មកដឹងពីរបៀបជ្រើសរើសស្បែកជើងឲ្យស៊ីនឹងទម្រង់ប្រអប់ជើង
- 2019-06-14 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីរបៀបជ្រើសរើសស្បែកជើងឲ្យស៊ីនឹងទម្រង់ប្រអប់ជើង
ការពាក់ស្បែកជើងឲ្យសមទៅតាមទម្រង់ប្រអប់ជើង អាចធ្វើឲ្យអ្នកមានផាសុកភាព មិនឈឺជើងនៅពេលដើរ ថែមទាំងមើលទៅស័ក្តិសមជាមួយនឹងសម្លៀកបំពាក់ផ្សេងៗផងដែរ។ ដើម្បីចេះពីរបៀបជ្រើសរើសស្បែកជើងឲ្យបានត្រឹមត្រូវ មិនខកចិត្ត មិនស្តាយលុយ ត្រូវដឹងគន្លឹះខាងក្រោមនេះសិន។
១. ជើងរាបស្មើ
ទម្រង់ជើងប្រភេទនេះ មិនសូវមានសាច់ប៉ុន្មានទេ ហើយមានបាតជើងរាបស្មើប៉ះនឹងឥដ្ឋ។ គួរជ្រើសរើសស្បែកជើង ដែលមានម៉ូដនៅខាងមុខ ដូចជាឃ្លុបជិតមុខជាដើម ទើបអាចមើលឃើញប្រអប់ជើងស្អាត។ គួរជៀសវាងស្បែកជើងណា ដែលលេចចេញម្រាមខ្លាំងពេក ព្រោះវាមិនសមនឹងទម្រង់ជើងបែបនេះទេ។
២. ជើងស្រឡូន
ប្រអប់ជើងមានរាងវែងស្រឡូន ជាក្តីប្រាថ្នារបស់នារីគ្រប់រូប ហើយវាក៏មិនសូវរើសម៉ូដស្បែកជើងអីណាស់ណាដែរ។ ជើងដែលត្រូវតាមស្តង់ដារពាក់អីក៏ស្អាត ប៉ុន្តែបើបានពាក់ស្បែកជើងមានកែងខ្ពស់ល្មម វាកាន់តែធ្វើឲ្យអ្នកលេចធ្លោទាក់ទាញទ្វេដង។
៣. ជើងរាងត្រមែង
ជើងប្រភេទនេះ មានឆ្អឹងធំលេចចេញមកខាងក្រៅ ដែលចាត់ទុកជាទម្រង់មិនសូវស្អាត។ ស្បែកជើងដែលសមបំផុត គឺមានរាងខាងមុខធំ មានមុខមូលឬជ្រុង មិនរឹបពេក ព្រោះវាអាចជួយបិទបាំងឆ្អឹងជើង ឃើញស្រឡូនជាងមុន និងស្រួលដើរមិនបណ្តាលឲ្យឈឺជើង។
៤. ជើងសម្បូរសាច់
បើរបស់អ្នកសម្បូរ ត្រូវពាក់ស្បែកជើង ដែលបិទជិតខាងមុខ មានក្រវាត់កែង ឬជំហរតិចតួចបានហើយ។ ពណ៌ក្រមៅកាន់តែសមមួយកម្រិតទៀត ព្រោះវាអាចជួយឲ្យប្រអប់ជើងមើលទៅតូចស្អាត។ ស្បែកជើងដែលរាបស្មើមិនសមជាមួយនឹងទម្រង់ជើងត្រមែងទេ ថែមទាំងធ្វើឲ្យជើងមើលទៅខ្លីក្រញិចទៀតផង។
៥. ប្រអប់ជើងធំ ជើងធំ
អ្នកដែលមានជើងប្រភេទនេះ ទម្រង់ជើងមិនសូវមានលក្ខណៈស្មើគ្នាល្អទេ។ គួរជ្រើសរើសស្បែកជើង ពណ៌ក្រមៅ កែងមិនខ្ពស់ពេក ជាពិសេសគួរជៀសវាងស្បែកជើងមានមុខស្រួច ឬម៉ូដរញ៉េរញ៉ៃសាំញ៉ាំច្រើន។
៦. បាតជើងមានរាងកោង
អ្នកដែលមានបាតជើងរាងកោង ពេលដើរឆ្ងាយ អាចនឹងឆាប់ឈឺត្រង់ម្រាមនិងកែងជើង ដោយសារត្រង់ផ្នែកកណ្តាលពុំសូវមានសាច់។ ស្បែកជើងដែលស័ក្តិសមបំផុត គឺទន់ ងាយបត់បែន ស្រួលពាក់។ ស្បែកជើងដែលរឹង មានកែវមិនមែនជាជម្រើសដ៏ល្អទេព្រោះវាអាចធ្វើឲ្យជើងរបស់អ្នកឈឺបានយ៉ាងងាយ។
**ចំណាំ៖ ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើ សំខាន់់មួយទៀតដែលអ្នកមិនគួរមើលរំលងនោះគឺ ត្រូវជ្រើសរើសស្បែកជើងណាដែលសមល្មមនឹងទំហំជើង មិនតឹងឬរលុងពេក ពាក់ទៅមានអារម្មណ៍ថាស្រួល និងអាចដើរដោយទំនុកចិត្ត៕
ចុចអានបន្ត៖