ធ្វើរឿងទាំងនេះឱ្យបានមុនម៉ោង៩ព្រឹក ជីវិតនឹងពេញដោយសុភមង្គល រស់ក៏បានយូរ

  • 2019-04-24 07:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់អត់? កាល​ពី​នៅ​តូច ម៉ាក់​តែង​មក​ដាស់​​ឱ្យ​ក្រោក​ពី​ព្រឹក ដើម្បី​រៀប​ចំ​ខ្លួន​ទៅ​រៀន​ទាន់​ពេល? ទម្លាប់​បែប​នេះ​បើ​អាច​អនុវត្ត​បន្ត​រហូត​ដល់​ចាស់​បាន មិន​មែន​ត្រឹម​តែ​អាច​ជួយ​ឱ្យ​យើង​​រៀប​ចំ​ខ្លួន​​ទៅ​រៀន ឬ​ធ្វើ​ការ​ទាន់​ពេល​ទេ ថែម​ទាំង​អាច​ផ្ដល់​ឱ្យ​ជីវិត​នូវ​សុភមង្គល​បាន​ទៀត​ផង។ សម្រាប់​អ្នក​ក្រោក​លឿន បើ​អាច​ធ្វើ​រឿង​ទាំង​នេះ​​បាន​ម៉ោង​៩​ព្រឹក អ្នក​នឹង​ឃើញ​ភាព​ខុស​គ្នា​នៃ​ជីវិត​ដែល​ធ្លាប់​មាន​ពី​មុន។

ផឹក​ទឹក

រូបតំណាង

ការ​ញ៉ាំ​ទឹក​នៅ​ពេល​ព្រឹក ក្រោក​ភ្ញាក់​ពី​គេង និង​​ពេល​មិន​ទាន់​ញ៉ាំ​អាហារ​ពេល​ព្រឹក​អាច​ជួយ​ឱ្យ​រាងកាយ​មាន​សុខភាព​ល្អ គ្រប់គ្រាន់​សីតុណ្ហភាព​ក្នុង​រាងកាយ សម្រួល​ចរន្ត​ឈាម ​លាង​តម្រង​នោម​បាន​ស្អាត​ល្អ និង​ជម្រុះ​កាកសំណល់​អាក្រក់​ចេញ​ពី​រាងកាយ។

ហាត់​ប្រាណ​តិចៗ

រូបតំណាង

ការ​ហាត់​ប្រាណ​ពិត​ជា​ល្អ​សម្រាប់​រាងកាយ​ខ្លាំង​ណាស់។ ដោយ​សារ​ពេល​គេង រាងកាយ​យើង​មិន​បាន​ធ្វើ​ចលនា​ ដូច្នេះ​ទើប​ពេល​ក្រោក​ឡើង​គួរ​បញ្ចេញ​ចលនា​ខ្លះ​ដើម្បី​​សម្រួល​សន្លាក់ សរសៃសសូង និង​មុខ​ងារ​ឈាម​ឱ្យ​ប្រសើរ​ឡើង​វិញ។

ចុចអាន៖ ១២​ ក្បាច់​សម្រក​ខ្លាញ់​ងាយៗ​ ​អ្នក​ខ្ជិល​ៗ​នៅ​តែ​លើ​គ្រែ​ក៏​ហាត់​បាន

បង្កើត​ស្នាម​ញញឹម

រូបតំណាង

ធម្មតា​ក្រោក​ពី​គេង​រាល់​ថ្ងៃ​ត្រូវ​ឈរ​នៅ​មុខ​កញ្ចក់​ ហោច​ណាស់​ក៏​ពេល​សិត​សក់​ដែរ។ អ៊ីចឹង​ហេតុ​អី​មិន​សាក​ញញឹម​ខ្លះ? វា​អាច​ជា​រឿង​គួរ​ឱ្យ​ខ្មាស​ពេល​ដំបូង តែ​យូរៗ​ទៅ​ វា​នឹង​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ល្អ ​ផ្ដល់​ជំនឿ​ចិត្ត​ដល់​ខ្លួន​ឯង និង​អាច​ឱ្យ​យើង​ប្ដូរ​ពី​មនុស្ស​ចូល​ចិត្ត​ឯកោ មក​ជា​​ងាយ​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ​ក៏​ថា​បាន។

ចំណាយ​ពេល​ជាមួយ​គ្រួសារ

រូបតំណាង

កុំ​ទាន់​ស្រែក​ថា ព្រឹក​ឡើង​រក​តែ​ពេល​រៀប​ចំ​ខ្លួន​ទៅ​ធ្វើ​ការ​មិន​ទាន់​ផង ឱ្យ​ចំណាយ​ពេល​ជាមួយ​គ្រួសារ​ស្អី? បើ​អ្នក​ក្រោក​ពី​ព្រលឹម អ្នក​ច្បាស់​​ជា​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ចំណាយ​ពេល​ជាមួយ​កូន​ ដូច​ជា​ងូត​ទឹក​ឱ្យ​កូន ដាំ​បាយ​ធ្វើ​ម្ហូប​ឱ្យ​អូន​អូន​ញ៉ាំ ឬ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជាមួយ​គ្នា។ វា​ជួយ​ឱ្យ​អ្នក​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ​បាន​មួយ​ផ្នែក ព្រោះ​សម័យ​​នេះ​ មនុស្ស​ភាគ​ច្រើន​ព្រលឹម​ចេញ ព្រលប់​ចូល ហើយ​មិន​សូវ​មាន​ពេល​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​កូន​ និង​គ្រួសារ​ឡើយ។ ដូច្នេះ​វិធី​អាច​ជួយ​អ្នក​បាន។

រៀប​ចំ​ពូក​ខ្នើយ​ឱ្យ​មាន​សណ្ដាប់​ធ្នាប់

រូបតំណាង

ទម្លាប់​បែប​នេះ​នឹង​ជួយ​ឱ្យ​អ្នក​ក្លាយ​ជា​មនុស្ស​មាន​សណ្ដាប់​ធ្នាប់ និង​រៀប​រយ ព្រោះ​កន្លែង​គេង​ជា​រឿង​សំខាន់ បើ​ពូក​ខ្នើយ​មាន​របៀប គេង​ក៏​លក់​ស្រួល តែ​បើ​កន្លែង​គេង​សុកមម៉ុក ខោអាវ​រាយ​ប៉ាយ​ខ្ញិកខ្ញុក កុំ​ឆ្ងល់​ថា​ហេតុ​អី​គេង​មិន​លក់​ដូច​គេ។

រៀប​គម្រោង​សម្រាប់​ថ្ងៃ​នេះ

ការ​រៀប​គម្រោង​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ក្នុង​ថ្ងៃ​នេះ អាច​ជួយ​អ្នក​ឱ្យ​ចំណាយ​ថ្ងៃ​ថ្មី​ដោយ​រលូន និង​មិន​សូវ​ស្មុគស្មាញ។ គួរ​គិត​ដល់​រឿង​ល្អៗ និង​​អ្វី​ដែល​អាច​ជះ​ឥទ្ធិពល​ល្អ​សម្រាប់​ការងារ​ក្នុង​ថ្ងៃ​នេះ ជាជាង​រឿង​អាក្រក់​ដែល​អាច​ប៉ះពាល់​អារម្មណ៍​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។

តាម​ដាន​ព័ត៌មាន

រូបតំណាង

សម័យ​នេះ​ស្រួល​សឹង​អី! ទាញ​តែ​ទូរសព្ទ​មក​ក៏​អាច​ដឹង​ព័ត៌មាន និង​រឿង​រ៉ាវ​ដែល​កំពុង​កើត​ឡើង​ក្នុង​សង្គម​​បាត់​ទៅ​ហើយ។ ការ​តាម​ដាន​ព័ត៌មាន​នៅ​ពេល​ព្រឹក​អាច​ជួយ​ឱ្យ​អ្នក​បាន​ដឹង​​ការ​វិវត្ត​ថ្មីៗ និង​​អាច​ត្រៀម​ខ្លួន ឬ​មាន​គំនិត​ថ្មីៗ​លេច​ឡើង​ក្នុង​ខួរ​ក្បាល​សម្រាប់​ការងារ​ថ្ងៃ​នេះ​ក៏​ថា​បាន។

ដាច់​ខាត​ហាម​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក

មិន​ថា​មាន​ពេល​តិច ឬ​ច្រើន​ប៉ុណ្ណា​ទេ អាហារ​ពេល​ព្រឹក​មិន​អាច​រំលង​បាន​ឡើយ ព្រោះ​វា​ជា​ប្រភព​ថាមពល​សំខាន់​សម្រាប់​ការ​បំពេញ​ការងារ​ថ្ងៃ​នេះ។ ដោយ​សារ​រាងកាយ​យើង​ត្រូវ​សម្រាក​ពេញ​មួយ​យប់ ហើយ​ត្រូវ​ក្រោក​មក​ធ្វើ​ការ​នៅ​ថ្ងៃ​ថ្មី​ ដូច្នេះ​បើ​មិន​ញ៉ាំ​អាហារ​ចូល​ទៅ​បង្កើន​ថាមពល​ទេ យូរៗ​ទៅ​រាងកាយ​នឹង​ទ្រុឌទ្រោម បាត់​បង់​កម្លាំង​ជាក់​ជា​មិន​ខាន ឬ​ពេល​ខ្លះ​ឈាន​ដល់​ការ​កើត​ជំងឺ​សាហាវៗ​​ទៀត​ផង៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សរ សុគន្ធី