នៅពេលដែលអ្នកចេះស្រឡាញ់ខ្លួនឯងអ្នកនឹងដឹងថាពិភពលោកនេះស្រស់ស្អាត
- 2019-03-21 07:03:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅពេលដែលអ្នកចេះស្រឡាញ់ខ្លួនឯងអ្នកនឹងដឹងថាពិភពលោកនេះស្រស់ស្អាត
ធ្លាប់អត់ស្រឡាញ់គេ រហូតភ្លេចផ្ដល់ក្ដីស្រឡាញ់ឲ្យខ្លួនឯង? ស្រឡាញ់គេឡើងអស់ពីខ្លួន រហូតដល់ថ្ងៃដែលគេចេញទៅ ទើបដឹងថាការដែលស្រឡាញ់គេខ្លាំង ពេលបាត់បង់គឺដូចចុះនរកអីចឹង។
ថ្ងៃដែលគ្មានគេនៅក្បែរខ្លួន គ្រប់យ៉ាងដូចជាគ្មានវិញ្ញាណ គ្មានសម្រស់អីទាំងអស់។ ភាពឯកា អស់សង្ឃឹម ក្ដីនឹករលឹកចាកស្រេះពេញខួរក្បាល ចាក់ចូលដល់បេះដូងខ្ញុំ រហូតបង្ខំឲ្យខ្ញុំយំចេញមកដូចកូនក្មេងដែលដួលរលាត់ដៃជើង។ ពេលនោះជីវិតខ្ញុំអាប់អួណាស់ ងងឹតណាស់ ឈឺចាប់ណាស់ ដូចជីវិតដែលមានតែរូបកាយ។
ជាងកន្លះឆ្នាំ ខ្ញុំព្យាយាមកាត់ចិត្តពីគេ តែនៅតែមិនអាច ព្រោះខ្ញុំនៅតែនឹកគេ ស្រឡាញ់គេ។ រាល់យប់ខ្ញុំតែងតែផ្សងថាឲ្យគេត្រឡប់មករកខ្ញុំវិញ ស្រឡាញ់ខ្ញុំវិញ តែខ្ញុំអត់បង្ខំគេដូចកាលដែលខ្ញុំទើបបែកគ្នាទេ។
ខ្ញុំចាប់ផ្ដើមលែងបង្ខំគេ លែងបង្ខំខ្លួនឯង លែងបង្ខំគ្រប់យ៉ាង ព្រោះពេលដែលខ្ញុំសម្ងំខូចចិត្តមួយរយៈធំនោះ ខ្ញុំដឹងថាស្នេហាមិនមែនជាការបង្ខំទេ ដូច្នេះបើគេស្រឡាញ់ខ្ញុំ គេនឹងត្រឡប់មករកខ្ញុំដោយខ្លួនឯង។
ខ្ញុំចាប់ផ្ដើមមានស្នាមញញឹមខ្លះ ខ្ញុំចេះចេញទៅក្រៅ ខ្ញុំចេះទៅគ្លីនិកថែសម្រស់ ហើយចាប់ផ្ដើមមើលថែខ្លួនឯងបានល្អជាងមុន។
បើសួរខ្ញុំថាខ្ញុំភ្លេចគេឬនៅ? ចម្លើយនោះគឺនៅ ហើយនៅតែស្រឡាញ់មិនប្រែប្រួល ប៉ុន្តែខណៈនេះខ្ញុំក៏បានស្រឡាញ់ខ្លួនឯងដែរ។ ខ្ញុំមិនបំភ្លេចខ្លួនឯងដូចពេលមុនទេ ហើយខ្ញុំនឹងថែរក្សាខ្លួនឲ្យបានល្អបំផុត។
ការពិតទៅពិភពលោកនេះមិនអាក្រក់ទេ តែអ្វីដែលអាក្រក់គឺយើងជាអ្នកបំភ្លេចខ្លួនឯងចោល។ នៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯងយើងនឹងដឹងថាពិភពលោកនៅតែស្រស់ស្អាត។ ស្រឡាញ់អ្នកណាក៏ដោយក៏កុំស្រឡាញ់ឲ្យលើសពីខ្លួនឯង ព្រោះនៅពេលដែលបាត់បង់គឺវានឹងរងការប៉ះទង្គិចខ្លាំងសឹងតែមិនអាចទទួលបាន៕
ចុចអាន៖កុំជឿពាក្យថា«ស្រឡាញ់»ចេញពីមាត់គេ តែត្រូវជឿលើភ្នែក និងបេះដូងអ្នកវិញ