៩ ហេតុផល​ដែល​ស្រ្តី​​ត្រូវ​តែ​​មាន​ចំណេះ​ដឹង និង​រៀន​សូត្រ​ឲ្យ​បាន​ខ្ពស់​

  • 2019-03-12 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សិក្សា​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​ចំណេះដឹង​ សមត្ថភាព​ និង​ក្លាយ​ជា​មនុស្ស​ដែល​មាន​តម្លៃ​ក្នុង​ក្នុង​សង្គម​។​ ជា​ពិសេស​វា​រឹត​តែ​សំខាន់​សម្រាប់​មនុស្ស​ស្រី​ ដែល​​​មិន​គួរ​បោះ​បង់​ចោល​ការ​រៀន​សូត្រ​នោះ​ឡើយ​​ ព្រោះ​​វា​ធ្វើ​ឲ្យ​អ្នក​៖​

១. បង្កើន​ចំណេះ​ដឹង​ និង​តម្លៃ​ខ្លួន​ឯង

ចំណេះដឹង​គឺ​ជា​តម្លៃ​មួយ​ដែល​​សំខាន់​សម្រាប់​មនុស្ស​ស្រី​ ព្រោះ​​អ្នក​​​គ្មាន​ចំណេះ​ដឹង​អ្នក​អាច​នឹង​ត្រូវ​គេ​មើល​ងាយ​ មិន​ឲ្យ​តម្លៃ​ ការ​ជាន់​ឈ្លី​ជា​ដើម។

រូបតំណាង

**២. ចៀសវាង​ពី​ការ​បោក​ប្រាស់**

មនុស្ស​ស្រី​ងាយ​នឹង​រង​គ្រោះ​បំផុត​ក្នុង​ការ​ចាញ់​បោក​គេ​ ព្រោះ​បើ​អ្នក​​​​​គ្មាន​ចំណេះ​ដឹង និង​ ក្រី​ក្រ​ ​អ្នក​​ឆាប់​នឹង​ចាញ់​បោក​ និង​ជឿ​ទុក​ចិត្ត​​គេ​ ដោយសារ​​​​តែ​មិន​បាន​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​។

៣. មាន​សមត្ថភាព​ក្នុង​ការ​ចូល​រួម​ការងារ​សង្គម

ភាគ​ច្រើន​នៃ​ការងារ​សង្គម​មិន​សូវ​ឃើញ​វត្តមាន​របស់​មនុស្ស​ស្រី​ក៏​ដោយសារ​តែ​មនុស្ស​ស្រី​គ្មាន​សមត្ថភាព​ គ្មាន​ឱកាស​ តែ​បើ​​អ្នក​​​រៀន​បាន​ច្រើន​ មាន​សមត្ថភាព​ខ្ពស់​នោះ​អ្នក​ក៏​អាច​ចូល​រួម​ក្នុង​ការងារ​សង្គម​បាន​ដូច​បុរស​ដែរ។

រូបតំណាង

៤. មាន​សមត្ថភាព​ក្នុង​ការ​អប់រំ​កូន

នៅ​ពេល​ដែល​អ្នក​​​មាន​សមភាព​ មាន​ចំណេះ​ដឹង​ នោះ​អ្នក​​នឹង​​​អប់​រំ​កូន​ៗ​​អ្នក​​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ មនុស្ស​មាន​ប្រយោជន៍​ម្នាក់​។​ បើ​អ្នក​មិន​ឲ្យ​តម្លៃ​លើ​ចំណេះ​ដឹង កូន​អ្នក​ក៏​អាច​ដើរ​តាម​គន្លង​របស់​អ្នក​ដែរ។

៥. សុវត្ថិភាព​ និង សុខភាព​ផ្លូវ​ភេទ

កាល​ដែល​អ្នក​រៀន​បាន​ច្រើន​ ​អ្នក​ក៏​យល់​ដឹង​បាន​ច្រើន​ដូចគ្នា​ ជា​ពិសេស​គឺ​រឿង​សុខភាព​​ផ្លូវ​ភេទ​ ដែល​អ្នក​គួរ​តែ​ដឹង​ព្រោះ​ដើម្បី​ការពារ​ខ្លួន​ឲ្យ​មាន​សុវត្ថិភាព​ និង​សុខភាព​ល្អ​។​​

៦. កាត់​បន្ថយ​ភាព​ក្រីក្រ

ភាព​ទីទ័ល​ក្រ​​គឺ​កើត​ចេញ​ពី​ភាព​ល្ងង់​ខ្លៅ​ គ្មាន​គំនិត​ មិន​បាន​រៀន​សូត្រ​ ដូច្នេះ​អ្នក​ត្រូវ​តែ​ខិត​ខំ​រៀន​សូត្រ​ ស្វែង​រក​ជំនាញ​ពិត​ប្រាកដ​មួយ​ដែល​អាច​ជួយ​អ្នក​ចាកចេញ​ពី​ជីវភាព​ក្រី​ក្រ។

រូបតំណាង

៧. បង្កើត​គ្រួសារ​ដ៏​ល្អ​មួយ

ពេល​​ដែល​អ្នក​​រៀន​បាន​ច្រើន​ នោះ​អ្នក​ក៏​ក្លាយ​ជា​មនុស្ស​ដែល​ចាស់​ទុំ​ ស្គាល់​ល្អ​ ស្គាល់​អាក្រក់​​ មិនមែន​ឆេវឆាវ​ធ្វើ​អី​តាម​តែ​ចិត្ត​នោះ​ទេ​ ដូច្នេះ​អ្នក​មាន​លក្ខណៈ​ពេញលេញ​ដើម្បី​បង្កើត​គ្រួសារ​មួយ។​

៨. បង្កើន​ប្រាក់​ចំណូល

មនុស្ស​ស្រី​ដែល​មាន​ចំណេះ​ដឹង​គឺ​មាន​សមត្ថភាព​ក្នុង​ការ​រកចំណូល​បាន​ដោយ​ខ្លួន​ឯង ដោយ​មិន​បាន​ពឹង​ពាក់​លើ​នរណា​ម្នាក់​ឡើយ។​ កុំ​ចាំ​តែ​ដេក​ស៊ី​កម្លាំង​ប្ដី ព្រោះ​យើង​ក៏​ជា​ចំណែក​មួយ​ជួយ​ទំនុក​បម្រុង​គ្រួសារ​ឲ្យ​មាន​បាន​ដែរ។

៩. ទទួល​បាន​ភាព​ស្មើ​គ្នា​ក្នុង​សង្គម​

នៅ​ពេល​ដែល​មនុស្ស​ស្រី​និង​មនុស្ស​ប្រុស​ទទួល​បាន​ការ​អប់រំ​ស្មើ​គ្នា​ នោះ​អ្នក​ក៏​ទទួល​បាន​តម្លៃ​ស្មើ​នឹង​បុរស​ដែល​។​បុរស​មាន​សិទ្ធិ​ធ្វើ​ជំនួញ​ ស្រី​ក៏​មាន​សិទ្ធិ​ដូច​គ្នា​ ដូច្នេះ​ការ​រើស​អើង​ក៏​បាន​កាត់​បន្ថយ​ដែរ។

រូបតំណាង

ដូច្នេះ​អ្នក​គួរ​តែ​រៀន​សូត្រ​ឲ្យ​បាន​ខ្ពស់​តាម​តែ​អាច​ធ្វើ​បាន​ ហើយ​មិន​គួរ​មាន​គំនិត​ចោល​ការ​សិក្សា​ហើយ​ចាំ​តែ​នៅ​ផ្ទះ​ឲ្យ​ប្ដី​ចិញ្ចឹម​នោះ​ទេ​៕

ចុចអាន៖៧ ចំណុច​​បុរស​គួរ​ដឹង​ពី​មនុស្ស​ស្រី​ឯករាជ្យ​ និង​ស្ងប់ស្ងាត់លើ​រឿង​ស្នេហា

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម