ឆ្ពុងមុខដោយប្រើគ្រឿងផ្សំ៣មុខនេះ ធានាបានសាច់មុខសខ្ចី គ្មានមុនមួយគ្រាប់
- 2019-06-05 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ពុងមុខដោយប្រើគ្រឿងផ្សំ៣មុខនេះ ធានាបានសាច់មុខសខ្ចី គ្មានមុនមួយគ្រាប់
ដូចដឹងស្រាប់ហើយថា ស្លឹកគ្រៃ ក្រូចឆ្មារ និងខ្ញីគឺជារុក្ខជាតិមានប្រយោជន៍ខ្លាំងទាំងសម្រាប់សុខភាពនិងសម្រស់។ ប្រហែលគ្រប់គ្នាធ្លាប់តែឮពីការប្រើស្លឹកគ្រៃ ឬខ្ញីដាំទឹកញ៉ាំពេលផ្ដាសាយ ចំណែកក្រូចឆ្មារច្រើនតែយកទៅលាបលើមុខដើម្បីបំបាត់មុនជាដើម។ ប៉ុន្តែថ្ងៃនេះ កញ្ញាសូមបង្ហាញជូនវិធីសម្ងាត់មួយទៀតដែលមិនសូវមានអ្នកដឹង តែបានផលល្អបំផុត និងជួយឱ្យផ្ទៃមុខអ្នកស្រស់ស្អាតពីខាងក្នុងមកតែម្ដង។
វិធីនោះគឺការឆ្ពុងមុខ ព្រោះចំហាយទឹកអាចជួយឱ្យស្បែកស្រស់ថ្លា កម្ចាត់មេរោគដែលតោងជាប់ស្បែកមុខ និងជម្រុះកោសិកាចាស់ៗចោលបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ គ្រឿងផ្សំដែលបានរៀបរាប់ខាងលើក៏ដើរតួសំខាន់បំផុតក្នុងការចូលរួមធ្វើឱ្យស្បែកមុខស្រស់ស្អាតនេះ។ អ៊ីចឹងយើងមកដឹងវិធីធ្វើទាំងអស់គ្នា!
វិធីធ្វើ
-លាងគ្រឿងផ្សំទាំងមុខឱ្យស្អាត ហើយទុកឱ្យស្រក់ទឹកអស់ល្អ
-បន្ទាប់មកកាត់ក្រូចឆ្មារនិងខ្ញីជាចំណិតស្ដើងៗ ចំណែកស្លឹកគ្រៃអាចដំឱ្យបែក ឬហាន់ជាចំណិតត្រសក់ក៏បាន
-យកឆ្នាំងដាក់ទឹកចូលល្មម ហើយដាំលើភ្លើងឱ្យពុះ
-ពេលទឹកពុះហើយ ដាក់គ្រឿងផ្សំទាំងបីចូលទុកឱ្យពុះមួយស្របក់ទៀត សឹមដាក់ចុះមកឆ្ពុង
វិធីឆ្ពុង
ដំបូងត្រូវលាងមុខឱ្យស្អាតជាមុនសិន ហើយត្រៀមកន្សែងធំល្មមសម្រាប់គ្របពីលើក្បាល ឬបើមានប្រដាប់ឆ្ពុងមុខតែម្ដងកាន់តែស្រួល។
លើកឆ្នាំងទឹកដែលពុះអម្បាញ់មិញមកដាក់លើតុ ហើយឱនមុខល្មមអាចដកដង្ហើមបាន ឬគិតថាស្រួល រួចយកកន្សែងមកគ្របពីលើ។
ពេលឆ្ពុងមិនគួរឱនក្បាលខ្លាំងពេកនោះទេ ព្រោះវាអាចធ្វើឱ្យឈាមរត់បញ្ច្រាស និងចុករោយក។ ដូច្នេះគួរល្មម ឬដាក់មុខធម្មតាពីលើឆ្នាំងទឹកឆ្ពុង គ្រាន់តែគ្របកំណាត់ឱ្យជិតពីលើក៏បាន។
ពេលកំពុងឆ្ពុង យកម្រាមដៃម៉ាស្សាថ្នមៗ អូសជារង្វង់ដើម្បីសម្រួលចរន្តឈាម បន្តឹងស្បែកមុខ និងជម្រុះកោសិកាចាស់ៗចោល តែកុំប្រើដៃធ្ងន់ពេក ព្រោះអាចបណ្ដាលឱ្យជាំមុខ ឬរលាត់ស្បែកបាន។
ពេលទឹកចាប់ចុះត្រជាក់ហើយ ត្រូវដកកន្សែងគ្របចេញ ទុកឱ្យស្ងួតមុខ ឬត្រជាក់មុខមួយសន្ទុះ សឹមទៅលាងសម្អាតចេញម្ដងទៀត។
បើអាចគួរប្រើប្រេងលាបមុខដើម្បីបន្ថែមសំណើម និងមិនឱ្យស្បែកស្ងួតព្រោះតែកម្ដៅ។ វិធីនេះអាចធ្វើ២-៣ដងក្នុងមួយសប្ដាហ៍។ វាមិនត្រឹមតែជួយឱ្យស្បែកសភ្លឺថា ថែមទាំងជួយកម្ចាត់មុន និងការពារភាពជ្រីវជ្រួញបានទៀតផង៕
ចុចអាន៖ ប្រយ័ត្ន! អ្នកចូលចិត្តគេងទាំងសក់សើមដូចនាំជំងឺដាក់ខ្លួនឥតអំពើ