អាយុ​ច្រើន​ហើយ​ ជីវិត​​នៅ​តែ​​​​រសាត់​អណ្ដែត ​សួរ​ខ្លួន​ឯង ធ្លាប់​​បាន​ធ្វើ​រឿង​ទាំង​នេះ​ឬ​នៅ?

  • 2019-03-19 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​យើង​ក៏​បារម្ភ​​ពី​អ្នក​ដទៃ ចាប់​អារម្មណ៍​អ្នក​ដទៃ​យ៉ាង​ល្អ រហូត​ភ្លេច​ទៅ​ថា​មនុស្ស​សំខាន់​បំផុត​ដែល​យើង​ត្រូវ​មើល​ថែ​គឺ​ជា​នរណា នោះ​គឺ “ខ្លួន​ឯង”។ អ្នក​ខ្លះ​អាយុ​​ច្រើន​ឆ្នាំ​ទៅ​ហើយ តែ​ក៏​មាន​អារម្មណ៍​មិន​សូវ​រីក​ចម្រើន​នឹង​គេ ហើយ​​យល់​ថា​ខ្លួន​រសាត់អណ្ដែត​​មែនទែន។ ដូច្នេះ​សាក​ល្បង​សួរ​ខ្លួន​ឯង​ទៅ​មើល​ ថា​​ធ្លាប់​ធ្វើ​រឿង​ទាំង​នេះ​​​ចំពោះ​​ខ្លួន​ឯង​ឬ​នៅ? បើ​នៅ​គួរ​ចាប់​ផ្ដើម​ធ្វើ​ពី​ឥលូវ​នេះ ដើម្បី​ជីវិត​រីក​ចម្រើន!

១. បង្កើត​គោលដៅ​សម្រាប់​មួយ​ថ្ងៃ​ៗ

គោលដៅ​ក្នុង​ជីវិត​របស់​យើង​មិន​មែន​មាន​តែ​​គោលដៅ​រយៈ​ពេល​វែង ឬគោលដៅ​តែ​មួយ​ឬ​ពីរ​នោះ​ទេ​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច ប៉ុន្តែ​យើង​ក៏​អាច​តាំង​គោលដៅ​សម្រាប់​មួយ​ថ្ងៃ​ៗ​ដែរ។ រៀប​ចំ​ផែនការ​ឲ្យ​បាន​ល្អ​ ហើយ​ចាប់​ផ្ដើម​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​គ្រោងទុក​រៀងរាល់​ថ្ងៃ។ ទោះ​បី​វា​មាន​រឿង​​ធំ​ខ្លះ រឿង​តូច​ខ្លះ ប៉ុន្តែ​ក៏​គួរ​អនុវត្ត​វា។ ដូច្នេះ​ចាប់​ផ្ដើម​សម្រេច​គោលដៅ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន ​ទើប​​អ្នក​នឹង​អាច​ទៅ​ដល់​គោលដៅ​ធំ​របស់​ខ្លួន។

២. ទទួល​ខុស​ត្រូវ​លើ​ជីវិត​ខ្លួន​ឯង

អ្នក​ខ្លះ​កើត​មក​ស្រណុក​ស្រួល មាន​ផ្ទះ​មាន​ឋានៈ​ល្អ អ្នក​ខ្លះ​ក៏​កើត​មក​ក្រ​លំបាក​ ត្រូវ​តស៊ូ​តាំង​តែ​ពី​ក្មេង។ ប៉ុន្តែ​មក​ដល់​វ័យ​មួយ​ អ្នក​ក៏​មិន​អាច​ផ្ញើ​វាសនា​លើ​អ្នក​ដទៃ ឬ​បន្ទោស​អ្នក​ណា​​ទៀត​ទេ ព្រោះ​អ្នក​គឺ​ជា​ម្ចាស់​នៃ​ជីវិត​របស់​ខ្លួន​។ ការ​ទទួល​ខុស​ត្រូវ​លើ​ជីវិត​​ខ្លួន​ឯង​ គឺ​ជា​រឿង​សំខាន់​​ដែល​អ្នក​ត្រូវ​ធ្វើ។ កុំ​ចាំ​ឲ្យ​​អ្នក​ណា​មក​ទទួល​ខុស​ត្រូវ​លើ​ជីវិត​អ្នក មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​កំណត់​ថា​ជីវិត​អ្នក​​​នឹង​ត្រូវ​បន្ត​ទៀត​បែប​ណា។ ទាំង​ក្ដី​សុខ និង​ក្ដី​ទុក្ខ គឺ​អ្នក​ត្រូវ​បង្កើត និង​ប្រឈម​ជាមួយ​វា​ដោយ​ខ្លួន​ឯង។

៣. គិត​​វិជ្ជមាន​ ​គិត​ថា​អាច​ទៅ​រួច

សាកល្បង​សង្កេត​មើល​ខ្លួន​ឯង​ថា កន្លង​មក​​ចូល​ចិត្ត​មើល​ពិភពលោក​ក្នុង​ផ្លូវ​អវិជ្ជមាន ឬ​ខ្លាច​មនុស្ស​នៅ​ជុំវិញ​ខ្លួន​គ្រប់​ពេល​ឬ​ក៏​អត់។ បើ​អ្នក​ធ្លាប់​ជួប​រឿង​មិន​ល្អ វា​ក៏​គ្មាន​អ្វី​ប្លែក​ដែរ​ដែល​អ្នក​សម្លឹង​មើល​លោក​ក្នុង​ផ្លូវ​អាក្រក់ ប៉ុន្តែ​វា​ក៏​ល្មម​ដល់​ពេល​ដែរ ដែល​ត្រូវ​ដោះលែង​ខ្លួន​ឯង ហ៊ាន​ដើរ​ទៅ​មុខ​ទៀត ហ៊ាន​ទទួល​យក​ឱកាស​ថ្មី​ៗ ដោយ​ព្យាយាម​គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន។

៤. សាក​ប្រកួត​ប្រជែង​ជាមួយ​ខ្លួន​ឯង

កុំ​រវល់​តែ​ច្រណែន​អ្នក​ដទៃ កុំ​រវល់​តែ​ប្រជែង​ជា​មួយ​អ្នក​ណា​អី សាក​ល្បង​សម្លឹង​មើល​អតីតកាល​របស់​ខ្លួន​ឯង​​វិញ​ថា​យើង​ពី​មុន​បែប​ណា ហើយ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ខ្លួន​ឯង​បច្ចុប្បន្ន​នេះ​ល្អ​ជាង​ខ្លួន​ឯង​ពី​មុន។ កុំ​អាល​ចង់​ប្រជែង​ជាមួយ​អ្នក​ដទៃ ប៉ុន្តែ​ត្រូវ​ប្រជែង​ជាមួយ​ខ្លួន​ឯង​​ឲ្យ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​សិន ៕

ចុចអាន៖៩ ហេតុផល​ដែល​ស្រ្តី​​ត្រូវ​តែ​​មាន​ចំណេះ​ដឹង និង​រៀន​សូត្រ​ឲ្យ​បាន​ខ្ពស់​

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម