១០យ៉ាង បញ្ជាក់ថាអ្នកជាមនុស្សស្រីមានសមត្ថភាពនិងលេចធ្លោជាងគេ
- 2019-05-10 09:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០យ៉ាង បញ្ជាក់ថាអ្នកជាមនុស្សស្រីមានសមត្ថភាពនិងលេចធ្លោជាងគេ
មានចំណុចជាច្រើនដែលអាចបង្កើនភាពទាក់ទាញទាញដល់មនុស្សស្រី ជាពិសេសនៅពេលដែលនាងមានសមត្ថភាពខ្ពស់ វាកាន់តែមានភាពលេចធ្លោនិងមន្តស្នេហ៍ទ្វេដង។ នាងជាមនុស្សម្នាក់ ដែលស្គាល់ច្បាស់ពីគោលដៅក្នុងជីវិត ស្គាល់ពីខ្លួនឯង ថែមទាំងមិនបាក់ទឹកចិត្តងាយៗឡើយ។ តើមានអ្វីទៀតដែលអាចសម្គាល់ថាអ្នកជាមនុស្សស្រីប្រភេទនេះ? អានចំណុចខាងក្រោមនេះ អ្នកនឹងអាចដឹងកាន់តែច្បាស់។
១. រាល់ពេលធ្វើអ្វីមួយ តែងមានគេចាប់អារម្មណ៍អ្នកច្រើន
ទោះថាចង់ឬមិនចង់ អ្នកតែងតែមានភាពលេចធ្លោជាងមនុស្សដទៃទៀត។ ទំនុកចិត្តនិងការជឿជាក់ បានឆក់យកបេះដូងអ្នកនៅជុំវិញខ្លួន។ នៅកន្លែងធ្វើការឬនៅសាលារៀន តែងមានគេឯងពឹងឲ្យអ្នកដឹកនាំលើកិច្ចការផ្សេងៗ។ បើមានកម្មវិធីជួបជុំវិញ អ្នកចេះលេងសើច ធ្វើឲ្យគេទប់សំណើចមិនបាន។ ទាំងម៉ឺងម៉ាត់ហើយកំប្លែងទៀត ទើបបានជាអ្នកដទៃចាប់អារម្មណ៍ចូលចិត្តអ្នក។
២. រស់នៅមានគោលដៅត្រឹមត្រូវ
មិនមែនរស់នៅមួយថ្ងៃឲ្យតែរួចៗទេ ព្រោះអ្នកជាមនុស្សមានគោលដៅច្បាស់លាស់ក្នុងជីវិត។ បើចង់បានអ្វីមួយហើយ អ្នកដាក់ទាំងចិត្តនិងកាយដើម្បីឈោងចាប់វាឲ្យបាន។ អ្នកថែមទាំងដឹងហើយជឿជាក់មុតមាំថា ការខិតខំប្រឹងប្រែងមិនអសារបង់ទេ។ ថ្ងៃណាមួយគង់តែបានផ្លែផ្កាមកវិញមិនខាន។
៣. មិនខ្លាចនឹងនៅម្នាក់ឯង
អ្នកចេះទទួលស្គាល់ពេលជួបការបែកបាក់ ព្រោះអ្នកមិនមែនរស់នៅពឹងលើស្នេហាតែមុខឡើយ។ អ្នកដឹងច្បាស់នូវអ្វីដែលខ្លួនគួរធ្វើ ទោះបីជាពេលកំពុងមានឬគ្មានស្នេហាក៏ដោយ។ មួយវិញទៀត នៅម្នាក់ឯង អ្នកមានពេលអានសៀវភៅ ជួបជុំមិត្តភ័ក្តិ និងធ្វើរឿងមានប្រយោជន៍ជាច្រើនទៀត ដូច្នេះហើយទើបបានជាអ្នកមិនបណ្តោយឲ្យខ្លួន ជាប់ផុងដោយសារតែរឿងបែកបាក់ប៉ុណ្ណឹងទេ។
៤. អ្នកចេះថ្លឹងថ្លែងរឿងរ៉ាវក្នុងជីវិត
អ្នកយល់ច្បាស់និងអាចគ្រប់គ្រងជីវិតខ្លួនឯងបានយ៉ាងល្អ។ អ្នកអាចធ្វើឲ្យខ្លួនឯងរស់នៅដោយក្តីសុខនិងភាពសប្បាយរីករាយ។ អ្នកយកចិត្តទុកដាក់ទាំងសុខភាពផ្លូវកាយនិងអារម្មណ៍ ថែមទាំងចេះថែរក្សាវាបានត្រឹមត្រូវបំផុត។ ការអភិវឌ្ឍខ្លួនឲ្យរីកចម្រើន បង្កើនចំណេះដឹងនិងប្រាជ្ញា ជាអ្វីដែលអ្នកមិនភ្លេចធ្វើដាច់ខាត។
៥. មានការផ្លាស់ប្តូរ
ស្របពេលមានមនុស្សមួយចំនួនភ័យខ្លាចក្នុងការផ្លាស់ប្តូរ ប៉ុន្តែសម្រាប់អ្នកវិញ គឺស្វាគមន៍ជានិច្ច។ អ្នកជឿជាក់ថាគ្មានការផ្លាស់ប្តូរស្មើនឹងគ្មានការលូតលាស់ទៅមុខដូចគ្នា។ បម្លាស់ប្តូរទាមទារឲ្យមានការលះបង់ខ្លះ ប៉ុន្តែវាជាឱកាសល្អដែលអាចនាំអ្នកទៅកាន់ភាពរីកចម្រើនដែរ គ្រាន់បើជាងការនៅនឹងមួយកន្លែង ភ័យខ្លាចមិនហ៊ានរើបម្រាសដែរ។
៦. ចេះផ្តល់ក្តីស្រលាញ់
មានមនុស្សមិនតិចទេ ដែលគិតថាអ្នកតឹងតែងមិនសូវមានមនោសញ្ចេតនាក្នុងខ្លួន។ តាមការពិតគេគិតខុសហើយ ព្រោះអ្នកមិនសូវចូលចិត្តបង្ហាញចេញមកក្រៅ ប៉ុន្តែអ្នកមានទឹកចិត្តល្អបរិសុទ្ធចំពោះមនុស្សគ្រប់គ្នា។ បើស្រលាញ់នរណាម្នាក់ហើយ គឺចេញពីចិត្តពិត ស្មោះត្រង់ និងហ៊ានលះបង់ដើម្បីម្នាក់នោះ។
៧. អ្នកដទៃអាចពិបាកយល់ពីអ្នកបន្តិច
ក្នុងសង្គមតែងមានគេឯងចង់យកគំនិតអវិជ្ជមានដើម្បីយកមកជាន់ពន្លិចអ្នក ប៉ុន្តែវាមិនអាចទៅរួចទេ ដោយសារតែអ្នកមានគំនិតនិងជំហរផ្ទាល់ខ្លួន។ ការជឿជាក់លើខ្លួនឯង ធ្វើឲ្យអ្នកដទៃមិនអាចបំបាក់បាន។ បែបនេះហើយពួកគេពិតជាពិបាកយល់និងគ្មានវិធីណា ដែលអាចធ្វើឲ្យអ្នកបាក់ទឹកចិត្តឬមិនពេញចិត្តនឹងខ្លួនឯងទេ ព្រោះអ្នកមិនធ្វើអ្វីដើម្បីផ្គាប់ចិត្តនរណាទាំងអស់។
៨. អ្នកមិនខ្លាចក្នុងការផ្សងនឹងគ្រោះថ្នាក់
សម្រាប់អ្នកគិតថា ជីវិតតែងមានហានិភ័យ ហើយវាមិនមែនជាអ្វីដែលត្រូវខ្លាចនោះទេ។ ការធ្វើអ្វីផ្សងនឹងគ្រោះថ្នាក់ អាចធ្វើឲ្យអ្នកកាន់តែរឹងមាំ ក្លាហាន ហ៊ានសាកល្បងអ្វីថ្មីៗជានិច្ច។
៩. អ្នកដឹងថាខ្លួនឯងមិនមែនចេះគ្រប់សព្វ
ភាពវ័យឆ្លាតនិងចំណេះដឹងបានបង្រៀនអ្នកថា អ្នកមិនមែនចេះសព្វគ្រប់បែបយ៉ាងនោះទេ។ ភាពមិនក្អេងក្អាងពើងទ្រូង បានជួយឲ្យអ្នកកាន់តែចេះដឹងច្រើនជាងមុន និងស្វែងយល់ពីរឿងរ៉ាវជុំវិញខ្លួនបានច្រើនជាងមុនដែរ។
១០. មិនចុះចាញ់បោះបង់ដាច់ខាត
នេះជាចំណុចទាក់ទាញដ៏ខ្លាំងរបស់អ្នក។ អ្នកដឹងថាកន្លែងដែលដើរដួល មិនមែនជាទីបញ្ចប់ តែជាជំហានដើម្បីឲ្យអ្នកងើបឈរតស៊ូ ដើរទៅមុខរហូតទទួលបានជោគជ័យ។ គ្មានទេពាក្យថា បោះបង់ឬចុះចាញ់ ព្រោះអ្នកតែងផ្តល់កម្លាំងចិត្តពេញលេញសម្រាប់ខ្លួនឯង។
ចុះអ្នកវិញ តើអ្នកមានបុគ្គលិកលក្ខណៈបែបនេះហើយឬនៅ? បើមិនទាន់មានទេ គួររៀនពីចំណុចខាងលើ ដើម្បីត្រាយផ្លូវទៅកាន់ភាពជោគជ័យក្នុងជីវិត៕
ចុចអានបន្ត៖ ទម្លាប់៩យ៉ាង ដែលមនុស្សមិនជោគជ័យតែងធ្វើនៅចុងសប្តាហ៍