ហួសចិត្ត! អ្នកម្ដាយចិនកាក់ទ្វារយន្តហោះមិនឲ្យចេញដំណើរឲ្យកូនដើរទិញអីវ៉ាន់
- 2019-05-21 06:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួសចិត្ត! អ្នកម្ដាយចិនកាក់ទ្វារយន្តហោះមិនឲ្យចេញដំណើរឲ្យកូនដើរទិញអីវ៉ាន់
អ្នកដំណើរជាង១៦០នាក់ត្រូវពន្យារពេលហោះហើរប្រមាណ៣០នាទី ដើម្បីចាំកូនស្រីរបស់អ្នកធ្វើដំណើរម្នាក់ទៀតដើរទិញទំនិញ។
កាលពីពេលថ្មីៗនេះ ជើងហោះហើររបស់អាកាសចរណ៍ចិន Spring Airlines ដែលធ្វើដំណើរចេញពីទីក្រុងបាងកកប្រទេសថៃ ទៅកាន់ទីក្រុងសៀងហៃប្រទេសចិន គ្រោងនឹងចេញដំណើរនៅវេលាម៉ោង៣ ២០នាទីថ្ងៃ។ យ៉ាងណាក្ដី នៅពេលបុគ្គលិកយន្តហោះទៅបិទទ្វារដើម្បីឲ្យយន្តហោះចេញដំណើរនោះ ស្រាប់តែមានស្ត្រីវ័យកណ្ដាលម្នាក់ទៅអង្គុយនៅមាត់ទ្វារយន្តហោះដោយប្រាប់ថាខ្លួនមិនស្រួលខ្លួន។
យ៉ាងណាក្ដី មូលហេតុពិតប្រាកដនៃការកាក់មិនឲ្យបិទទ្វារនេះ ត្រូវបានគេរកឃើញថា ដោយសារតែចាំយូរពេកមិនឃើញកូនស្រីរបស់ខ្លួនឡើងយន្តហោះព្រោះតែវក់នឹងទិញទំនិញនៅក្នុងព្រលានយូរពេក ទើបស្ត្រីរូបនេះធ្វើជាមិនស្រួលខ្លួនដើម្បីពន្យារពេល។ យោងតាមការឲ្យដឹងពីបុគ្គលិករបស់អាកាសចរណ៍ខាងលើ ដោយសារតែបានប្រកាសរកអ្នកដំណើរដែលជាកូនស្រីនេះរួចហើយ ព្រមទាំងបានទូរសព្ទទៅលេខដែលបានកក់សំបុត្រផងតែមិនបាន ទើបអាកាសចរណ៍នេះសម្រេចចាត់ការតាមវិធីប្ដូរជើងហោះហើរវិញ។
ជាលទ្ធផលជើងហោះហើរនេះត្រូវពន្យារអស់៣០នាទី ហើយចុះចតនៅព្រលានយន្តហោះអន្តរជាតិសៀងហៃយឺតជាង១ម៉ោងតាមការគ្រោងទុក ធ្វើឲ្យអ្នកដំណើរ១៦០នាក់ផ្សេងទៀតមិនពេញចិត្តយ៉ាងខ្លាំង។ តំណាង Spring Airlines បានរិះគន់អ្នកដំណើរ២នាក់ខាងលើថាធ្វើដំណើរដោយគ្មានសុជីវធម៌ និងត្រូវក្រុមហ៊ុននេះបញ្ចូលចូលបញ្ជីខ្មៅ លែងឲ្យហោះនៅថ្ងៃមុខ៕