គ្មានថ្ងៃបែកគ្នាទេ បើចេះតិចនិកស្រលាញ់គ្នាដូចគូស្នេហ៍មួយគូនេះ
- 2019-03-21 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្មានថ្ងៃបែកគ្នាទេ បើចេះតិចនិកស្រលាញ់គ្នាដូចគូស្នេហ៍មួយគូនេះ
« បើនិយាយពីរឿងស្នេហាវិញ វាមិនមែនជាលើកទី១សម្រាប់ខ្ញុំទេ។ ខ្ញុំធ្លាប់មានសង្សារពីរបីនាក់ដែរ តែទាក់ទងគ្នាមិនបានប៉ុន្មានខែក៏បែកគ្នាហើយខ្ញុំតែងតែជាអ្នកសុំបែកគេមុនរហូត មិនមែនដោយសារអ្នកទី៣ស្អីទេ តែមកពីចរិតមិនត្រូវគ្នា។ ខ្ញុំជាមនុស្សមិនចេះរញ៉េរញ៉ៃច្រើនទេ បើថាមិនត្រូវគ្នាគឺសុំគេបែកត្រង់ៗហ្មង ទាក់ទងគ្នាទៀតនាំតែខាតពេលហ្នឹង។ តែដល់ពេលឥឡូវមកជាប់ចិត្តជាមួយអាប៉ិមួយនេះ ពីរបីឆ្នាំហើយទៅណាមិនរួចទេ មនុស្សស្អីមិនចេះស្វីត មិនចេះ surprise មុខក៏មិនស្អាតប៉ុន្មាន បើចរិតវិញមិនបាច់និយាយ គឺថាគាត់មិនចេះនិយាយរកគេមុនហ្មង តែពេលនៅក្បែរគាត់ខ្ញុំមានអារម្មណ៍ថាមានអ្វីៗគ្រប់យ៉ាង ហើយក៏មិនដែលគិតថាចាកចេញពីគាត់សូម្បីតែម្ដង ព្រោះគាត់មានចំណុចមួយដែលសង្សារមុនៗរបស់ខ្ញុំគ្មាន គឺគាត់ស្រលាញ់ខ្ញុំជាខ្ញុំ។» នារីម្នាក់បានចែករំលែករឿងផ្ទាល់ខ្លួនទាក់ទងនឹងជីវិតស្នេហាបែបចាស់ទុំរបស់នាង នាងបានប្រាប់ទៀតថាបើគូស្នេហ៍គ្រប់រូបប្រកាន់ភ្ជាប់គោលការណ៍ទាំងនេះបាន ពួកគេនឹងគ្មានថ្ងៃបែកគ្នាទេ។ ឥឡូវមកអានរឿងរបស់នាងដោយយកចិត្តទុកដាក់ តើគូស្នេហ៍មួយគូនេះមានអ្វីពិសេសទើបមិនអាចបែកគ្នាបាន?
ដំបូងឡើយពួកយើងត្រឹមតែជាមិត្តធម្មតា មិនសូវនិយាយរកគ្នាប៉ុន្មានទេកាលនៅវិទ្យាល័យ ព្រោះគាត់មិនសូវចេះនិយាយ និងជាមនុស្សពូកែអៀន។ តែរឿងដែលគួរឲ្យភ្ញាក់ផ្អើលមនុស្សស្រីដែលគាត់ស្រលាញ់កាលនៅរៀនវិទ្យាល័យមិនមែនជាខ្ញុំទេ ហើយខ្ញុំក៏មិនដែលចាប់អារម្មណ៍គាត់ដែរ។ តែគួរឲ្យស្ដាយ ក្រោយគាត់ទាក់ទងនាងបានប្រហែលជិត១ឆ្នាំអ្នកទាំងពីក៏បែកគ្នា ហេតុផលគឺដោយសារគាត់ស្រលាញ់នាងតែម្ខាង នាងទាក់ទងគាត់ដោយសារការអាណិត មិនមែនជាក្ដីស្រលាញ់ឡើយ។ មិនបានប៉ុន្មានខែក្រោយក៏ដល់ពេលដែលពួកយើងចូលរៀននៅសាកលវិទ្យាល័យ ពួកយើងមិនបានរៀនមុខវិជ្ជា និងសាលាដូចគ្នាទេ។ គាត់ជ្រើសរៀនជំនាញអាយធី ចំណែកខ្ញុំរៀនផ្នែកទំនាក់ទំនង។ តែរឿងគឺវាយ៉ាងនេះ គាត់រៀនពូកែជាពិសេសផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ចៃដន្យអីថ្ងៃមួយកុំព្យូទ័រខ្ញុំខូចហើយខ្ញុំបានខលទៅសួរមិត្តភក្តិប្រុសម្នាក់ទៀតរបស់ខ្ញុំឲ្យជួយធ្វើ ហើយគេក៏ជាមិត្តរបស់គាត់ដែរ។ មិត្តរបស់ខ្ញុំបានពឹងគាត់ឲ្យជួយធ្វើកុំព្យូទ័រឲ្យខ្ញុំ។
ខ្ញុំក៏បានយកកុំព្យូទ័រទៅជួបគាត់ ចាប់តាំងពីពេលនោះមកគាត់ និងខ្ញុំតែងតែលេងឆាតរកគ្នាសួររឿងបញ្ហាកុំព្យូទ័រ តែពេលឆ្លើយឆ្លងគ្នាក្នុងសារគាត់ និងខ្ញុំដូចជាស៊ីចង្វាក់គ្នាណាស់ គាត់តែងតែធ្វើឲ្យខ្ញុំសើច។ ទំនាក់ទំនងដែលលើសពីមិត្តក៏ចូលមកដល់ ខ្ញុំដឹងថាគាត់ចូលចិត្តខ្ញុំតែមិនហ៊ានសារភាព ចំណែកខ្ញុំមានអារម្មណ៍ថាបុរសប្រភេទនេះហើយដែលខ្ញុំកំពុងតាមរក បុរសដែលមានចរិតដូចតួប្រុសក្នុងរឿងភាគកូរ៉េ មិនសូវចេះនិយាយ រាងខ្ពស់ តែងតែលួចបារម្ភមនុស្សស្រីដែលគេស្រលាញ់ ធ្វើដូចមិនស្រលាញ់តែក្នុងចិត្តគេនឹកយើងគ្រប់វិនាទី។ មិនហ៊ានសារភាពមែនតែគាត់តែងតែបង្ហាញឲ្យខ្ញុំឃើញតាមទង្វើ។ ហេតុតែចង់ឮពាក្យស្រលាញ់ចេញពីមាត់គេ ខ្ញុំក៏សួរគាត់ត្រង់ៗ ថាស្រលាញ់ខ្ញុំមែនទេ?
គាត់ក៏ប្រាប់ថាស្រលាញ់យូរហើយតែមិនដឹងនិយាយថាម៉េច។ ខ្ញុំវិញរំភើបចង់ហោះ តែពួកយើងមិនដែលបង្ហាញទំនាក់ទំនងឲ្យអ្នកផ្សេងដឹងទេ សូម្បីតែមិត្តរបស់ពួកយើង។ គាត់មិនបានបង្ហាញទំនាក់ទំនងពួកយើងឲ្យគេដឹងក៏ពិតមែន តែអ្នកដែលគាត់ប្រាប់មានតែម្នាក់គត់គឺម៉ាក់របស់គាត់។ ពួកយើងមិនដែលនិយាយទូរសព្ទជាមួយគ្នារាល់យប់ទេ ព្រោះគាត់ត្រូវចំណាយពេលរៀនដល់យប់ជ្រៅ ខ្ញុំវិញម៉ោង ១០ មិនទាន់ក៏ដេកដូចជ្រូកបាត់ហើយ។ មិនសូវឆាតរកគ្នាទេ ពេលនឹកគ្នាគឺណាត់គ្នាទៅញ៉ាំអី មើលកុនតែម្ដង។ ខ្ញុំក៏មិនត្រូវការ Good Morning និង Goodnight ព្រឹកល្ងាចស្អីដែរ គ្រាន់តែយកខ្ញុំទៅញ៉ាំអីពេលខ្ញុំឃ្លាន និងមិនកុហកខ្ញុំទៅបានហើយ។ សូម្បីតែ password facebook ក៏យើងមិនដែលឲ្យគ្នាដឹងដែរ។ ធ្វើបែបនេះមិនមានន័យថាមានរឿងលាក់បាំងអីទេ តែមនុស្សម្នាក់ៗតែងតែមានរឿងផ្ទាល់ខ្លួនខ្លះៗ។ គាត់ឲ្យស៊េរីភាពខ្ញុំ ខ្ញុំក៏ឲ្យស៊េរីភាពគាត់។
