ទទួល​បានការ​ឲ្យ​តម្លៃ​ខ្ពស់​ពី​អ្នក​ជុំវិញ​ខ្លួន ត្រូវហាត់ពត់​ខ្លួន​ឯងឲ្យ​មាន​ចំណុច​នេះ

  • 2019-03-29 03:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ពិត​នារី​ម្នាក់់ៗ​សុទ្ធ​តែ​មាន​ចំណុច​ពិសេស​រៀងៗ​ខ្លួន ប៉ុន្តែ​អ្វី​ដែល​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​លេចធ្លោ និង​ពិសេស​​កាន់​តែ​ខ្លាំងនោះ​អ្នក​ត្រូវ​បង្វឹក​ខ្លួន​ឯង​ឲ្យ​មាន​ចំណុច​ទាំង​នេះ​។ យ៉ាង​ណា​ក៏​ដោយ​គ្មាន​អ្នក​ណា​អាច​ល្អ​ឥតខ្ចោះនោះ​ទេ គ្រាន់​តែ​បើ​អាច​ពត់ខ្លួន​ឲ្យ​កាន់​តែ​ល្អ​នោះ​ វា​កាន់​តែ​ប្រសើរ ៖

១. ការ​រៀបចំខ្លួនឲ្យ​ថ្លៃថ្នូរ

រូបរាងខាង​ក្រៅ​ក៏​ជា​ចំណុច​ទាក់ទាញ​មួយ​ដែរ បើ​អ្នក​រៀបចំ​ខ្លួន​បែប​រយីរយាកគេ​មើល​តាម​ហ្នឹង​ដែរ។ ត្រូវ​រៀបចំខ្លួន​ឲ្យ​បាន​ស្អាត​បាត ថ្លៃថ្នូរ កុំ​ឲ្យ​គេ​វាយ​តម្លៃ​បាន ព្រោះ​ដឹង​ស្រាប់​ហើយ​មនុស្ស​ខ្លះ​គឺ​មិន​បាន​ចាំ​សង្កេត​យើង​គេ គឺ​គេ​ចាំ​តែ​ចាប់​ចំណុច​ខ្សោយ​យើង​តែ​ម្ដង។

រូបតំណាង

**២. ភាព​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ**

ភាព​ចុះសម្រុង​ជាមួយ​អ្នក​ដទៃ​គឺ​សំខាន់​ណាស់​ ទោះបី​ជា​អ្នក​ទៅ​ដល់​ណា​ក៏​មាន​គេរាប់​អាន​ស្រឡាញ់​ចូល​ចិត្ត​ដែរ។ ចំណុច​នេះ​សំដៅ​ដល់​ឫកពា សម្ដី​សម្ដៅ ការ​សម្រប​ខ្លួន​ជាមួយ​ស្ថានភាព​ដែល​អ្នក​ជួប។ ជាក់ស្ដែង​បើ​អ្នក​​ទៅ​លេង​ផ្ទះ​មិត្ត​នៅ​ឯ​ចម្ការ បន្ទាប់​មក​អ្នក​ធ្វើ​ចរិត​បែប​កូន​អ្នក​មាន មិន​ចេះ​ញ៉ាំ​ម្ហូបស្រុកស្រែ ឬ​គេង​នៅ​ទី​នោះ​ទេ​ ទាំង​នេះ​ហើយ​ពេល​ខ្លះវា​អាច​ឲ្យ​អ្នក​ត្រូវ​គេ​វាយ​តម្លៃ​ក៏​ថា​បាន។

៣. មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

ជានារីដែល​អាច​មើល​ទៅ​ទាក់ទាញ​ និង​ពិសេស​នោះគឺទំនុក​ចិត្ត ភាពជឿជាក់​លើ​ខ្លួន​ឯង​ មិន​ភ័យ​ខ្លាច​ពេល​ដែល​មាន​បញ្ហា​ និង​ចេះ​គ្រប់​គ្រង​ខ្លួនឯង។ មិន​មែន​ជា​មនុស្ស​ដែល​មាន​បញ្ហា​តិចតួច រំអួយ ស្មុគស្មាញ​ធ្វើ​អី​មិន​កើត ចាំ​តែ​ស្រែក​ហៅ​គេ​នោះ​ទេ។

