រមណីយដ្ឋាន៣កន្លែង ទេសភាពស្អាតទាក់ទាញខ្លាំងក្នុងថ្ងៃឈប់សម្រាក
- 2019-05-02 06:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រមណីយដ្ឋាន៣កន្លែង ទេសភាពស្អាតទាក់ទាញខ្លាំងក្នុងថ្ងៃឈប់សម្រាក
ខែឧសភានេះ សម្បូរថ្ងៃឈប់សម្រាក កាន់តែងាយស្រួលសម្រាប់លោកអ្នកដែលចង់លម្ហែចិត្ត ចង់ដើរលេងកម្សាន្តឲ្យសប្បាយកាយ។ កញ្ញា សូមណែនាំរមណីយដ្ឋានដើរលេង៣កន្លែង មានទេសភាពស្អាត មិនចាញ់នៅបរទេស សម្រាប់លោកអ្នកដើរលេងជាមួយក្រុមគ្រួសារ មិត្តភក្កិ និងសាច់ញាតិ។
១. រមណីយដ្ឋាន សង់ដាម៉ួ
រមណីយដ្ឋាន " សង់ ដាម៉ួ " ( Champs D’Amour ) ជាកន្លែងកម្សាន្តធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងស្ថិតនៅឃុំ កូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ក្នុងតំបន់ ( ទំនប់ប្រទយ្យក្រឡា )។
អ្នកទៅលេងរមណីយដ្ឋាននេះ នឹងទទួលបានអារម្មណ៍ប្លែកតាមរយៈទេសភាពព័ទ្ធជុំវិញទៅដោយជួរភ្នំ ចម្ការទុរេន សាវម៉ៅ ម្រេច ជួរបឹងដែលមានទឹកថ្លាគួរឲ្យចង់គយគន់មិនជិនណាយ។ ក្រៅពីមានទេសភាពស្អាតហើយ រមណីយដ្ឋាននេះក៏មានកន្លែងស្នាក់នៅដ៏មានផាសុកភាពផងដែរ គឺមានផ្ទះសង់ពីឈើ នៅដាច់ៗពីគ្នា និងការតុបតែងនៅខាងក្នុងមានរបៀបរៀបរយ តាមលក្ខណៈបុរាណ ដែលអាចស្នាក់នៅជាលក្ខណៈក្រុមគ្រួសារ មិត្តភក្តិ ឬគូស្នេហ៍ ព្រមទាំងមានទីធ្លាសម្រាប់បោះតង់ផងដែរ។
២. រមណីយដ្ឋានធម្មជាតិភូមិស្លា
បើបានទៅដល់ខេត្តសៀមរាប លោកអ្នកកុំភ្លេចឈៀងចូលលេងរមណីយដ្ឋានធម្មជាតិភូមិស្លា ដែលមានទេសភាពស្អាត ខ្យល់អាកាសត្រជាក់ចិត្ត។ លើសពីនេះ ទីនេះក៏មានខ្ចុសជាច្រើនអ្នកទេសចរទុកជួលសម្រាកលម្ហែកម្សាន្ត បណ្ដែតអារម្មណ៍គយគន់មើលថ្ងៃលិច ព្រមទាំងមានអាហារ ឆ្ងាញ់ៗដូចជា មាត់បំពង ត្រីដុត ច្រើនមុខទៀតផងដែរ។
លោកអ្នកអាចធ្វើដំណើរតាមផ្លូវក្រវាត់ក្រុងឆ្ពោះទៅកាន់វត្តចក ចូលតាមច្រកផ្សារកន្ត្រក ប្រមាណ ២ គីឡូម៉ែត្រ លោកអ្នកនឹងបានឃើញដើមឈើដង្គត់ទើបដុះពន្លកស្លឹកថ្មីឈរកណ្ដាលទ្រូងផ្លូវ ជាសញ្ញាប្រាប់ភ្ញៀវថា ដល់ទីតាំងរមណីយដ្ឋានធម្មជាតិភូមិស្លាហើយ។
៣. រមណីយដ្ឋានភូមិផ្កាត្រកួន
កន្លែងកម្សាន្តនេះនៅកៀកបង្កើយរាជធានីភ្នំពេញ ដោយស្ថិតនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
បើធ្វើដំណើរតាមផ្លូវជាតិលេខ ២១A ពីទួលក្រសាំងមក រមណីយដ្ឋាននេះ មានចម្ងាយប្រមាណ ២០គីឡូម៉ែត។ តែបើសិនជាធ្វើដំណើរតាមផ្លូវជាតិលេខ ២១ រមណីយដ្ឋាននេះមានចម្ងាយ ២៧គីឡូម៉ែត ដោយត្រូវវៀងកោះអន្លុងចិន នឹងជិះកាត់តាមកោះក្របី។
លោកអ្នកអាចរីករាយនឹងការថតរូបជាមួយផ្កាច្រើនពណ៌ចម្រុះគ្នា រួមនឹងការជិះទូកលេងយ៉ាងសប្បាយផងដែរ៕
រូបភាព៖ ទេសចរណ៍ -Tourism