គាត់មិនដែលនិយាយអាក្រក់ពីសង្សារគាត់មុនសូម្បីតែមួយម៉ាត់ និយាយរួមគឺគាត់មិនដែលរំលឹកពីនាងតែម្ដង។ តែមិនមែនមានន័យថាយើងទាំងពីរមិនដែលឈ្លោះគ្នាទេ ឲ្យតែពេលឈ្លោះគឺខ្ញុំនិយាយតែម្នាក់ឯង គាត់មិនដែលឆ្លើយឆ្លងជាមួយខ្ញុំទេ អ៊ីចឹងទៅយូរៗទៅហត់ក៏បាត់ខឹងគាត់ខ្លួនឯង គាត់ក៏មិនចេះលួងអីច្រើនដែរ។ ខ្ញុំវិញពេលខ្លះក៏ញ៉ិកញ៉ក់ រករឿងគ្មានមូលហេតុ តែគាត់យល់ហើយមិនដែលប្រកាន់ទេ។
ពួកយើងដឹងក្នុងចិត្តច្បាស់ថាបេះដូងយើងស្រលាញ់អ្នកណា ហើយត្រូវធ្វើយ៉ាងណាចំពោះគ្នា។ ពេលវេលាជិត ៣ ឆ្នាំពិតជាលឿនណាស់សម្រាប់ពួកយើង។ អ្វីដែលសំខាន់គាត់ជាមនុស្សមិនចេះជឿសម្ដីអ្នកដ៏ទៃផ្ដេសផ្ដាស មានហេតុផល ស្រលាញ់រាប់អានគ្រួសារខ្ញុំដូចគ្រួសាររបស់គាត់ ចេះឲ្យតម្លៃអ្នកដ៏ទៃ អ្វីដែលគាត់មិនធ្វើដាច់ខាតគឺមើលងាយអ្នកដ៏ទៃ គាត់ប្រឹងប្រែងរាល់ថ្ងៃមិនថាទាំងការសិក្សា ឬការងារក៏ដើម្បីតែមានគម្រោងពេលអនាគតសម្រាប់យើងទាំងពីររួចហើយ។ ទោះគាត់មិនកើតក្នុងគ្រួសារអ្នកមាន ប៉ុន្តែអ្វីដែលគាត់មានគឺមានតម្លៃជាងទ្រព្យសម្បត្តិច្រើនណាស់។ ទោះខ្ញុំមិនដឹងថាថ្ងៃមុខមានរឿងអីកើតឡើង តែបច្ចុប្បន្នគឺយើងទាំងពីរមានគ្នាក្នុងបេះដូងហើយបានចាក់សោទុកយ៉ាងជាប់។អ្វីដែលខ្ញុំអាចធ្វើបានគឺគាំទ្រ និងលើកទឹកចិត្តនូវអ្វីដែលគាត់កំពុងធ្វើ។
ក្ដីស្រលាញ់ត្រូវការការទុកចិត្ត បើរវល់តែប្រច័ណ្ឌមុខក្រោយ ព្រឹកល្ងាច មានពេលឯណាមកអភិវឌ្ឍន៍ខ្លួនឯងទៅ ។ មនុស្សពីរនាក់ស្រលាញ់គ្នាពិតប្រាកដ គេដឹងក្នុងចិត្តហើយថាត្រូវធ្វើបែបណាចំពោះមនុស្សដែលគេស្រលាញ់។ ត្រូវចាំថាបើចង់ស្រលាញ់គ្នាឲ្យបានយូរ ចូរកុំជ្រើសរើសស្នេហាបែបកូនក្មេង អ្នកត្រូវរៀនស្រលាញ់គ្នាបែបមនុស្សចាស់ទើបស្នេហានោះមានតម្លៃ៕
ចុចអាន៖ បុរសពិតម្នាក់ ស្រលាញ់ស្មោះចំពោះស្ត្រីម្នាក់គឺគ្រប់គ្រាន់បំផុតហើយ