៤. មាន​ធម្មជាតិជា​មនុស្ស​ស្រី​

ត្រង់​នេះ​សម្ដៅ​ដល់​អត្តចរិតទន់ភ្លន់ កក់​ក្ដៅ និង​ស្មោះត្រង់។ ទន់ភ្លន់​មាន​ន័យ​ថា​ដឹង​ខ្ពស់​ ដឹង​ទាប ចេះ​ឱនលំទោនចំពោះ​មនុស្ស​ជុំវិញ​ខ្លួន។ កក់ក្ដៅ​គឺ​ចង់​ឲ្យ​អ្នក​ចេះ​បង្កើន​ភាព​ស្និទ្ធស្នាល ក្ដី​ស្រឡាញ់ជាមួយ​អ្នក​ដទៃ​ទោះ​មិន​ធ្លាប់​ស្គាល់​គ្នា​ពីមុន​មក​ក៏​ដោយ។ រីឯស្មោះត្រង់​គឺ​ចង់ឲ្យ​​អ្នក​ជា​មនុស្ស​ស្រី​ដែល​គេ​អាច​ជឿជាក់​បាន មិន​ចេះល្បិចកលឈ្នានីស ឬ​បោក​ប្រាស​អ្នក​ដទៃ​ដើម្បី​ប្រយោជន៏​ខ្លួន។

៥. មាន​ភាព​វ័យ​ឆ្លាត​

ធ្វើ​ជា​មនុស្ស​ស្រី​ដែល​ខ្លាំង​ម្នាក់​អ្នក​ត្រូវ​តែ​មាន​​ចំណេះ​ដឹង​ បញ្ញា​ឈ្លាសវៃ​ រហ័សរហួន​ មិន​មែន​មោក​ៗ​​ឲ្យ​តែ​គេ​បោក​បាន​ឡើយ។ ភាពឈ្លាសវៃ​គឺ​ចង់​ឲ្យ​អ្នក​ដឹង​កាលៈទេសៈ ឆាប់យល់​ ឆាប់​ចាប់​បាន​ពី​អ្វី​ដែល​គេ​និយាយ។

៦. មាន​ភាព​ឯក​រាជ្យ​លើ​ខ្លួន​ឯង​​

គ្មាន​អ្នក​ណា​អាច​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​គ្រប់​រឿង​នោះ​ទេ​ តែ​អ្នក​ក៏​គួរ​តែ​មាន​ឯករាជ្យ​លើ​ខ្លួន​ឯង​ខ្លះ​ កុំ​ធ្វើ​អ្វី​តាម​តែ​គេ​ប្រាប់​ អ្វី​ដែល​អ្នក​ធ្វើ​បាន​អ្នក​គួរ​តែ​ធ្វើ​ដោយ​មិន​បាច់​ពឹង​អ្នក​ផ្សេង​នោះ​ទេ​។ អ្នក​ត្រូវ​ចេះ​សម្រេច​ចិត្ត​អ្វី​មួយ​ដោយ​ខ្លួន​ឯង​ ហ៊ាន​ទទួល​លើ​អ្វី​ដែល​ខ្លួន​សម្រេច​ចិត្ត​ មិន​មែន​ចេះ​តែ​ឲ្យ​គេ​សម្រេច​ជំនួស​អ្នក​នោះ​ទេ​ ព្រោះ​ជីវិត​អ្នក​​ អ្នក​គួរតែ​ចេះ​គ្រប់​គ្រង​វា។

រូបតំណាង

សុទ្ធ​តែ​ជា​ចំណុច​ល្អ​ដែល​អ្នក​ត្រូវ​តែ​មាន ព្រោះបើ​អ្នក​ចេះ​តែ​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​អន់​ទៅ​ៗ​នោះ​អ្នក​ផ្សេង​ក៏​ឲ្យ​តម្លៃ​ទៅ​តាម​នោះ​ដែរ៕

ចុចអាន៖បើ​មាន​អារម្មណ៍​ថា «ហួស​ពេល​​នឹង​​រក​ជោគជ័យក្នុងជីវិត» គួរតែងាក​មក​គិតរឿង​ទាំង​នេះ​

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម