ភេសជ្ជៈ ៥ ប្រភេទ អាចជួយលាងសម្អាតថ្លើមបានយ៉ាងល្អ
- 2019-03-15 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភេសជ្ជៈ ៥ ប្រភេទ អាចជួយលាងសម្អាតថ្លើមបានយ៉ាងល្អ
បើនិយាយពីសរីរាង្គខាងក្នុង ថ្លើមគឺជាផ្នែកដ៏ធំជាងគេបង្អស់។ ប្រហែលជាអ្នកមិនបានដឹងទេថា ថ្លើមរបស់អ្នកបានធ្វើការ គ្រប់វិនាទីទាំងអស់ក្នុងជីវិត។ ថ្លើមដែលមានជាតិខ្លាញ់ច្រើន មានជំងឺ ឬក្រិន អាចធ្វើឲ្យអ្នកហេវហត់ ឡើងទម្ងន់ ហើយថែមទាំងអាចធ្វើឲ្យស្បែក និងភ្នែកប្រែជាពណ៌លឿងបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត។ ហេតុនេះត្រូវយកចិត្តទុកដាក់ថែរក្សា លាងសម្អាតថ្លើម ដោយភេសជ្ជៈ៥ប្រភេទខាងក្រោមនេះ។
ទឹកការ៉ុត
ការ៉ុតទោះបីញ៉ាំទទេក៏មានប្រយោជន៍ច្រើនដែរ លើកលែងតែអ្នកដាក់ស្ករ។ បើចង់ឲ្យកាន់ថ្លើម កាន់តែមានសុខភាពល្អ គួរកិនការ៉ុតជាមួយកូនស្ពៃ និងទឹកស្អាត ដើម្បីយកទឹកផឹក ការពារថ្លើមពីជំងឺផ្សេងៗ។ ការ៉ុតមានវីតាមីនAខ្ពស់ flavonoids និងបេតាការ៉ូទីន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាល្អសម្រាប់គ្រប់ផ្នែកទាំងអស់នៃរាងកាយ ដូច្នេះបើបានផឹកទឹកការ៉ុតរាលថ្ងៃរឹតតែល្អ។
ទឹកបន្លែពណ៌បៃតង
បន្លែពណ៌បៃតងដូចជាស្ពៃខៀវ សាឡាត់...សុទ្ធតែល្អចំពោះសុខភាពទាំងអស់។ ជាពិសេសបើអ្នកកិនយកទឹកពីបន្លែពណ៌បៃតងស្រស់ៗទាំងនោះ រាងកាយនឹងងាយស្រួលក្នុងការស្រូបយជីវជាតិសំខាន់ៗ ដោយមិនចាំបាច់ពិបាកកិន។ ទឹកបន្លែបៃតង មានតួនាទីជួយជំរុញដល់ទឹកប្រមាត់និងលាងសម្អាតថ្លើមបានយ៉ាងល្អ។
តែបៃតង
បើអ្នករកមើលភេសជ្ជៈជំនួយសុខភាព កុំរំលងតែបៃតងឲ្យសោះ ព្រោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងមហារីក ដុតបំផ្លាញជាតិខ្លាញ់ និងជម្រុះសារធាតុអាក្រក់ចេញពីរាងកាយ។ អាចផឹក ២-៣កែវ ក្នុងមួយថ្ងៃ ប៉ុន្តែហាមដាក់ស្ករ។
ទឹកកិនពីផ្លែឈើមានជាតិជូរ
វីតាមីនC និងសារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងផ្លែឈើដែលមានរសជាតិជូរ គឺល្អបំផុតសម្រាប់ថ្លើម។ ក្នុងនោះដែរមានដូចជា ក្រូចឆ្មា ទំពាំងបាយជូរ ផ្លែក្រូចជាដើម ដែលអ្នកអាចច្របាច់ឬកិនផឹកទឹករបស់វាស្រស់ៗដោយពុំចាំបាច់ក្លាសេ ព្រោះនាំឲ្យបាត់បង់នូវជីវជាតិសំខាន់ៗ។ សម្រាប់ក្រូចឆ្មាវិញ អាចច្របាច់លាយជាមួយទឹកស្អាត ហើយវាមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្អាតក្រពះ។
បន្លែផ្លែឈើដែលមានជាតិសរសៃ (Fiber)
បណ្តុំអាហារដែលមានជាតិសរសៃ អាចជួយបណ្តេញជាតិពុលចេញពីថ្លើម ព្រោះវាបានជួយសម្រួលដល់ការបត់ជើង។ អាហារទាំងនោះរួមមាន ផ្លែបឺរ ល្ហុង ចេក សណ្តែកខៀវ ផ្កាខាត់ណាបៃតង ឃីវី ប៉ោម...។ អ្នកអាចកិនលាយជាមួយបន្លែផ្លែឈើដែលខ្លួនចូលចិត្ត ដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់។ យ៉ាងណាមិញ ត្រូវផឹកទឹកឲ្យបានច្រើន ដើម្បីថ្លើមនិងរាងកាយទាំងមូលមានសុខភាពល្អរឹងមាំ។
***ទោះបីភេសជ្ជៈដែលបានរៀបរាប់ខាងលើ ដើរតួនាទីសំខាន់ក្នុងការសម្អាតថ្លើមក៏ដោយ ប៉ុន្តែបើអ្នកមិនកំណត់ជាតិអាកុល ដូចជាការផឹកស្រាលើសកម្រិត វានឹងបំផ្លាញថ្លើមខ្ទេចខ្ទី។ សូមប្រុងប្រយ័ត្ន ពេលអ្នកលេបថ្នាំពេទ្យ ពិសេសថ្នាំបំបាត់ការឈឺចាប់ផ្សេង ព្រោះវាអាប៉ះពាល់ដល់ថ្លើមធ្ងន់ធ្ងរ៕
ចុចអានបន្ត៖ ចូលចិត្តញ៉ាំឪឡឹក ដូចនេះគួរដឹងពីអត្ថប្រយោជន៍ទាំងនេះរបស់វា