អារម្មណ៍នឹកសង្សារចាស់មាន តែស្រលាញ់វិញគឺអត់ដាច់ខាត
- 2019-04-22 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារម្មណ៍នឹកសង្សារចាស់មាន តែស្រលាញ់វិញគឺអត់ដាច់ខាត
នៅពេលចង់បែកគ្នា សូមគិតដល់មូលហេតុដែលបានចាប់ផ្ដើមនឹងគ្នា ហើយពេលចង់ត្រូវគ្នាជាមួយសង្សារចាស់ សូមគិតដល់មូលហេតុដែលចង់បែក។
រឿងបែកគ្នា ហើយត្រូវគ្នាវិញ គឺមិនមែនជារឿងចម្លែកឡើយសម្រាប់គូស្នេហ៍ទាំងឡាយ។ តែនៅទីនេះ យើងមិនរាប់មិនបញ្ចូលការបែកគ្នាដោយសារខឹងមួយឆាវៗ ហើយត្រូវគ្នាវិញទេ។ ក្រោយការឈឺចាប់ និងរងរបួសផ្លូវចិត្ត មនុស្សស្រីភាគច្រើនចាប់ផ្ដើមមានគំនិតត្រលប់រកស្នេហាចាស់វិញ។ តែគ្រាន់តែចង់ប្រាប់ថា មិនមែនអ្វីដែលខូចហើយ សុទ្ធតែអាចជួសជុលបាននោះទេ ហើយមិនមែនមុខរបួសណាក៏អាចព្យាបាលបាននោះដែរ។
រយៈពេលក្រោយបែកគ្នា គឺជាកំឡុងពេលដែលគួរឲ្យខ្លាចបំផុតសម្រាប់មនុស្សស្រី។ ភាគច្រើននឹងធ្លាក់ខ្លួនទ្រុឌទ្រោម គិតអ្វីមិនត្រូវ។ ទោះបីជាមូលហេតុបែកគ្នាជាអ្វីក៏ដោយ កាត់ផ្ដាច់ទំនាក់ទំនងជាមួយមនុស្សដែលយើងធ្លាប់ស្រលាញ់ម្នាក់គឺពិបាកបំផុត។ ក្រោយបែកគ្នា ទៅដល់ណា ជាមួយអ្នកណា ក៏នៅតែនឹកឃើញអ្នកចាស់។ អារម្មណ៍ឯកានឹងតាមលងមនុស្សស្រីយូរទៀត ទម្រាំនាងអាចបំភ្លេចគេបាន។ តែតាមជាក់ស្ដែង នេះគ្រាន់តែជាអារម្មណ៍ដែលនៅអាល័យប៉ុណ្ណោះ មិនមែនស្នេហាទៀតឡើយ កុំបណ្ដោយខ្លួនឲ្យផុងឲ្យសោះ។
ពិភពលោកនៅខាងក្រៅនោះ នៅមានមនុស្សរាប់សែននាក់ទៀតដែលល្អជាងអ្នកចាស់របស់អ្នក ហើយស័ក្ដិសមសម្រាប់អ្នកជាង។ ក្រោយបែកគ្នា មនុស្សស្រីគិតថា ខ្លួនមិនអាចរស់ខ្វះគេបាន ហើយបើគ្មានគេស្រលាញ់យើង នឹងគ្មានអ្នកណាស្រលាញ់យើងទៀតទាំងអស់។ តែអ្នកខុសហើយ មានមនុស្សប្រុសឬអត់ គឺមិនប៉ះពាល់ដល់ជីវិតយើងឡើយ។ រស់គឺត្រូវដើម្បីខ្លួនឯង មិនមែនសម្រាប់អ្នកផ្សេងទេ។
មូលហេតុដំបូងដែលអ្នកទាំង២បែកគ្នាគឺដោយសារតែ គោលជំហរលែងត្រូវគ្នា។ សាកនឹកឡើងវិញមើលថា មូលហេតុអីបានបែកគ្នា? គឺមកពីអស់ស្រលាញ់គ្នាមែនទេ គឺធុញទ្រាន់នឹងគ្នាមែនទេ? មានរឿងជាច្រើន ទោះរយៈពេលយូរប៉ុណ្ណាក៏មិនអាចផ្លាស់ប្ដូរបានដែរ នៅក្នុងនោះរួមបញ្ចូលទាំងចិត្តមនុស្សដូចគ្នា។ គេអាចសន្យាថាកែប្រែ តែគេនឹងដើររកផ្លូវចាស់វិញដដែល ហេតុនេះហើយ សង្សារចាស់ អាចនឹកបាន ព្រោះនៅអាល័យ តែមិនអាចស្រលាញ់បានឡើយ។ បើចង់ស្រលាញ់វិញ សូមគិតដល់គ្រាដែលអ្នកចង់បែកបំផុត នោះនឹងធ្វើឲ្យអ្នកភ្លេចគេបាន៕
ចុចអាន៖ អ្នកនឹងប្រតិកម្មយ៉ាងណា បើថ្ងៃណាមួយដឹងថា សង្សារនៅទុករូបសង្សារចាស់នៅឡើយ?