អូនម៉ាប់ៗកាន់តែមើលទៅស្គមជាងមុន បើដឹងគន្លឹះស្លៀកពាក់ទាំងនេះ
- 2019-05-31 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូនម៉ាប់ៗកាន់តែមើលទៅស្គមជាងមុន បើដឹងគន្លឹះស្លៀកពាក់ទាំងនេះ
ការស្លៀកពាក់គឺសំខាន់ណាស់ ព្រោះបើរើសមិនសមទំនង ច្បាស់ជាមើលទៅអាក្រក់លើសដើម។ សម្រាប់នារីមានរាងស្វែល អាចថាមិនសូវរើសច្រើនប៉ុន្មាននោះទេ តែសម្រាប់នារីធាត់លើសទម្ងន់វិញ ពិតជាជួបបញ្ហាច្រើនបន្តិចហើយ។ ថ្ងៃនេះ កញ្ញា សូមបង្ហើបគន្លឹះស្លៀកពាក់៦យ៉ាង ឲ្យមើលទៅកាន់តែស្គម និងស្អាតសិចស៊ី សម្រាប់នារីម៉ាប់ៗទាំងឡាយ។
១. អាវសំយេះស្មា
សម្រាប់នារីធាត់ មិនគួរពាក់អាវសំយេះស្មាឡើយ ព្រោះនឹងឃើញដើមដៃកាន់តែធំ មានសាច់ទ្រលុកទ្រលុនលើសដើម។ មិនត្រឹមមើលទៅមិនស្អាតនោះទេ អាវសំយេះស្មាកាន់តែធ្វើឲ្យនារីធាត់ទាំងអស់មើលទៅដូចអ្នកលេងកីឡាកាស ព្រោះឃើញសាច់បឿ ក និងសាច់ស្មាធំៗឡើងច្បាស់ក្រឡែត។ យកល្អ គួរជ្រើសអាវប្រភេទមានក និងដៃបិទបាំងស្មា ទើបអាចលាក់រាងឲ្យមើលទៅកាន់តែស្រស់ស្អាត និងស្គមជាងមុន។
២. អាវវាលកធំៗ
អាវដែលកាន់តែបញ្ចេញសាច់ជ្រុល នឹងកាន់តែធ្វើឲ្យអ្នកមើលទៅធាត់ជាងមុនលើសដើមដល់ទៅ២ដង។ មួយវិញទៀត អ្នកមានសាច់ក៏មិនគួរពាក់សម្លៀកបំពាក់ណាមានពណ៌ឆើត ដៃធ្លាក់រយាធំៗដែរ ព្រោះនឹងកាន់តែមើលទៅដូចដំរី។ជម្រើសល្អបំផុត អ្នកគួរតែស្លៀកខោអាវណា មិនសូវសិចស៊ីខ្លាំង តែមានម៉ូដទាន់សម័យ ទើបធ្វើឲ្យអ្នកកាន់តែស្អាត ហើយដើរទៅណាក៏បុរសៗក្រឡេកមើលមកអ្នកដែរ។
៣. អាវខ្លីលេចក្បាលពោះ
ដើម្បីឲ្យមើលទៅស៊ីវីល័យ នារីម៉ាប់ៗជាច្រើនយល់ថា ការពាក់បញ្ចេញក្បាលពោះឬផ្ចិត សុទ្ធតែទាន់សម័យ។ មិនដូចការគិតឡើយ ព្រោះនឹងកាន់តែបង្ហាញច្បាស់ពីទំហំចង្កេះដ៏ធំរបស់អ្នកនៅលើគោក ហើយគ្មានព្រះឥន្ទណាអាចជួយឲ្យអ្នកដទៃមើលទៅ ឃើញអ្នកស្គមឡើយ។ ជម្រើសល្អបំផុត អ្នកគួររើសយកអាវណាមានប្រវែងវែងៗ លុបក្បាលពោះ ឬចង្កេះរបស់អ្នក ទើបឃើញរាងកាន់តែសិចស៊ី និងគួរឲ្យក្នាញ់។
៤. រ៉ូបស្ដើងរឹបរាង
រ៉ូបស្ដើងៗបែបសាច់យឺតៗ ពិតជាសក្ដិសមសម្រាប់ក្មេងស្រីមានរាងតូចច្រឡឹង ព្រោះជួយឲ្យមើលទៅរឹបឃើញរាងរបស់គេកាន់តែស្វែល។ តែបើអ្នកមានសាច់ៗ ចង់ស្លៀករ៉ូបបែបនេះដែរ ប្រាកដជាខកចិត្តខ្លាំងមិនខាន ។ បើមិនចង់ឲ្យមនុស្សជាច្រើនឃើញសាច់ផ្នត់ៗរបស់អ្នកទេ សូមកុំស្លៀករ៉ូបរឹបៗ ឬសាច់យឺតឲ្យសោះ។ ដំណោះស្រាយល្អបំផុតធ្វើឲ្យអ្នកពេញចិត្តបំផុតគឺ ស្លៀករ៉ូបណារលុងៗជាងមាឌរបស់អ្នកបន្តិច តែមិនយករលុងហៀមាឌនោះទេ ឬអាចយកប្រភេទរ៉ូបណាជាអក្សរ A ដែលធ្វើឲ្យអ្នកមើលទៅឃើញកន្លាក់ចង្កេះ និងត្រគាកស្អាត។
៥. ខោខ្លីត្រឹមកំភួនជើង
គួរឲ្យសោកស្ដាយដែលអូនម៉ាប់ៗ មិនគួរស្លៀកខោប្រវែងត្រឹមកំភួនជើងឬខ្លីជាងនេះ ព្រោះខោប្រភេទនេះ ស្លៀកទៅស្អាតសម្រាប់តែអ្នកមានរាងស្វែលប៉ុណ្ណោះ។ បើពិតជាចង់ឲ្យគាប់ភ្នែក និងស្លៀកទៅមិនឆ្គង អ្នកគួរជ្រើសយកខោជើងវែង ព្រោះមិនធ្វើឲ្យអ្នកមើលទៅឃើញជើងខ្លី និងធំៗនោះឡើយ។ ដូច្នេះ ខោជើងវែងជាជម្រើសល្អបំផុត ជួយឲ្យអ្នកមើលទៅរាងខ្ពស់ និងម៉ាប់ខ្លាំងពេក។
៦. ប៊ីគីនីរាងត្រីកោណ
ទៅសមុទ្រ នារីណាក៏ចង់ស្លៀកឈុតប៊ីគីនីឲ្យស្អាតទាក់ទាញម្ដងដែរ តែសម្រាប់នារីធាត់វិញ អាចពាក់បាននូវឈុតបែបជាប់គ្នា ដើម្បីលាក់រាង។ បើយកឈុតប៊ីគីនីបែបដាច់ៗពីគ្នា មើលទៅអាក្រក់មើលណាស់៕
ចុចអាន៖ មិនចង់ស្លៀកពាក់រញ៉េរញ៉ៃច្រើន អាចលេងស្ទីលអាវយឺតច្រើនបែបយ៉ាងជឿជាក់