ប្រពន្ធ​ឆ្លាត​​តែង​តែ​ធ្វើ​បែប​នេះ​ ពេល​ប្ដី​មាន​ស្រី​ក្រៅ​ហើយ​សុំ​លែងគ្នា

  • 2019-02-22 07:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្តី​ប្រពន្ធ​មួយ​គូ​រៀប​ការ​ហើយ​រស់​នៅ​ជា​មួយ​គ្នា​ច្រើន​ឆ្នាំ​ហើយ​ តែ​ប្តី​បែរ​ជា​មាន​ស្រី​ក្រៅ​ហើយ​សុំ​ប្រពន្ធ​លែង​គ្នា​។​ ស្រាប់​តែ​ប្រពន្ធ​ធ្វើ​រឿង​មួយ​នេះហើយ​ប្តី​ក៏​ប្តូរ​ចិត្ត​វិញ​ភ្លាម​។

អរគុណ​! ដែល​ជួយ​មើល​ថែ​ប្ដី​ខ្ញុំ​ជំនួស​ខ្ញុំ​អស់​មួយ​រយៈ​ធំ​!

ថ្ងៃ​មួយ​ខ្ញុំ​កំពុង​តែ​អង្គុយ​មើល​ទូរទស្សន៍​ ស្រាប់​តែ​ពេល​នោះ​ប្ដី​ខ្ញុំ​ដើរ​មក​ប្រាប់​ខ្ញុំ​ថា​ «យើង​លែង​គ្នា​ទៅ​» គាត់​និយាយ​មុខ​មាំ​ មិន​បាន​លេង​សើច​ទេ​។​ មូល​ហេតុ​ដែល​ខ្ញុំ​គិត​ឃើញ​មុន​គេ​គឺ​ប្រហែល​មក​ពី​ ក្រុមហ៊ុន​ខាត់​បង់​លុយ​ច្រើន​ជិត​ដួល​រលំ ឬ​គាត់​ប្រហែល​ជា​ជំងឺ​សាហាវ​អ្វី​ម៉្យាង​ដែល​គាត់​​មិន​ចង់​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ជា​មួយ​គាត់​។​ ប៉ុន្តែ​ខ្ញុំ​រឹង​មាំ​ណាស់​ ខ្ញុំ​កំពុង​តែ​នឹង​ជិត​ផ្ដល់​កំណើត​កូន​ដំបូង​ឲ្យ​គាត់​ទៀត​ផង​។​

ប៉ុន្តែ​​ប្រយោគ​ទី២​របស់​គាត់​ស្ទើរ​តែ​អាច​សម្លាប់​ខ្ញុំ​បាន​​ « ខ្ញុំ​បាន​ស្រលាញ់​ស្រី​ផ្សេង​ហើយ​ ឲ្យ​ខ្ញុំ​សុំ​ទោស​»​។

«នៅ​ពេល​ណា​»​ ខ្ញុំ​ប្រឹង​អត់​ធ្មត់​ ហើយ​សួរ​គាត់​។

គាត់​ឆ្លើយ​ «កន្លះ​ឆ្នាំ​ហើយ​ យើង​ស្គាល់​គ្នា​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​។​ នាង​ជា​មគ្គុទ្ទេសក៍ ​ទេសចរណ៍​ ជា​រឿង​ធម្មតា​ទេ​ ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​ស្រលាញ់​ងប់ងុល​នឹង​នាង​»​ ប្រហែល​ជា​គាត់​គិត​ថា​ពាក្យ​ដែល​គាត់​សរសើរ​នាង​ នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ខូច​ចិត្ត​ ហើយ​គាត់​មើល​មក​ខ្ញុំ​ដោយ​ទឹក​មុខ​មាន​កំហុស​។​

ខ្ញុំ​សួរ​ទៀត​ «ស្រលាញ់​នាង​ខ្លាំង​ទេ​?»

«ស្រលាញ់​នាង​ខ្លាំង​ណាស់​» គាត់​ឆ្លើយ​

ខ្ញុំ​មិន​បាន​សួរ​ច្រើន​ទេ​ ព្រោះ​សួរ​ច្រើន​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​។​ ខ្ញុំ​គួរ​តែ​ទុក​មុខ​ឲ្យ​ខ្លួន​ឯង​វិញ​ទើប​ល្អ​។​​

