គិត ៤ ចំណុចនេះឲ្យច្បាស់សិន មុនសម្រេចចិត្តស្រលាញ់បុរសណាម្នាក់
- 2019-03-26 08:10:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិត ៤ ចំណុចនេះឲ្យច្បាស់សិន មុនសម្រេចចិត្តស្រលាញ់បុរសណាម្នាក់
សុភមង្គលពិតប្រាកដនឹងកើតឡើងនៅពេលដែលអ្នកជ្រើសរើសមនុស្សត្រូវ។ តែវានឹងបាត់ទៅវិញភ្លាមៗបើអ្នកប្រហែសតែបន្តិច។ បើមិនចង់ខុសក្នុងរឿងស្នេហា នារីៗគួរតែគិតគូលើ ៤ ចំណុចនេះឲ្យច្បាស់សិន មុនសម្រេចចិត្តថាស្រលាញ់ និងជ្រើសយកបុរសណាម្នាក់មកដាក់ក្នុងបេះដូង ព្រោះស្នេហាមិនមែនជាការស្រលាញ់គ្នាតែ១ថ្ងៃ ឬ ១ឆ្នាំទេ តែវាជាក្ដីស្រលាញ់មួយដែលអ្នកទាំងពីរត្រូវមើលថែអស់មួយជីវិត។
១. ត្រូវប្រាកដថាជាគូជីវិត មិនមែនគូកម្ម
មនុស្សមួយចំនួនមិនស្គាល់អ្វីហៅថាជាស្នេហ៍ពិតទេ។ នេះប្រហែលមកពីគេមិនបានគិតវែងឆ្ងាយជាមួយមនុស្សដែលគេស្រលាញ់ ឬមួយគេមិនដែលបានជួបពីមុនមក។ អ្នកខ្លះចូលមកដោយភាពស្មោះត្រង់ អ្នកខ្លះទៀតចូលមកគ្រាន់តែចង់បានអ្វីម៉្យាងពីអ្នកតែប៉ុណ្ណោះ។ កុំប្រញាប់សម្រេចចិត្តលឿនពេក គួរតែទុកឲ្យពេលវេលាជាអ្នកបញ្ជាក់ឲ្យច្បាស់ថាគេជាមនុស្សបែបណាឲ្យពិតប្រាកដ។
២. បដិសេធមិនទទួលយកនូវអ្វីដែលអ្នកមិនពេញចិត្ត
តើអ្នកធ្លាប់ស្រលាញ់នរណាម្នាក់ដែលតែងតែប្រើពាក្យថាស្រលាញ់ នៅពេលចង់បានអ្វីដែលគេត្រូវការដែរទេ? នៅពេលអ្នកមិនធ្វើអ្វីតាមដែលគេប្រាប់ ឬស្នើសុំ គេតែងប្រើពាក្យថា អូនឯងមិនស្រលាញ់បង។ ពេលឮពាក្យនេះធ្វើឲ្យអ្នកប្រែជាស្ទាក់ស្ទើរ ហើយទីបំផុតក៏ធ្វើតាមគេ។
មនុស្សស្រីទាំងអស់ត្រូវចាំ បើអ្នកមានអារម្មណ៍ថាអ្វីដែលគេសុំមិនមែនជារឿងត្រឹមត្រូវ កុំភ័យខ្លាចនឹងបដិសេធគេអី ។ អ្នកដែលស្រលាញ់យើងពិត គេមិនធ្វើបែបនេះជាមួយយើងទេ គេនឹងមិនប្រើប្រយោគបែបនេះក្នុងទំនាក់ទំនងស្នេហាឡើយ។ ដូច្នេះហើយបើអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ ដំណោះស្រាយដែលល្អបំផុតគឺបដិសេធ។ បើសិនជាគេពិតជាស្រលាញ់យើងមែន គេនឹងយល់ពីមូលហេតុដែលយើងជ្រើសរើសយកបែបនេះ។
៣. ដឹងពីរបៀបការពារខ្លួន
មិនថាទៅដល់ទីណា អ្នកត្រូវតែគិតពីសុវត្ថិភាពខ្លួនឯងជាចម្បង។ អារម្មណ៍ជាសង្សារនឹងគ្នា នរណាៗក៏ចង់មានពេលនៅក្បែរគ្នាឲ្យបានច្រើនដែរ។ យើងម៉េចនឹងប្រាកដ ១០០%ទៅថា មនុស្សប្រុសដែលស្រលាញ់យើងគ្មានបំណងអាក្រក់ដាក់យើងនោះ។ អ៊ីចឹងហើយពេលទៅណាមកណាគួរតែមានអាវុធទុកការពារខ្លួនជាចាំបាច់ ទុកប្រើពេលមានរឿងបន្ទាន់ដែលយើងមិនអាចដឹងមុន។ ជាពិសេសពេលដើរលេង ឬចូលរួមកម្មវិធីយប់ឡើង យើងត្រូវជួបមនុស្សប្លែកមុខច្រើនណាស់។ ដូច្នេះត្រូវមានរបស់ការពារខ្លួនទើបប្រសើរ។
៤. ពាក្យផ្អែមជាថ្នាំពុល
ជាចុងក្រោយសម្រាប់អ្នកដែលស្រលាញ់ចូលចិត្តបុរសសង្ហាវ័យក្មេង សូមចងចាំថាពាក្យសម្ដីផ្អែមៗដែលអ្នកបានឮនោះ វាមិនខុសអ្វីពីថ្នាំពុលទេ។ បើអ្នករកឃើញបុរសដែលតែងតែប្រើពាក្យផ្អែម តែមិនដែលបង្ហាញឲ្យឃើញថាស្នេហារបស់គេជាស្នេហ៍ពិតទេនោះ មានន័យថាគេចូលមកក្បែរអ្នកដោយការសម្លឹងឃើញអ្វីម៉្យាងពីអ្នកតែប៉ុណ្ណោះ។ អ៊ីចឹងហើយកុំជឿពាក្យផ្អែមរបស់មនុស្សប្រុសឲ្យសោះ។ បើគេតែងតែប្រើពាក្យថា ស្រលាញ់ ដែលអ្នកតែងតែស្តាប់ឮ តែមិនដែលឃើញទង្វើនោះសោះ ប្រញាប់ឲ្យគេនៅឲ្យឆ្ងាយពីអ្នកទៅ ព្រោះមនុស្សប្រុសបែបនោះមិនបានប្រគល់បេះដូងឲ្យអ្នកទេ គេឲ្យអ្នកត្រឹមតែពាក្យស្រលាញ់តែប៉ុណ្ណោះ៕
ចុចអាន៖ គ្មានថ្ងៃបែកគ្នាទេ បើចេះតិចនិកស្រលាញ់គ្នាដូចគូស្នេហ៍មួយគូនេះ