល​កំពុង​តែ​ឈរ​រង់​ចាំ​ព្រោង​ព្រាត ធ្វើ​ឲ្យ​ពួក​គេ​​យល់​ថា​ជា​កាយ​វិការ​មើល​ងាយ​។

២. សញ្ញា​លៀន​មេដៃ​ចេញ​ពី​ចន្លោះ ម្រាម​ដៃ​ចង្អុល​និង​កណ្តាល

អាមេរិក៖ ប្រើ​នៅ​ពេល​លេង​ជាមួយ​កូន​ក្មេង ដើម្បី​បញ្ឆោត​ពួក​គេ​ថា អ្នក​បាន​បេះ​ច្រមុះ​គេ​ចេញ​​​បាត់​ហើយ។

តួកគី៖ ជា​សញ្ញា​អាសអាភាស (ស្រដៀង​នឹង​សញ្ញា​ម្រាម​ដៃ​កណ្តាល) និង​អាច​ប្រើ​នៅ​ពេល​ដែល​អ្នក​មិន​យល់​ព្រម ឬ​ប្រកែក​មិន​ចង់​ធ្វើ​អ្វី​មួយ។

ប្រេស៊ីល៖ ជា​សញ្ញា​លាភ​​សំណាង និង​អាច​ដេញ​​ភាព​ចង្រៃ​ចេញ។

ឥណ្ឌូណេស៊ី៖ មាន​ន័យ​ថា ការ​ប្រមាថ​។

សញ្ញា​​​ភាសា​របស់​ជនជាតិ​​អាមេរិក (ASL)៖ តំណាង​ឲ្យ​អក្សរ T។

៣. សញ្ញា V

អាមេរិក៖ មាន​ន័យ​ថា សន្តិភាព ឬ​តំណាង​ឲ្យ​អក្សរ​ V (Victory) ដែល​មាន​ថា​ ជ័យ​ជំនះ។

ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង តៃវ៉ាន់ ថៃ កម្ពុជា វៀត​ណាម៖ ស្ទីល​គួរ​ឲ្យ​ស្រលាញ់​នៅ​ពេល​ថត​រូប។

អង់គ្លេស អាហ្វ្រិកខាងត្បូង អូស្ត្រាលី នូវែលហ្សេឡង់ អៀរឡង់៖ សញ្ញា​បែប​នេះ​ដូច​គ្នា ប៉ុន្តែ​ត្រលប់​មក​​ម្ខាង​ទៀត (ផ្នែក​ខ្នង​ដៃ) មាន​ន័យ​ថា ​ការ​ប្រមាថ ចង់​ឲ្យ​គេ​អាម៉ាស់។

សញ្ញា​​​ភាសា​របស់​ជនជាតិ​​អាមេរិក (ASL)៖ តំណាង​ឲ្យ​លេខ​២។

៤. សញ្ញា​ដូច​អក្សរ L

អាមេរិក៖ ប្រើ​នៅ​ពេល​ចង់​​ឌឺដង​នរណា​ម្នាក់ មាន​ន័យ​ថា "អ្នក​ឯង​ចាញ់​ហើយ"។

ចិន៖ តំណាង​ឲ្យ​លេខ​ ៨ ដែល​ជា​លេខ​លាភ​​សំណាង ហើយគេ​និយម​ប្រើ​នៅ​ពេល​ត​ថ្លៃ​ទំនិញ​។​

៥. សញ្ញា​លើក​ម្រាម​ដៃ​មេ​ឡើង​លើ​

អាមេរិក៖ ជា​សញ្ញា​សរសើរ មាន​ន័យ​ថា​អ្នក​​ធ្វើ​បាន​ល្អ ឬ​ម្យ៉ាង​ទៀត​ប្រើ​នៅ​ពេល​ហៅ​ឡាន​​ដឹក​អ្នក​ដំណើរ។

​​អ៊ីរ៉ាក់ អ៊ីរ៉ង់៖ ជា​សញ្ញា​ប្រមាថ​មើល​ងាយ។

សញ្ញា​​​ភាសា​របស់​ជនជាតិ​​អាមេរិក (ASL)៖ បើ​អ្នក​លើក​​ដៃ​មេ​​ឡើង​ហើយ​រេ​ទៅ​ឆ្វេង​ស្តាំ គឺ​តំណាង​ឲ្យ​លេខ​១០។ បើ​យក​មេដៃ​ទៅ​ចង្អុល​អ្នក​ដទៃ​ មាន​ន័យ​ថា អ្នក​ចង់​សំដៅ​ទៅ​លើ​ម្នាក់​នោះ។

៦. សញ្ញា​លើក​ម្រាម​ដៃ​កូន​ឡើង​លើ​

អាមេរិក៖ ជា​សញ្ញា​នៃ​ភាព​កាលីប​ឡូយ​ឆាយ នៅ​ពេល​ដែល​អ្នក​ផឹក​តែ ឬ​ម្យ៉ាង​ទៀត​ មាន​ន័យ​ថា អ្នក​នឹង​មិន​ក្បត់​សន្យា​នោះ​​ទេ។

ចិន៖ មាន​ន័យ​ថា​មិន​ពេញ​ចិត្ត មិន​រីក​រាយ​ជាមួយ​។

ជប៉ុន៖ សញ្ញា​តំណាង​ឲ្យ​ក្តី​ស្រលាញ់ និង​ធ្វើ​​ដាក់​មនុស្ស​សំខាន់​ក្នុង​ចិត្ត។

​​សញ្ញា​​​ភាសា​របស់​ជនជាតិ​​អាមេរិក (ASL)៖ តំណាង​ឲ្យ​អក្សរ​ I។

៧. សញ្ញា​លើក​ដៃ​ចង្អុល ដើម្បី​ហៅ​នរណា​ម្នាក់

អាមេរិក អេក្វាឌ័រ៖ មាន​ន័យ​ថា​មក​នេះ​បន្តិច។ ឬ​អាច​ប្រើ​នៅ​ពេល​អ្នក​ចង់​ល្បួង​នរណា​ម្នាក់​ឲ្យ​ចូល​មក​ជិត។​

ហ្វីលីពីន​៖ ប្រើ​សម្រាប់​ហៅ​ឆ្កែ។ បើ​អ្នក​ប្រើ​ជាមួយ​មនុស្ស​ មាន​ន័យ​ថា​ប្រមាថ​មើល​ងាយ គេ​​អាច​ប្តឹង​ឲ្យ​ជាប់​គុក​បាន។

៨. សញ្ញា​លើក​បាត​ដៃ​ឡើង

អាមេរិក៖ មាន​ន័យ​ថា​ឈប់ ឬ​លេខ​៥ ឬ​កុំ​ទាន់​អាល​និយាយ។

ក្រិក ស៊ីនដ៍ (ប៉ាគីស្ថាន)៖ មាន​ន័យ​ថា មើល​ងាយ។

ម៉ិកស៊ីកូ ប៉ាណាម៉ា៖ ប្រើ​នៅ​ពេល​លើក​ដៃ​និយាយ​សួស្ដី ប៉ុន្តែ​បើ​អ្នក​លើក​ជាប់ ឬ​រេ​ចុះ​ឡើង​ដាក់​អ្នក​ផ្សេង មាន​ន័យ​ថា "ចាំ​តែ​មើល​ទៅ"។

ម៉ាឡេស៊ី៖ អាច​ប្រើ​បាន​នៅ​ពេល​សួស្ដី​ទៅ​កាន់​មនុស្ស​ស្គាល់​គ្នា នៅ​ពេល​ហៅ​អ្នក​រត់​តុ នៅ​ពេល​​ចង់​អរគុណ​អ្នក​បើកឡាន​ និង​អាច​ប្រើ​នៅ​ពេល​ឆ្លង​ថ្នល់ ដែល​គេ​ហៅ​ថា​បាត​​ដៃ​ព្រះ ព្រោះ​​អ្នក​អាច​បញ្ជា​ឡាន​ឲ្យ​ឈប់​បាន។

៩. សញ្ញា​យក​ចង្អុល​ដៃ​អារ​ក

​​​​​អាមេរិក៖ មាន​ន័យ​ថា "អ្នក​ឯង​ច្បាស់​ជា​ស្លាប់​មិន​ខាន​ទេ" (ប្រើ​ពេល​ចង់​ចំអន់​លេង​ឬ​ដៀម​ដាម)។

ជប៉ុន៖ មាន​ន័យ​ថា អ្នក​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​​ការងារ។

១០.​សញ្ញា​យក​ម្រាម​ដៃ​ផ្គុំ​​ចូល​គ្នា

អាមេរិក៖ ប្រើ​​សំដៅ​ទៅ​លើ​កាយវិការ​​ដែល​ជនជាតិ​អ៊ីតាលី​និយម។

អ៊ីតាលី៖ និយម​ប្រើ​នៅ​ពេល​យល់​អ្វី​មួយ​មិន​ច្បាស់ ហើយ​ចង់​ឲ្យ​អ្នក​និយាយ​ម្តង​ទៀត។

ម៉ាឡេស៊ី៖ ប្រើ​នៅ​ពេល​ចង់​ឲ្យ​នរណា​ម្នាក់​​រង់​ចាំ​មួយ​ភ្លែត។ ប៉ុន្តែ​ប្រើ​យក​ម្រាម​ទៅ​ដាក់​ជិត​មាត់ មាន​ន័យ​ថា "ញ៉ាំ"។

​សញ្ញា​​​ភាសា​របស់​ជនជាតិ​​អាមេរិក (ASL)៖ បើ​ដាក់​ដៃ​បែប​នេះ ទាំង​នេះ​ទល់​មុខ​គ្នា មាន​ន័យ​ថា​ថើប។

១១. សញ្ញា​ដូច​ជា​ធុំ​ក្លិន​អ្វី​ម្យ៉ាង

អាមេរិក៖ បញ្ជាក់​ថា មាន​អ្វី​ម្យ៉ាង​ធុំ​ក្លិន​មិន​ល្អ។

ជប៉ុន៖ មាន​ន័យ​ថា "ទេ” "មិន​អាច​ទៅ​រួច” "អត់ទេ អរគុណ​ហើយ”។

១២. សញ្ញា​ លុយ

អាមេរិក អាល្លឺម៉ង់៖ នៅ​ពេល​អ្នក​យក​​មេដៃ​ទៅ​កកិត​ជាមួយ​ដៃ​កណ្តាល​​និង​​ដៃ​ចង្អុល គឺ​ចង់​សម្តៅ​ទៅ​លើ​លុយ។

​១៣. សញ្ញា​មេដៃ​និង​ចង្អុល​ដៃ​ដាក់​ខ្វែង​គ្នា

កូរ៉េ​ខាង​ត្បូង៖ តំណាង​ឲ្យ​រូប​បេះដូង និង​ក្តី​ស្រលាញ់។

១៤. សញ្ញា ដាក់​ចង្អុល​ដៃ​ទាំង​សង​ខាង​លើ​ក្បាល

អាមេរិក​៖ សញ្ញា​នេះ​មិន​សូវ​ប្រើ​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​តំណាង​ឲ្យ​ត្រចៀក​ឬ​ស្នែង​សត្វ។ ភាគ​ច្រើន​គេ​ប្រើ​នៅ​ពេល​ប្រលែង​លេង​ជាមួយ​ក្មេង​ៗ។

ជប៉ុន៖ តំណាង​ឲ្យ​ស្នែង​បិសាច ប្រើ​ដើម្បី​បញ្ជាក់​ថា អ្នក​កំពុង​តែ​ខឹង​។

១៥. សញ្ញា​ដៃ​កណ្តាល​ដាក់​ខ្វែង​លើ​ដៃ​ចង្អុល​

អាមេរិក​៖ មាន​ន័យ​ថា សូមឲ្យ​មាន​សំណាង​ល្អ។

វៀតណាម៖ ប្រើ​សំដៅ​លើ​ប្រដាប់​ភេទ​មនុស្ស​ស្រី ក្នុង​ន័យ​អាសអាភាស។

​សញ្ញា​​​ភាសា​របស់​ជនជាតិ​​អាមេរិក (ASL)៖ តំណាង​ឲ្យ​អក្សរ R។

១៦. សញ្ញា​លើក​កូន​ដៃ​​និង​ចង្អុល​ដៃ​ឡើង​លើ

អាមេរិក​៖ ភាគ​ច្រើន​ប្រើ​ដោយ​ក្រុម​តន្រ្តី​​បែប​​កន្រ្តាក់​អារម្មណ៍ (Rock) ជា​ពិសេស​នៅ​ពេល​ប្រគំ​ភ្លេង។

អាហ្សង់ទីន កូឡុំប៊ី ប្រេស៊ីល គុយបា អេស្ប៉ាញ អ៊ីតាលី ព័រទុយហ្គាល់៖ ប្រើ​នៅ​ពេល​ចង់​ប្រាប់​​នរណា​ម្នាក់​ថា​ដៃ​គូ​របស់​គេ​ កំពុង​តែ​ក្បត់​ហើយ៕​

ចុចអានបន្ត៖ ជ្រើសរើសរូបភ្នែកមួយ ដើម្បីដឹងពីអាថ៌កំបាំងដែលមាននៅក្នុងខ្លួនរបស់អ្នក

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម