ពេល​មាន​ផ្ទៃពោះ​អ្នក​​ម្ដាយគិត​ថា​ធ្វើ​រឿង​ ៨​ យ៉ាង​នេះ​ល្អ​ តែការ​ពិត​ប៉ះពាល់​ដល់​ទារក​ខ្លាំង​ណាស់

  • 2019-03-22 06:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​អ្នក​មាន​ទម្លាប់​បែប​ណា​ទេ​ ប៉ុន្តែ​នៅ​ពេល​ពពោះ​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ និង​ជៀស​វាង​ទម្លាប់​អាក្រក់​ទាំង​ឡាយ​ ទើប​កូន​របស់​អ្នក​កើត​មក​មាន​សុខ​ភាព​ល្អ​។​ នៅ​ពេល​ដែល​មិន​ទាន់​ពពោះ​ស្ត្រី​អាច​ញ៉ាំ​អ្វី​ក៏​បាន​តាម​ចំណង់​ចំណូល​ចិត្ត​ខ្លួន​ឯង​ដូច​ជា​ ញ៉ាំ​ម្ហូប​ឆៅ​ ផឹក​គ្រឿង​ស្រវឹង​ ជក់​បារី​ … ប៉ុន្តែ​នៅ​ពេល​ចាប់​ផ្ដើម​មាន​មនុស្ស​ម្នាក់​ទៀត​ដែល​កំពុង​តែ​មក​រស់​នៅ​ក្នុង​ពោះ​របស់​អ្នក​ អ្នក​ត្រូវ​ជៀស​វាង​ទម្លាប់​ទាំង​នេះ​ វា​មិន​មែន​ត្រឹម​តែ​មិន​ល្អ​ចំពោះ​សុខភាព​គេ​ទេ​ វា​ក៏​អាច​បណ្ដាល​ឲ្យ​ទារក​ស្លាប់​បាន​ដែរ​។​ ខាង​ក្រោម​នេះ​ជា​ទម្លាប់​ដែល​អ្នក​ម៉ាក់​គ្រប់​រូប​ត្រូវ​តែ​ជៀស​វាង​ពេល​ពពោះ​៖

ប្រើ​ក្រែម​ម៉ាស្សាពោះ​ពេល​កំពុង​ពពោះ

អ្នក​ម្ដាយ​គ្រប់​រូប​គិត​ថា​ ការ​អង្អែល​ពោះ​ប្រៀប​បាន​ដូច​ជា​ការ​ថើប​កូន​របស់​ពួក​គេ​ អ៊ីចឹង​ហើយ​ទើប​ពួក​គាត់​ឧស្សាហ៍​ធ្វើ​បែប​នេះ​។​ អ្នក​ម្ដាយ​ខ្លះ​ទៀត​បារម្ភ​ខ្លាច​មាន​សង្វារ​នៅ​លើ​ពោះ​ទើប​ប្រើ​ប្រាស់​ក្រែម​ដើម្បី​ម៉ាស្សា​យ៉ាង​យូរ​ ដើម្បី​ឲ្យ​ក្រែម​ជ្រាប​ចូល​ជ្រៅ​ដល់​ស្បែក​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ ដោយ​មិន​ដឹង​ថា​វា​ប៉ះ​ពាល់​ដល់​ស្បែក​ពោះ​អាច​បណ្ដាល​ឲ្យ​ស្បូន​ចុះ​ខ្សោយ​ដោយ​សារ​តែ​ការ​កន្ត្រាក់​។​ ទោះ​បី​ជា​បែប​ហ្នឹង​ក៏​ដោយ​ វា​មិន​មាន​ន័យ​ថា​ម្ដាយមិន​អាច​គ្រប់​រូប​មិន​អាច​សម្អាត​ពោះ​បាន​ទេ​ អ្នក​អាច​ជូត​ពោះ​បាន​តិច​តួច​ ថ្នម​ៗ​ តែ​កុំ​ជូត​យូរ​ពេក​ ហើយ​មិន​ត្រូវ​ជូត​ច្រើន​ដង​ពេក​នោះ​ទេ​ក្នុង​មួយ​ថ្ងៃ​។​ បើ​សិន​ជា​អ្នក​ធ្លាប់​រលូត​កូន​ពី​មុន​មក​ អ្នក​មិន​គួរ​ជូត​ពោះ​របស់​អ្នក​នោះ​ទេ​។​​

ដើរ​ច្រើន​ពេក

មនុស្ស​គ្រប់​គ្នា​នៅ​តែ​ជឿ​ថា​ការ​ដើរ​ច្រើន​​នឹង​ជួយ​ដល់​ការ​សម្រាល​កូន​បាន​ងាយ​ស្រួល​ ប៉ុន្តែ​ការ​ពិត​ ការ​ដើរ​ច្រើន​ពេក​អាច​ដាក់​សម្ពាធ​ដល់​ត្រគាក​ និង​ពោះ​​ដែល​បណ្ដាល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ​ ហើយ​លើស​ពី​នេះ​អាច​ឲ្យ​កូន​របស់​អ្នក​រលូត​បាន​ ដោយ​សារ​តែ​ស្បូន​របស់​អ្នក​បើក​។​ ដូច្នេះ​ហើយ​អ្នក​ម៉ាក់​គួរ​ចាប់​ផ្ដើម​ហាត់​ប្រាណ​តិច​ៗ​ ដើរ​យឺត​ៗ​បាន​។​ ប្រសិន​បើ​អ្នក​បាន​ដឹង​ អ្នក​អាច​បង្កើន​អាំងតង់ស៊ីតេ​បន្តិច​ម្ដង​ៗ​ ប៉ុន្តែ​ត្រូវ​ចាំ​ថា​អ្នក​មិន​ត្រូវ​ចូល​រួម​ហាត់​កីឡា​ដែល​ប្រើ​ថាមពល​ខ្លាំង​ពេក​នោះ​ទេ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​អ្នក​បាន​។​

ញ៉ាំ​ល្ហុង​ខ្ចី​ ម្នាស់​ និង​ម្រះ​ច្រើន​ពេក

តាម​ពិត​​ទៅ​អាហារ​ទាំង​នេះ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​ណាស់​ ហើយ​ថែម​ទាំង​ល្អ​ចំពោះ​រាង​កាយ​ថែម​ទៀត​ផង​ ប៉ុន្តែ​បើ​អ្នក​កំពុង​តែ​ពពោះ​ វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​វិញ​។​ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ល្ហុង​ខ្ចី​ ម្រះ​ និង​ម្នាស់​​អាច​ធ្វើ​ឲ្យ​អ្នក​ម្ដាយ​រលូត​កូន​បាន​។​ នៅ​ក្នុង​ល្ហុង​ (​ជា​ពិសេស​ល្ហុង​ខ្ចី​)​ ម្នាស់​ និង​ម្រះ​ មាន​អ័រម៉ូន​ភេទ​ស្រី​ជា​ច្រើន​ដែល​អាច​ផ្លាស់​ប្ដូរ​រាង​កាយ​របស់​អ្នក​ម្តាយ​បាន​យ៉ាង​ងាយ​​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។​ អ៊ីចឹង​ហើយ​ត្រូវ​ចាំ​ថា​អ្នក​ត្រូវ​តែ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ទាំង​នេះ​។​​

ញ៉ាំ​អាហារ​ត្រជាក់

តាំង​ពី​ដើម​ឡើយ​ នៅ​ពេល​មាន​ផ្ទៃ​ពោះ​សីតុណ្ហភាព​ក្នុង​រាង​កាយ​របស់​អ្នក​ម្ដាយ​មាន​ការ​កើន​ឡើង​ខុស​ធម្មតា​ បើ​សិន​ជា​មាន​ថ្ងៃ​ក្ដៅ​ខ្លាំង​ វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មិន​ស្រួល​។​ នៅ​ក្នុង​ស្ថាន​ភាព​បែប​ហ្នឹង​ អ្នក​​ប្រាកដ​ជា​​ញ៉ាំ​ទឹក​ត្រជាក់​មួយ​កែវ​ ឬ​ញ៉ាំ​ការ៉េម។​ នេះ​ជា​ទម្លាប់​ដែល​អ្នក​ម្ដាយ​ជា​ច្រើន​តែង​តែ​ធ្វើ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ធ្វើ​បែប​នេះ​គឺ​មិន​ល្អ​សម្រាប់​ទារក​នៅ​ក្នុង​ផ្ទៃ​របស់​អ្នក​ទេ​។ នៅ​ពេល​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ ភ្លាម​ៗ​នោះ​អាហារ​ត្រជាក់​នឹង​ធ្វើ​ឲ្យ​សរសៃ​ឈាម​នៅ​ក្នុង​ពោះ​​និង​ក​ស្បូន​ចុះ​ខ្សោយ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទារក​បាន។​ អ៊ីចឹង​ហើយ​អ្នក​ជំនាញ​ប្រាប់​ថា​ ពេល​មាន​ផ្ទៃ​ពោះ​អ្នក​គួរ​តែ​ញ៉ាំ​ការ៉េម​ និង​ទឹកកក​ឲ្យ​មាន​កម្រិត​។​​

ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក​និង​ Wifi

នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ​ វា​ជា​រឿង​ធម្មតា​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ជា​មួយ​ Wifi ​មិន​អាច​ខ្វះ​បាន​។​ នៅ​ពេល​ពពោះ​ រាង​កាយ​របស់​អ្នក​ម្ដាយ​នឹង​មាន​ជាតិ​ទឹក​ច្រើន​ ដែល​វា​ងាយ​ស្រួល​ក្នុង​ការ​ស្រូប​យក​វិទ្យុសកម្ម។​ ក្នុង​ដំណាក់​កាល​ពពោះ​លើក​ដំបូង គ្រោះ​ថ្នាក់​ដែល​បណ្ដាល​មក​ពី​សារធាតុ​វិទ្យុសកម្ម​គឺ​ប៉ះ​ពាល់​ខ្លាំង​ជាង​ពេល​ផ្សេង​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ទាំង​អស់​។​​ វិទ្យុសកម្ម​ ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ DNA ដោយ​បន្ថយ​សមត្ថ​ភាព​​ខួរ​ក្បាល​។​ ដោយ​សារ​តែ​ខួរក្បាល​ទារក​នៅ​ទន់​ ឆ្អឹង​ក៏​នៅ​ស្ដើង​មិន​ទាន់​លូត​លាស់​ពេញ​លក្ខណៈ​ដូច​មនុស្ស​ពេញ​វ័យ​អ៊ីចឹង​ហើយ​ទើប​ងាយ​មាន​គ្រោះ​ថ្នាក់​។​ ដូច្នេះ​ដើម្បី​ជៀស​វាង​បញ្ហា​ទាំង​នេះ​ អ្នក​មិន​ត្រូវ​នៅ​ជិត​ឧបករណ៍​ទាំង​នោះ​ពេក​ទេ​ មិន​ត្រូវ​សម្លឹង​ចំ​ពេក និង​ត្រូវ​ដាក់​វា​នៅ​ឲ្យ​ឆ្ងាយ​ពី​ពោះ​ ហើយ​ត្រូវ​ប្រើ​តែ​ពេល​ចាំ​បាច់​ទៅ​បាន​ហើយ​។

ញ៉ាំ​អាហារ​ហឹរ

រស​ជាតិ​ហឹរ​អាច​ជួយ​ឲ្យ​អាហារ​កាន់​តែ​ឆ្ងាញ់​ ប៉ុន្តែ​ញ៉ាំ​អាហារ​ហឹរ​ពេល​មាន​ផ្ទៃ​ពោះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​​​ប្រសាទ​របស់​ទារក​។​ នៅ​ក្នុង​អាហារ​ហឹរ​មាន​ជាតិ​ស្ពឹក​ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​​ប្រសាទ​របស់​ទារក​មិន​អាច​លូត​លាស់​បាន​ល្អ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​មាន​ការ​ខូច​ទ្រង់​ទ្រាយ​ក្នុង​ប្រព័ន្ធ​​ប្រសាទ​នោះ​ទៀត​ផង​។​​​

ញ៉ាំ​អាហារ​ឆៅ

បើ​សិន​ជា​អ្នក​ញ៉ាំ​អាហារ​ដែល​មិន​បាន​ចម្អិន​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ​ដូច​ជា​សាច់​គោ​ ត្រី​ឆៅ​ Sushi … អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ទារក​ក្នុង​ផ្ទៃ​។​ នៅ​ក្នុង​ម្ហូប​ដែល​មិន​បាន​ចម្អិន​មាន​បាក់តេរី​ ​Listeria Camphylobactor និង Salmonella ដែល​អាច​បណ្ដាល​ឲ្យ​រលូត​កូន​ កើត​មិន​គ្រប់​ខែ​ និង​ពិបាក​សម្រាល។​ ត្រូវ​តែ​ញ៉ាំ​តែ​អាហារ​ដែល​ចម្អិន​បាន​ល្អ​ លើស​ពី​នេះ​គួរ​តែ​ជៀស​វៀង​ទឹក​ដោះ​គោ​ស្រស់​ ព្រោះ​វា​មាន​ផ្ទុក​ Listeria នៅ​ក្នុង​ទឹក​ដោះ​គោ​ដែល​បង្កើន​ហានិភ័យ​ដល់​ការ​រលូត​កូន​បាន​។​

ងូត​ទឹក​ក្ដៅ

បើ​សិន​ជា​ម្ដាយ​មាន​អាការៈ​ក្ដៅ​ខ្លួន ជា​ពិសេស​ក្នុង​កំឡុង​ពេល​ ៣​ ខែ​ដំបូង​។​ វា​មាន​ហានិភ័យ​ដល់​ការ​ខូច​​​សរសៃ​ប្រសាទ​ទារក​​។​ អ្នក​ម្ដាយ​ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ងូត​ទឹក​ក្ដៅ​ពេក​ទេ​ ព្រោះ​ការ​ធ្វើ​បែប​នេះ​នឹង​បង្កើន​សីតុណ្ហភាព​ដល់​រាងកាយ​ ហើយ​ប៉ះ​ពាល់​ដល់​ទារក​ខ្លាំង​ណាស់​៕

ចុចអាន៖ តិចនិក​ ៧​ យ៉ាង​ជួយ​ឲ្យ​អ្នក​ម៉ាក់​កំពុង​ពពោះ​ស្រស់​ស្អាត​បាន​យ៉ាង​មាន​ទំនុក​ចិត្ត

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម