ចង់ឲ្យខ្លួនឯងក្លាយជាមនុស្សស្រីរឹងមាំ មិនងាយបាក់ស្បាតជាមួយបញ្ហា អនុវត្តវិធីទាំងនេះ
- 2018-07-02 05:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យខ្លួនឯងក្លាយជាមនុស្សស្រីរឹងមាំ មិនងាយបាក់ស្បាតជាមួយបញ្ហា អនុវត្តវិធីទាំងនេះ
មនុស្សស្រីភាគច្រើនទៅហើយដែលត្រូវការ ការថ្នាក់ថ្នម ការមើលថែ ពីមនុស្សជុំវិញខ្លួន ខណៈមានមនុស្សស្រីមិនសូវជាច្រើននោះទេ ដែលមានជីវិតឯករាជ្យ រឹងមាំ និងមិនងាយបាក់ស្បាតពេលជួបបញ្ហា។ សម្រាប់នារីដែលដឹងថាខ្លួនរាងទន់ជ្រាយ មិនសូវជារឹងមាំនោះ អាចមើលចំណុចខាងក្រោមនេះបាន ដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែខ្លាំង ៖
១. រៀនសម្ដែង រហូតឲ្យវាក្លាយជាទម្លាប់
ដំបូងអ្នកប្រាកដជាពិបាកក្នុងការផ្លាស់ប្ដូរខ្លួនឯងពីមនុស្សទន់ជ្រាយទៅជាមនុស្សរឹងមាំ ព្រោះអ្នកពិបាកក្នុងកាប្រឈមមុខជាមួយមនុស្ស ជាមួយបញ្ហា និងស្ថានភាពដែលអ្នកនៅ។ ការដែលអ្នកព្យាយាមសម្ដែងធ្វើខ្លួនឲ្យរឹងមាំ មិនមែនមិនល្អនោះទេ តែវាជាវិធីមួយដែលជួយឲ្យអ្នកមានទម្លាប់រឹងមាំដោយមិនដឹងខ្លួន ព្រោះគ្រប់ពេលអ្នកត្រូវប្រាប់ខ្លួនឯងថាមិនអាចទន់ជ្រាយទេ ដូច្នេះយូរៗអ្នកនឹងរឹងមាំបានគ្រប់កាលៈទេសៈ។
**២. រៀនបង្កើតផែនការប្រចាំថ្ងៃ**
មនុស្សស្រីរឹងមាំ ត្រូវតែមានផែនការប្រចាំថ្ងៃ ព្រោះធ្វើឲ្យគេស្គាល់ច្បាស់ពីពេលវេលា និងការងារដែលគេត្រូវធ្វើ។ អ្នកគួរតែចាប់ផ្ដើមបង្កើតទម្លាប់គ្រោងផែនការឲ្យបានជាប្រចាំ នោះអ្នកនឹងចាប់ផ្ដើមច្បាស់លាស់ជាមួយខ្លួនឯង ដោយមិនឲ្យពេលវេលាជាអ្នកគ្រប់គ្រងអ្នក តែអ្នកជាអ្នកគ្រប់គ្រងពេលវេលា។
៣. បង្កើតទម្លាប់
នៅពេលដែលអ្នកចាប់ផ្ដើមមានផែនការជាប្រចាំហើយ មិនយូរទេវានឹងក្លាយជាទម្លាប់ ដូច្នេះអ្នកនឹងចេញនូវទម្លាប់ឯករាជ្យ រឹងមាំបន្តិចម្ដងៗ។ ទម្លាប់ដែលមិនចំណាយពេលគិតច្រើន ទម្លាប់ចំណាយពេលឲ្យត្រូវ និងមានប្រយោជន៍នេះអាចឲ្យអ្នកជម្រុះចោលនូវគំនិតមិនល្អជាច្រើនដែលនាំឲ្យចិត្តឆាប់ទទួលរងសសម្ពាធ និងបាក់ស្បាតនៅពេលជួបបញ្ហា។
៤. រៀនសម្រេចចិត្តនិងទទួលខុសត្រូវ ដោយខ្លួនឯង
បើគ្រាន់តែសម្រេចចិត្តក្នុងការធ្វើអីមួយអ្នកក៏ត្រូវពឹងលើគេដែរនោះ ពិតជាអន់ពេកពេក។ សាកល្បងសម្រេចចិត្តដោយខ្លួនឯង ជ្រើសរើសដោយខ្លួនឯង ទោះត្រូវឬខុសក៏ជាខ្លួនឯងអ្នកសម្រេចដែរ។ ការរៀនសម្រេចចិត្តនឹងបង្រៀនឲ្យអ្នកមានភាពម្ចាស់ការ និងមានភាពជាអ្នកដឹងនាំ ដោយមិនធ្វើអីតាមតែគេ។
៥. សាកល្បងអ្វីដែលថ្មី ឬអ្វីដែលអ្នកមិនធ្លាប់ហ៊ានធ្វើ
ការសាកល្បងអ្វីដែលថ្មី ឬអ្វីដែលអ្នកមិនហ៊ានធ្វើពីមុនអាចជួយអ្នកឲ្យស្វែងយល់ពីខ្លួនឯងច្រើនណាស់ ព្រោះពេលនោះអ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗច្រើន។ ទាំងអស់នោះសុទ្ធតែជួយជំរុញឲ្យអ្នកក្លាហាន និងចេះពុះពារក្នុងជីវិត។
៦. រៀនរស់នៅតែឯង
ការដែលមានគ្នាគឺល្អណាស់ ប៉ុន្តែបើអ្នកចង់ឲ្យខ្លួនឯងកាន់តែរឹងមាំ និងមិនងាយចុះចាញ់ក្នុងជីវិតអ្នក យល់ល្អគួរតែសាករស់នៅជាមួយខ្លួនឯងសិន។ មិនចាំបាច់ពឹងអ្នកណា ឬឲ្យអ្នកណាមកកំដរអ្នកនោះទេ សាករស់នៅម្នាក់ឯងមើល ពេលនោះអ្នកនឹងទទួលបានអារម្មណ៍ថ្មី ដែលពីមុនអ្នកមិនធ្លាប់មាន។
អ្វីក៏ដោយក៏ត្រូវឲ្យយើងរៀនដែរ ហើយបទពិសោធន៍នឹងនាំយើងឲ្យកាន់តែខ្លាំង ដូច្នេះកុំខ្លាចក្នុងការធ្វើខុស ឬធ្វើអីដែលថ្មី៕
ចុចអាន៖មនុស្សស្រីចង់បានភាពខ្ពង់ខ្ពស់ ចាំបាច់ត្រូវប្រាប់ខ្លួនឯងឲ្យមាន ៦យ៉ាងនេះ