កុំឲ្យកាត់សក់ស្តាយក្រោយ ទាំងនេះជារបៀបរើសម៉ូដសក់ឲ្យសមទម្រង់មុខ មើលទៅស្រស់ស្អាត
- 2019-05-21 04:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យកាត់សក់ស្តាយក្រោយ ទាំងនេះជារបៀបរើសម៉ូដសក់ឲ្យសមទម្រង់មុខ មើលទៅស្រស់ស្អាត
សក់ជាសម្រស់មួយ ដែលជួយលើកសម្រស់នារីជាទីបំផុត ព្រោះបើកាត់មិនត្រូវទម្រង់មុខទេ ច្បាស់ជាមើលទៅអាក្រក់មើល និងចាស់ជាងវ័យមិនខាន។
ដើម្បីកុំឲ្យស្ដាយក្រោយ កាត់ហើយមិនសប្បាយចិត្ត កញ្ញា សូមប្រាប់តិចនិកថាទម្រង់មុខបែបម៉េច គួរកាត់សក់បែបណា ឲ្យមើលទៅសម និងលើកសម្រស់។
១. ទម្រង់មុខរាងត្បូងពេជ្រ
ទម្រង់មុខបែបនេះ ជាទូទៅមានថ្ងាសចង្អៀត ហើយចង្កាស្រួច និងឆ្អឹងថ្ពាល់មើលទៅឃើញច្បាស់។ បើចង់បង្កើនសម្រស់ នារីទាំងឡាយមិនគួរទុកសក់វែងពេកទេ តែគួរកាត់ម៉ូដសក់ខ្លី បែបក្តោបៗ ដើម្បីឲ្យជួយបាំងត្រង់កន្លែងឆ្អឹងថ្ពាល់ កុំឲ្យឃើញកាន់តែប៉ោងខ្លាំង ។ បើចង់ទុកសក់វែង គឺរើសម៉ូដណាបែបប៉ោងៗ ហើយទុកត្រឹមស្មា ទើបមើលទៅឡូយឆាយ។
២. ទម្រង់មុខអក្សរ V
ជាទូទៅទម្រង់មុខបែបនេះ មានទ្រេមុខវែង និងចង្កាស្រូច ដែលជាទម្រង់មុខពេញនិយមបំផុតសម្រាប់បច្ចុប្បន្ន។ សម្រាប់នារីមានសណ្ឋានមុខបែបនេះ គួរទុកសក់វែង តែមិនត្រូវវែងខ្លាំងពេកទេ ព្រោះបើវែងពេក ធ្វើឲ្យមុខកាន់តែមើលទៅតូចពេក គួរឲ្យខ្លាច ។ យកល្អ គួរទុកវែងត្រឹមប្រវែងដើមទ្រូងអី បានហើយ។
៣. ទម្រង់មុខជ្រុង
អ្នកមានទម្រង់មុខបែបនេះ មើលទៅឃើញចង្កាទូលាយ ហើយថ្ពាល់វិញធំ។ ដូច្នេះបើនារីមាន ទម្រង់មុខបែបនេះ ចង់ទុកសក់ឲ្យមើលទៅសិចស៊ី និងស្អាតគ្មានគូប្រៀបនោះ គួរជ្រើសរើសម៉ូដសក់សេះ ហើយកុំកាត់សក់ខ្លី ទុកប្រវែងសក់យ៉ាងណាឲ្យនៅត្រឹមប្រះស្មា ទើបមើលទៅឃើញស្អាត មិនស៊ាំញ៉ាំ។
៤. ទម្រង់មុខមូល
ចង់ឃើញស្អាត អ្នកមានទម្រង់មុខបែបនេះ ត្រូវរកម៉ូដសក់ណាដែលជួយឲ្យមុខមើលទៅវែង ដូច្នេះអ្នកមិនត្រូវកាត់សក់ខ្លីត្រឹម ក ឡើយ ព្រោះនឹងកាន់តែធ្វើឲ្យមុខអ្នកមើលទៅ ដូចព្រះច័ន្ទរះពេញវង់។ ដូច្នេះ នារីដែលមានទ្រេមុខបែបនេះ គួរទុកសក់វែង ទើបមើលទៅស្អាត មិនឆ្គង។
៥. ទម្រង់មុខរាងពងក្រពើ
ទម្រង់មុខបែបនេះ ភាគច្រើនមានទ្រេមុខវែង ថ្ពាល់ធំ តែចង្កាស្រួច។ បើអ្នកបានលេងម៉ូដសក់វែង មូលរួញបែបទឹករលក នោះនឹងកាន់តែស្រស់ស្អាតមួយកម្រិតទៀត។ ទម្រង់មុខនេះ អាចចាត់ទុកថា មិនសូវរើសម៉ូដប៉ុន្មានទេ មិនថាទុកសក់ខ្លី ឬវែង សុទ្ធតែមើលទៅសមសួនទាំងអស់។