កំហុស​ធំៗ​​​៥​ ធ្វើ​ឲ្យ​​​រន្ធញើស​​​​​​លើ​មុខ​រីក​​កាន់​​តែ​ធំ​ទៅៗ

  • 2019-03-28 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​រន្ធ​​ញើស​​​​ធំ​​​​នៅ​​លើ​​​ផ្ទៃ​មុខ​​​គឺ​ជា​​ក្តី​​​​​ព្រួយ​​​បារម្ភ​​របស់​​​មនុស្ស​​ស្រី​គ្រប់​គ្នា​​។ ​ការ​​ផាត់​​​​ម្សៅ​​​ក្រាស់ៗ អាច​​ជួយ​​​​បិទបាំង​​​បាន​មួយ​​​​រយៈ​ពេល​​​ ប៉ុន្តែ​​​​វា​​មិន​​អាច​ព្យាបាល​​​​​ឡើង​​​​វិញ​​បាន​ឡើយ មាន​តែ​ធ្វើ​ឲ្យ​​​រន្ធ​ញើស​​កាន់​​តែ​​​រី​ក​​​​ធំ​​លើស​​​​ដើម​​​។ ហេតុ​​នេះ​​​ហើយ​​​ស្រី​​ៗ ត្រូវ​​​​តែ​ទប់​​ស្កាត់​​​ការពារ​​ឲ្យ​​​ហើយ​​​ មុន​​​​​​រន្ធ​​​ញើស​​​​​​បែក​​សាច​​​ពេញ​​មុខ មើល​ទៅ​​​ខូងៗ​​មិន​ម៉ដ្ឋរលោង​។

​១. បណ្តោយ​​ឲ្យ​​​​​មុខ​​​ត្រូវ​​​ពន្លឺ​​​ថ្ងៃ ដោយ​​​មិន​​​​ប្រើ​​របស់​​ការពារ​

​​​​អ្នក​​​​ដឹង​​ហើយ​​​ថា ពន្លឺ​​​​ថ្លៃ​​បង្ក​​ផល​​​ប៉ះពាល់​​យ៉ាង​​ខ្លាំង​​​​ដល់​​​ស្បែក ជា​​​​​សត្រូវ​​​​​ដ៏​​​ធំ​​ដែល​​​ចូល​​​ទៅ​​​​​បំផ្លាញ​​​ជាតិ​​​ខូឡាជែន​​ក្នុង​​​​ស្បែក​។ ពេល​​​​​​​​ស្បែក​​​បាត់​​បង់​​​ខូឡាជែន នោះ​​ស្បែក​នឹង​​ប្រែ​​​​ទៅ​​ជា​​​​​​ឆាប់​​​​យារ​​ធ្លាក់​​​​​​ និង​​​​​​​បណ្តាល​ឲ្យ​​​រន្ធញើស​​​រីក​ធំ​​​​ខ្លាំង ស្បែក​​​មាន​​សភាព​​រឹង​​​។ គួរ​​ជ្រើស​​រើស​​​​​ឡេ​ឬ​គ្រីម ការពារ​​​​កម្តៅ​​​ថ្ងៃ​ណា ដែល​​​មិន​ធ្វើ​​ឲ្យ​​ស្ទះ​​​​​រន្ធ​​​ញើស​​​​​​​និង​​​​​​​កើត​​មុន​​​​​​​​។​

​​​​​២. ​​ប្រើ​​​ផលិត​ផល​​​​​មិន​​ត្រូវ​ជាមួយ​ប្រភេទ​​ស្បែក​

​​​​សម្រាប់​អ្នក​ស្បែក​​ស្ងួត​​​មិន​សូវ​ជា​មាន​​​​​បញ្ហា​​ប៉ុន្មាន​​ទេ ​តែ​​​​​សម្រាប់​​​ស្បែក​​​​ខ្លាញ់​​​​វិញ​​​ ទើប​ពិបាក​​​ខ្លាំង​​​។ បើ​​​​មិន​​​ប្រុង​ប្រយ័ត្ន​​​​ ជ្រើស​​រើស​​ឲ្យ​​​ត្រូវ​​នឹង​​​ប្រភេទ​​ស្បែក​​ទេ ​នោះ​​មុខ​​​អាច​នឹង​ឡើង​​រោល​​​​រមាស់​ ធ្វើ​​​​​​ឲ្យ​​​រន្ធ​ញើស​​រីក​​កាន់​​តែ​​​​​ខ្លាំង​​​​​​។