អនុស្សាវរីយ៍​ខ្ញុំ​ជា​មួយ​ប្ដី​ខ្ញុំ​មាន​រាល់​ថ្ងៃ។​ ពួក​យើង​សប្បាយ​រីករាយណាស់។​ ប៉ុន្តែ​គាត់​បាន​ប្ដូរ​ចិត្ត​រូច​ទៅ​ហើយ​ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ស្លាប់​ ម៉េច​មិន​ឲ្យ​គាត់​ទៅ​?​ ខ្ញុំ​ក្រោក​ឈរ​ហើយ​ដក​ដង្ហើម​ធំ​ «ខ្ញុំ​យល់​ពី​អ្វី​ដែល​បង​និយាយ​ហើយ​ ​ពិត​ជា​គួរ​ឲ្យ​សរសើរ​​ណាស់​ដែល​ស្រី​ម្នាក់​ទៀត​បាន​យក​ចំណង​គួរ​ឲ្យ​ខ្លាច​របស់​បង​ចេញ​ពី​ខ្ញុំ​បាន​» គាត់​មើល​មក​ខ្ញុំ​យ៉ាង​ភ្ញាក់​ផ្អើល​ ហើយ​គាត់​ក៏​ដឹង​ថា​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ស្រី​ចិត្ត​ទូលាយ​បែប​នេះ​ដែរ​។

«ពិត​ណាស់​ខ្ញុំ​មាន​សុភមង្គល​ខ្លាំង​ដែល​នៅ​ក្បែរ​បង ប៉ុន្តែ​បងមិន​ដែល​មាន​ខ្ញុំ​នៅ​ក្នុង​ចិត្ត​ទេ​»​។

គាត់​មាន​អារម្មណ៍​ថា​ខុស​ខ្លាំង​ចំពោះ​ខ្ញុំ​ គាត់​ក៏​សម្រេច​ចិត្ត​ចាក​ចេញ​ដោយ​ទុក​អ្វី​ៗ​ទាំង​អស់​នៅ​ក្នុង​ផ្ទះ​ឲ្យ​ខ្ញុំ​និង​កូន​។​

មុន​ពេល​លែង​គ្នា​គាត់​បាន​ហៅ​ខ្ញុំ​ទៅ​ញ៉ាំ​បាយ​ជា​មួយ​គាត់​។​ គាត់​ប្រាប់​ខ្ញុំ​ថា​គាត់​ចង់​បាន​ការ​ជូន​ពរ​ពី​ខ្ញុំ​ ហើយ​គាត់​ក៏​បាន​និយាយ​ពី​ក្មេង​ស្រី​ម្នាក់​នោះ​។​ គាត់​ប្រាប់​ថា​ជីវិត​គាត់​ស្រស់​ថ្លា​ណាស់​ពេល​នៅ​ក្បែរ​នាង​ ដោយ​សារ​នាង​មាន​ភាព​រស់​រវើក​ ស្រស់​ស្អាត​ និង​ទាក់​ទាញ​ណាស់​។​ វា​ខុស​គ្នា​ដាច់​រវាង​ស្នេហា​របស់​ខ្ញុំ​និង​គាត់​ បើ​ប្រៀប​ជា​មួយ​ស្នេហា​ថ្មី​របស់​គាត់​។​​

គាត់​ប្រាប់​ថា​«នាង​ស្រួល​ណាស់​ គ្រាន់​តែ​រឿង​តិច​តួច​សោះ​ក៏​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​បាន​ដែរ​ គ្រាន់​ជូន​នាង​ដើរ​ទិញ​ឥវ៉ាន់​ ប៉ាវ​នាង​ញ៉ាំ​អី​នៅ​កន្លែង​ថ្លៃ​ៗ ឲ្យ​លុយ​នាង​ចាយ​១​ថ្ងៃ​ ២០ដុល្លារ​ទៅ​បាន​ហើយ​ ។​ នៅ​ជា​មួយ​នាង​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល​ណាស់​ ជក់​បារី​នៅ​ក្នុង​ផ្ទះ​ក៏​បាន​ ដើរ​លេង​ទល់​ភ្លឺ​ជា​មួយ​មិត្ត​ភក្តិ​ក៏​បាន​ »​ គាត់​និយាយ​ហើយ​ភ្នែក​របស់​គាត់​ពោរ​ពេញ​ដោយ​សុភមង្គល​។​

​ហើយ​ខ្ញុំ​វិញ​មិន​សូវ​ប្រើ​ទឹក​មុខ​រីករាយ​ជា​មួយ​គាត់​ទេ​។​ ខ្ញុំ​តែង​តែ​ សួរ​គាត់​រាល់​ការ​ចំណាយ​ទាំង​អស់​សូម្បី​តែ​ទិញ​ស្រោម​ជើង​មួយ​គូ​ក៏​ដោយ​។​ ខ្ញុំ​មិន​ចង់​ឲ្យ​គាត់​ជក់​បារី​ មិន​ឲ្យ​គាត់​ផឹក​ស្រា​ ហើយ​ហាម​គាត់​ច្រើន​រឿង​ទៀត​។​

គាត់​និយាយ​ទៀត​ថា​ «ពេល​នៅ​ជា​មួយ​នាង​បេះ​ដូង​ខ្ញុំ​លោត​ញាប់​ណាស់​ ហើយ​រាង​កាយ​ពុះ​កញ្ជ្រោល​តែ​ម្ដង​»​ ខ្ញុំ​គិត​ថា​គាត់​ប្រហែល​ជា​ស្រវឹង​តិច​ៗ​ហើយ​។

ខ្ញុំ​កាត់​គាត់​៖

«ចឹង​ចាប់​ពី​ពេល​នេះ​ទៅ​អូន​នឹង​មិន​ឲ្យ​បង​ឃើញ​ទឹក​មុខ​គួរ​ឲ្យ​ធុញ​របស់​អូន​ទៀត​ទេ​ ហើយ​ក៏​មិន​មែន​ជា​អ្នក​បម្រើ​ដែល​បង​ត្រូវ​ឲ្យ​ប្រាក់​ខែ​រាល់​ខែ​ទៀត​ដែរ​

អូន​មិន​ចាំ​បាច់​ខាត​ពេល​អ៊ុត​សម្លៀក​បំពាក់​ និង​ចង​ក្រវាត់​ក​ឲ្យ​បង​

មិន​ចាំ​បាច់​យក​លុយ​ទៅ​ទិញ​សម្លៀក​បំពាក់​ឲ្យ​បង​

មិន​ចាំ​បាច់​យក​ខួរ​ក្បាល​ទៅ​គិត​ថា​ត្រូវ​យក​ត្រី​ទៅ​ធ្វើ​ម្ហូប​អី​ដើម្បី​ផ្គាប់​ក្រពះ​បង​ មិន​ចាំ​បាច់​ចម្អិន​អាហារ​ ហើយ​ខ្ញុំ​អាច​ចេញ​ទៅ​ញ៉ាំ​អី​នៅ​ខាង​ក្រៅ​បាន

មិន​ចាំ​បាច់​ខ្វល់​ខ្លាច​ថា​បង​ជក់​បារី​ធ្វើ​ខូច​សួត​ និង​ផឹក​ស្រា​បំផ្លាញ​ថ្លើម​ទៀត​ទេ​

មិន​ចាំ​បាច់​បោក​ខោអាវ​ស្រោម​ជើង​ស្អុយ​របស់​បង​ទៀត​ទេ​

មិន​ចាំ​បាច់​ត្រូវ​ខ្វល់​ជា​មួយ​មនុស្ស​ចាស់​ក្នុង​គ្រួសារ​បង​ មិន​ចាំ​បាច់​ឲ្យ​ថ្លៃ​ចាយ​វាយ​ទៅ​ម្ដាយ​ឪពុក​របស់​បង​រាល់​ខែ​

មិន​ចាំ​បាច់​ចំណាយ​ពេល​១ថ្ងៃ​កន្លះ​រាល់​ឆ្នាំ​ ជិះ​ឡាន​ឡើង​ហត់​ ជួរ​ឥវ៉ាន់​ថង់​ធំ​ៗ​ កាត់​ព្រៃ​កាត់​ភ្នំ​រាប់​សិប​គីឡូ​ដី គ្រាន់​តែ​ទៅ​ញ៉ាំ​បាយ​ពេល​ល្ងាច​ជា​មួយ​ប៉ា​ម៉ាក់​បង​ទៀត​ទេ​ អូខេ​ បាន​លែង​គ្នា​ក៏​ល្អ​ដែរ​!​»

ពេល​នោះ​ទឹក​ភ្នែក​ខ្ញុំ​ស្រក​ចុះ​ តែ​ខំ​ប្រឹង​ធ្វើ​ជា​មិន​អី​។​ គាត់​សួរ​ខ្ញុំ​ថា​ «អូន​មិន​អី​ទេ​មែន​ទេ​?»

ខ្ញុំ​និយាយ​ទៀត​ថា​ «ខ្ញុំ​មិន​មែន​ជា​ស្រី​ស្រួល​ផ្គាប់​ចិត្ត​ទេ​ ខ្ញុំ​មិន​ស្អាត​ ប៉ុន្តែ​ខ្ញុំ​មាន​ក្តីសុខ​ពេល​ឃើញ​បង​សប្យាយចិត្ត​ ហើយ​ស្រលាញ់​បង​ខ្លាំង​ណាស់​ ប៉ុន្តែ​ជីវិត​ដែល​រៀប​ការ​ហើយ​ពិត​ជា​ស្មុគ​ស្មាញ​ ខ្ញុំ​ត្រូវ​ចែក​រំលែក​ក្តី​ស្រលាញ់​ឲ្យ​ម្ដាយ​ឪពុក​ក្មេក​ ធ្វើ​ជា​កូន​ប្រសា​ល្អ​ ណា​មួយ​ត្រូវ​មើល​ថែ​កូន​ក្នុង​ពោះ​ ធ្វើ​ការ​ងារ​ផ្ទះ​ គ្មាន​ពេល​គ្រប់​គ្រាន់​ធ្វើ​ខ្លួន​ ឲ្យ​ស្អាត​និង​រីករាយ​ផ្គាប់​ចិត្ត​ប្តី​ទេ​។​ ប៉ុន្តែ​អូន​ពិត​ជា​នឹក​ការ​កាន់​ដៃ​ដ៏​សែន​កក់​ក្តៅ​របស់​បង​ ចង់​ឲ្យ​បង​ឱប​អូន​ ហើយ​សួរ​ថា​ថ្ងៃ​នេះ​អូន​ហត់​ទេ​ កូន​យើង​ធ្វើ​ទុក​ទេ​?​ ប៉ុន្តែ​រាល់​ថ្ងៃ​មាន​តែ​ការ​ឈ្លោះ​ប្រកែក​គ្នា​ ហើយ​រឹត​តែ​ឈឺ​ចាប់​បំផុត​នៅ​ពេល​ដឹង​ថា​ស្រី​ម្នាក់​ណា​ក៏​មិន​ដឹង​កំពុង​តែ​បំផ្លាញ​សុភមង្គល​របស់​អូន​ ហើយ​នឹង​ដណ្ដើម​បង​យក​​ទៅ​ទៀត​ សួរ​ថា​តើ​អូន​មាន​អារម្មណ៍​យ៉ាង​ណា​?​ តែ​បង​ប្រហែល​ជា​គិត​ថា​អូន​ជា​មនុស្ស​ស្រី​មិន​ចេះ​ឈឺ​ចាប់​ទេ​ ព្រោះ​រាល់​ថ្ងៃ​អូន​ជា​ស្រី​ដែល​ចេះ​តែ​ធ្វើ​ការ​ងារ​ផ្ទះ​ដូច​អ្នក​បម្រើ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ភ្នែក​បង​»

ចុង​បញ្ចប់​គាត់​ក៏​បដិសេធ​មិន​ព្រម​លែង​គ្នា​ជា​មួយ​ខ្ញុំ​វិញ​។

ខ្ញុំ​សួរ​ថា​ ហេតុ​អី​?

គាត់​ប្រាប់​ថា​ «ផ្ទះ​គឺ​មិន​ងាយ​ទិញ​បាន​ទេ​ បើ​គ្មាន​លុយ​ ហើយ​ពិត​ណាស់​គ្មាន​នរណា​ម្នាក់​ស្គាល់​បង​ច្បាស់​ជាង​អូន​ទេ​ ហើយ​គ្មាន​អ្នក​ណា​អាច​ជំនួស​អូន​បាន​ដែរ​ក្នុង​ភ្នែក​របស់​កូន​យើង​។ បង​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​លំបាក​យូរ​ហើយ​ព្រោះ​តែ​ចង់​ផ្លាស់​ប្ដូរ​ជីវភាព​គ្រួសារ​យើង​ ប៉ុន្តែ​បង​ស្ទើរ​តែ​បំផ្លាញ​ខ្លួន​ឯង​ទាំង​មិន​ដឹង​ខ្លួន​។​ ប្រពន្ធ​សម្លាញ់​ឲ្យ​បង​សុំ​ទោស​ មនុស្ស​ស្រី​ដែល​ស្រលាញ់​បង​ពិត​ប្រាកដ​ ហើយ​តែង​នៅ​ក្បែរ​បង​គឺ​ជា​អូន​ ហើយ​មនុស្ស​ដែល​បង​មិន​អាច​ខ្វះ​បាន​គឺ​ជា​អូន​តែ​ម្នាក់​គត់»

ស្នេហា​មិន​មែន​ជា​ការ​ដេក​ជាមួយ​គ្នា​១​យប់​ទេ​។​ តែ​ស្នេហា​គឺ​ជា​ការ​ដេក​កើយ​ខ្នើយ​មួយ​ជា​មួយ​គ្នា​ពេញ​មួយ​ជីវិត​។ អរគុណ​ស្រី​ម្នាក់​នោះ​ហើយ​ ដែល​ជួយ​មើល​ថែ​ប្ដី​ខ្ញុំ​ជំនួស​ខ្ញុំ​កន្លង​មក​។ ក៏​អរគុណ​នាង​ដែរ​ ដែល​ធ្វើ​ឲ្យ​ប្ដី​ខ្ញុំ​ដឹង​ថា​អ្នក​ណា​ដែល​គាត់​ស្រលាញ់​បំផុត​។

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម