៥ ហេតុផល ដែលអ្នកមិនគួរជះលុយច្រើន នៅថ្ងៃបុណ្យនៃក្តីស្រលាញ់
- 2019-02-13 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ហេតុផល ដែលអ្នកមិនគួរជះលុយច្រើន នៅថ្ងៃបុណ្យនៃក្តីស្រលាញ់
កុំដោយសារតែចង់បញ្ជាក់ពីក្តីស្រលាញ់ ទៅកាន់សង្សាររបស់ខ្លួន គិតថាចាំបាច់ត្រូវតែដកលុយចេញពីកាបូប ចំណាយច្រើនប៉ុនណាក៏មិនខ្វល់នោះ។ សម្រាប់អ្នកដែលមានចំណូលតិចឬមធ្យម លុយពិតជាពិបាករកណាស់ ហើយការចំណាយក៏ត្រូវតែមានកម្រិតដែរ។ យោងទៅតាម គេហទំព័រល្បីលើសកលលោក ផ្នែកពាណិជ្ជកម្ម ការវិនិយោគ សហគ្រិន...បានបង្ហាញពីហេតុផល៥យ៉ាង ដែលអ្នកមិនគួរខ្ជះខ្ជាយលុយកាក់ច្រើនពេក នៅថ្ងៃបុណ្យនៃក្តីស្រលាញ់។
១. វាគ្រាន់តែជាថ្ងៃធម្មតា
មនុស្សភាគច្រើន តែងមានអារម្មណ៍គិតក្នុងចិត្តថា ពួកគេត្រូវតែធ្វើអ្វីមួយនៅថ្ងៃនេះ ទោះបីជាមិនចង់ ឬគ្មានគូនឹងគេក៏ដោយ។ បើមិនបានណាត់ជួបជាមួយគូស្នេហ៍ ឬចេញទៅក្រៅជុំមិត្តភ័ក្តិ ហាក់ដូចនៅមិនស្រណុកក្នុងខ្លួន ទាំងដែលវាមិនចាំបាច់ទាល់តែសោះ។ ការពិតវាគ្រាន់តែជាថ្ងៃធម្មតាប៉ុណ្ណោះ បើអ្នកមានក្តីស្រលាញ់ពិតប្រាកដមែន អ្នកអាចបង្ហាញ និងយកចិត្តទុកដាក់ចំពោះគ្នារាល់ថ្ងៃបាន មិនមែនចាំតែដល់ថ្ងៃនេះទេ។
២. របស់របរថ្លៃខ្លាំងលើសពីថ្ងៃធម្មតា
មិនថាជាបាច់ផ្កាស្រស់ កាដូ សូកូឡា ឬណាត់ជួបញ៉ាំអាហារនៅក្នុងហាង សុទ្ធតែត្រូវចំណាយលុយច្រើនលើសពីថ្ងៃធម្មតា ដូច្នេះហើយយើងមិនបាច់ទៅដណ្តើមគ្នាទិញ ខ្ជះខ្ជាយលុយក្នុងថ្ងៃនេះទេ។ ចង់ណាត់ជួបគ្នា នៅថ្ងៃបន្ទាប់ ឬទិញរបស់ឲ្យគ្នា នៅថ្ងៃក្រោយៗទៀត ក៏មិនទាស់ខុសអីដែរ ត្រូវអត់?
៣. ចំណាយលុយលើរបស់ណាមានប្រយោជន៍ប្រសើរជាង
ពេលរកលុយ ត្រូវចំណាយកម្លាំងហត់ផង មានសម្ពាធផង ចុះហេតុអីត្រូវយកលុយ មកចំណាយលើរបស់ថ្លៃហើយប្រើការមិនបានទៅវិញ? ពេលខ្លះត្រឹមតុក្កតា បាច់ផ្កា ទៀនរូបបេះដូងមើលទៅធម្មតាៗសោះ តែតម្លៃវិញសឹងស្មើប្រាក់ខែមួយខែឯណោះ។ យកលុយទៅទិញរបស់ដែលមិនចាំបាច់ ប្រៀបបាននឹងយកលុយទៅបោះចោលអីចឹងដែរ។ បើខានមិនបានត្រូវតែទិញ គួររកមើលរបស់ណា ដែលសមល្មមនឹងសមត្ថភាពខ្លួនឯង។
៤. នៅខាងក្រៅមនុស្សច្រើនរញ៉េរញ៉ៃ
តាមហាងកាហ្វេ តាមដងផ្លូវ ក្រឡេកទៅខាងណា ឃើញសុទ្ធតែគូស្នេហ៍បណ្តើរគ្នា មនុស្សច្រើនរញ៉េរញ៉ៃខ្លាំងណាស់។ បែបនេះមិនមែនហៅថារ៉ូមែនទិកនោះទេ គឺជាការបង្អួតគ្នាទៅវិញ។ គូស្នេហ៍ផ្អែមល្ហែមពិតប្រាកដ ត្រឹមញ៉ាំអីតិចតួចនៅផ្ទះ អង្គុយមើលរឿងជាមួយគ្នារតែពីរនាក់ ក៏គ្រប់គ្រាន់ទៅហើយ។
៥. មានវិធីច្រើនផ្សេងទៀតដែលអ្នកបង្ហាញក្តីស្រលាញ់
ប្រសិនបើចង់ឲ្យដៃគូដឹងពីទំហំនៃក្តីស្រលាញ់ដ៏ធំធេងដែលអ្នកមាន អាចបង្ហាញដោយការសរសេរលើក្រដាស ច្នៃកាដូ ចេញពីស្នាដៃផ្ទាល់ខ្លួន ធ្វើម្ហូបញ៉ាំជុំគ្នា និងនិយាយពាក្យថា "ស្រលាញ់" ជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់ត្រូវទុកឲ្យដល់ ថ្ងៃ១៤កុម្ភៈ នោះឡើយ ៕
ចុចអានបន្ត៖ ច្បាស់ខ្លាំងណាស់ថាប្ដីកំពុងមានស្រីក្រៅ បើមានសញ្ញាទាំងនេះ