​៣. ញ៉ាំ​អាហារ​​បំពង​​​​​ច្រើន​ពេក​

​អាហារ​​បំពង​​​​​​​ តែង​តែ​មាន​រសជាតិ​​​ឆ្ងាញ់ ប៉ុន្តែ​​វា​​មិន​ល្អ​​​​​សម្រាប់​​សុខភាព​​ស្បែក​​​សូម្បី​តែ​​បន្តិច​​​។ ដោយ​សារ​អាហារ​​​ដែល​មាន​​ជាតិ​​ខ្លាញ់​​​ច្រើន អាច​​​​បណ្តាល​​ឲ្យ​​​មុខ​ឡើង​មុន​​ ស្បែក​​មិន​​ស្រស់​​​​ថ្លា ​និង​​​រន្ធ​ញើស​​រីក​​ធំ​​​ឡើង​​បន្តិច​​ម្តងៗ​។​

​​​៤. មិន​លាង​​ជម្រះ​​គ្រឿង​​សម្អាង​ឲ្យ​​បាន​​​ស្អាត​ល្អ

ដឹង​​ហើយ​ថា​ពេល​ខ្លះ​​រវល់​​ខ្លាំង​​​ មិន​មាន​ពេល​​​ច្រើន​​​​ដើម្បី​​ថែរក្សា​​សម្រស់​ តែ​បើ​​មិន​​ឆ្លៀត​​មួយ​ភ្លែត ពេល​​​​បាក់​​សម្រស់​​អ្នក​​​ច្បាស់​​​ជា​ស្តាយ​​ក្រោយ​។ ដាច់​​​ខាត​​ហាម​គេង​​​ទាំង​​​​មុខ​​នៅ​មាន​​​​​គ្រឿង​​សម្អាត ឬ​​គ្រាន់​តែ​លុប​ជាមួយ​​ទឹក​ល្មមៗ​ក៏​​ហើយ​ស្រេចនោះ​។ ជាតិ​​​កង្វក់​​ទាំង​​អស់​​នឹង​​ធ្វើ​​​ឲ្យ​​ស្បែក​មុខ​គ្មាន​​សុខភាព​​ល្អ កើត​​មុន ពង្រីក​​រន្ធ​ញើស​​ជាក់​ជា​មិន​ខាន​។

​​៥. ចូល​​​ចិត្ត​​យក​​ដៃ​​​​​អង្អែល​​ឬ​​ញេច​មុន​​លើ​មុខ​

​​​ពេល​​ឃើញ​​​មុន​​​​នៅ​លើ​​មុខ ទ្រាំ​មិន​បាន​ទេ​​ ចង់​តែ​​​យក​​ដៃ​​ញេច​​​ឲ្យ​​ចេញ​មក​ខាង​ក្រៅ។ នេះ​ជា​ទម្លាប់​អាក្រក់​​ខ្លាំង​ណាស់​ ព្រោះ​​​​​​​​​ការ​​​​​ញេច​មុន​​​ឬ​​​យក​​​ដៃ​​ទៅ​​​ស្ទាប​​អង្អែល​​​ចុះ​​ឡើងៗ​​ គ្មាន​បាន​អ្វី​​​មក​​​វិញ​​ក្រៅ​ពី​​​ធ្វើ​​ឲ្យ​​មុន​​តែ​​​​​រីក​រាល​ដាល ​​មាន​ស្នាម​​​សម្លាក​ និង​​​​​រន្ធ​​ញើស​​បែក​ធំ​​ទេ​​។ គួរ​​រក​​ផលិត​ផល​និង​​​​វិធី​​​ព្យាបាល​​ឲ្យ​បាន​​ត្រឹម​ត្រូវ មិន​មែន​​ចេះ​​​តែ​ញេចៗ​ពាល​​​វាល​ពាស​​​កាល​​​ទេ​៕​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម