ទៅស្នាក់នៅសណ្ឋាគារ មិនចង់ជួបរឿងស៊យ គួរដឹង៧យ៉ាងនេះសិន
- 2019-02-15 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅស្នាក់នៅសណ្ឋាគារ មិនចង់ជួបរឿងស៊យ គួរដឹង៧យ៉ាងនេះសិន
មានរឿងរ៉ាវចម្លែកៗជាច្រើនដែលបានកើតឡើង នៅក្នុងសណ្ឋាគារឬផ្ទះសំណាក់ សូម្បីតែវិទ្យាសាស្ត្រក៏គ្មានវិធីពន្យល់បានដែរ។ សណ្ឋាគារឬផ្ទះសំណាក់ ត្រឹមជាទីស្នាក់អាស្រ័យបណ្តោះអាសន្ន មិនមែនជាកន្លែងកម្មសិទ្ធិដូចជាផ្ទះដែលអ្នករស់នៅរាល់ថ្ងៃនោះឡើយ។ ហេតុនេះហើយ មានជំនឿ៧យ៉ាង ដែលជាបម្រាមនិងអ្វីដែលអ្នកត្រូវដឹង បើមិនចង់ជួបរឿងស៊យ។
១. កុំយកបន្ទប់ដែលនៅចុងគេបង្អស់
មានសណ្ឋាគារច្រើនណាស់ដែលអ្នកអាចខលទៅកក់មុនបាន ដូច្នេះមិនត្រូវជ្រើសរើសបន្ទប់ណាដែលនៅចុងគេបង្អស់ដាច់ខាត។ គួរយកបន្ទប់ ដែលនៅជិតផ្លូវចេញចូលឬជិតជណ្តើរយន្ត ព្រោះអ្នកនឹងទទួលបានសេវាកម្មរហ័សជាង។ ម៉្យាងទៀត បើតាមក្បូនចិន (yin and yang ) ជឿថា បន្ទប់ចុងគេគ្មានពន្លឺគ្រប់គ្រាន់ ធ្វើឲ្យបរិយាកាសអាប់អួននិងគ្មានអនាម័យ។
២. គោរពមុននឹងចូលក្នុងបន្ទប់
បើមុខបន្ទប់មានកណ្តឹងគួរចុចសិនមុនបើកទ្វារចូល ឬគោះទ្វារ៣ដងហើយនិយាយថា "សួស្ដី” ទោះបីជាអ្នកដឹងថានៅក្នុងបន្ទប់គ្មានមនុស្សក៏ដោយ។
៣. បើកភ្លើងគ្រប់កន្លែង
បន្ទាប់ពីចូលដល់ក្នុងបន្ទប់ហើយ ត្រូវបើកកុងតាក់ភ្លើងទាំងអស់ ហើយដើរសំដៅទៅបន្ទប់ទឹក។ ក្រោយមកទៀត ត្រូវលើកជើងឡើងហើយគោះជង្គង់ ដើម្បីឲ្យគេដឹងថា ក្នុងបន្ទប់មានមនុស្សនៅហើយ។ យ៉ាងណាមិញ មិនត្រូវបើកទូឬកេសតុភ្លាមៗទេ ព្រោះគេជឿថាព្រលឹងវិញ្ញាណ ដែលយើងមើលមិនឃើញ អាចនឹងភ័យស្លន់ស្លោរកកន្លែងពួនមិនទាន់។
៤. រៀបចំគ្រែដែលនៅទំនេរ
បើអ្នកគេងក្នុងបន្ទប់ដែលមានគ្រែពីរ ហើយគ្រែមួយទៀតនៅទំនេរគ្មានអ្នកគេង ត្រូវប្រមូលខ្នើយនិងភួយពីលើគ្រែនោះ យកទៅដាក់ចូលក្នុងទូខោអាវសិន។
៥. សង្កេតមើល
ពេលដើរចូលក្នុងបន្ទប់បើមានអារម្មណ៍មិនសូវស្រួល ចម្លែកខុសធម្មតា ដូចជាគ្រែញ័រ ទូរទស្សន៍ឬអំពូលភ្លើងបិទបើក ដោយគ្មានមូលហេតុ គួរផ្លាស់ប្តូរបន្ទប់ចេញភ្លាម កុំចាំយូរ។
៦. មិនគួរព្យួរខោអាវទុកក្នុងទូ
ព្យួរខោអាវទុកក្នុងទូ អាចធ្វើឲ្យរបស់ដែលយើងមើលមិនឃើញ អាចចូលមកសំងំក្នុងខោអាវរបស់អ្នក ដូច្នេះគួរទុកក្នុងវ៉ាលី កាតាប ឬព្យួរឲ្យត្រូវនឹងពន្លឺថ្ងៃទើបល្អ។
៧. ការពារមុនចូលគេង
មិនគួរបិទភ្លើងឲ្យងងឹតស្លុបឈឹងទេ អាចបើកអំពូលចោល១ឬ២ ដើម្បីការពារមិនឲ្យមានសំណាងអាក្រក់ ព្រមទាំងអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាសុវត្ថិភាពជាងមុន។ ជាពិសេស សម្រាប់ស្បែកជើងវិញ មិនចាំបាច់ត្រូវទុកនៅជិតគ្រែតម្រៀបឲ្យស្មើគ្នានោះទេ ត្រូវដាក់ឲ្យឆ្ងាយៗពីគ្រែ៕
ចុចអានបន្ត៖ ទៅជួលផ្ទះ បើឃើញសញ្ញាចម្លែកទាំងនេះ ត្រូវដាក់មេផាយភ្លាម