កម្មវិធី "ស្រ្តីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា ឆ្នាំ២០១៩" ចាប់ផ្តើមបើកឱ្យមានការស្នើបេក្ខភាពហើយ
- 2019-02-13 03:05:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី "ស្រ្តីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា ឆ្នាំ២០១៩" ចាប់ផ្តើមបើកឱ្យមានការស្នើបេក្ខភាពហើយ
ជាការផ្តល់កិត្តិយស និងទទួលស្គាល់ស្នាដៃរបស់ស្ត្រីកម្ពុជាដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមកក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាជាលើកទី២ សម្រាប់ឆ្នាំ២០១៩ បន្តទៀត។
កម្មវិធីនេះនឹងបើកឱកាសដល់សាធារណជនទូទៅដើម្បីស្នើបេក្ខភាពស្រ្តីគ្រប់រូបដែលខ្លួនទទួលស្គាល់ថាជាស្រ្តីគំរូ ជាស្ត្រីឆ្នើម និងសកម្មបានចូលរួមច្រើនក្នុងការអភិវឌ្ឍវិស័យប.គ.ព ក្នុងប្រទេសដើម្បីទទួលពានរង្វាន់កិត្តិយសជា "ស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ២០១៩" ពីក្រសួងប.ទ។
បេក្ខនារីក៏អាចស្នើបេក្ខភាពផ្ទាល់ខ្លួនដើម្បីចូលរួមលើកកម្ពស់វិស័យនេះ និងជំរុញការចូលរួមរបស់ស្រ្តីផ្សេងទៀតផងដែរ។ ក្រសួងប.ទ នឹងជ្រើសរើសសម្រិតសម្រាំងបេក្ខនារីទាំងនោះ ហើយផ្តល់ពានរង្វាន់កិត្តិយសដល់ស្រ្តីឆ្នើម ក្នុងកម្មវិធីតាំងបង្ហាញបច្ចេកវិទ្យាដ៏ធំដំបូងបង្អស់មួយនៅកម្ពុជា "Digital Cambodia" ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
កម្មវិធីឆ្នាំនេះផ្តោតលើប្រធានបទ “ស្រ្តីកម្ពុជាសម្រាប់ការផ្លាស់ប្តូរទៅជាឌីជីថល” នឹងប្រកាសរកបេក្ខភាពជាស្ត្រី ចាប់ពីថ្ងៃទី២៥ ខែមករា រហូតដល់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៩ ។
បន្ទាប់មកក្រសួងនឹងធ្វើការជ្រើសរើស ហើយវាយតម្លៃរកស្រ្តីឆ្នើមលេចធ្លោដែលមានគុណសម្បត្តិគ្រប់គ្រាន់។
ជ័យលាភី ០៥ (ប្រាំ) រូប នឹងត្រូវផ្តល់កិត្តិយសទទួលពានរង្វាន់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ខាងមុខ ។
ពាក់ព័ន្ធនឹងការផ្តួចផ្តើមឱ្យមានកម្មវិធីនេះឡើង ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ. បានមានប្រសាសន៍ថា "ការផ្លាស់ប្តូរទៅជាឌីជីថល (Digital Transformation) គឺជារបត់នៃការប្រែប្រួលក្នុងយុគសម័យឌីជីថលនេះ ដែលបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ជាមធ្យោបាយ ឬឧបករណ៍ដើម្បីផ្លាស់ប្តូររបៀបរបបការងារ ការធ្វើអាជីវកម្ម និងការគ្រប់គ្រងក្នុងគោលបំណងបង្កើនប្រសិទ្ធភាព កំណើនផលចំណេញ និងពង្រីកឱកាសផ្សេងៗទៀត។ ដើម្បីអាចអភិវឌ្ឍប្រទេសឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ យើងគ្រប់គ្នាត្រូវចូលរួមជំរុញ និងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរទៅជាឌីជីថល ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦។ "
ចំពោះការរៀបចំកម្មវិធីនេះ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិ ស.អ. បានមានប្រសាសន៍ថា “ នាពេលបច្ចុប្បន្ន ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។ ស្ត្រីភាគច្រើនជាអាជីវករ អភិបាលក្រុមហ៊ុនខ្នាតតូចនិងមធ្យម។ ក្នុងការជំរុញ Tech Start Up និងនវានុវត្តន៍នាពេលកន្លងមក យើងសង្កេតឃើញមានស្រ្តីចូលរួមច្រើនជាលំដាប់ពីមួយឆ្នាំទៅឆ្នាំ។ ម្យ៉ាងវិញទៀត ការរៀបចំកម្មវិធីនេះ ក៏ជាការកៀរគរ ការចូលរួមពីគ្រប់តួអង្គដើម្បីសម្រេចនូវគោលដៅផ្លាស់ប្តូរទៅជាឌីជីថល និងគោលដៅយុទ្ធសាស្រ្តកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានឆ្នាំ២០២០។ យើងសូមលើកទឹកចិត្តឱ្យស្រ្តីចូលរួមកាន់តែច្រើនឡើង។ "
កម្មវិធីឆ្នាំ២០១៩ នេះ មានពានរង្វាន់រហូតដល់ទៅ ០៥ (ប្រាំ) ប្រភេទគឺ៖
-សហគ្រិនឆ្នើមស្រ្តីក្នុងបច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award)
-វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodian Woman ICT Engineer Award)
-ស្រ្តីដែលបានចូលរួមជំរុញនូវការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គមឬសហគមន៍ (Cambodian Woman ICT For Community Award)
-ស្ត្រីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត (Creative Digital Content Award)
-និងចុងក្រោយគឺពន្លកថ្មី ( Girl Innovator ) ។
សូមបញ្ជាក់ថាស្រ្តីឆ្នើមនៅកម្ពុជាទាំង០៥(ប្រាំ)ប្រភេទដែលត្រូវបានជ្រើសរើសត្រូវតែជាក្រុមស្ត្រីកម្ពុជាដែលមានសក្តានុពលក្នុងផ្នែកបច្ចេកវិទ្យា មានភាពជាអ្នកដឹកនាំខ្ពស់ ព្រមទាំងបានប្រើប្រាស់នូវជំនាញរបស់ខ្លួនដើម្បីបម្រើការក្នុងស្ថាប័នរបស់ខ្លួន ក៏ដូចជានៅក្នុងសហគមន៍របស់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ក្រៅពីនេះ ពួកគាត់ក៏ត្រូវតែជាស្រ្តីកម្ពុជាដែលបានលះបង់នូវពេលវេលា និងកម្លាំងកាយចិត្តរបស់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងការចូលរួមស្វែងរកដំណោះស្រាយផ្នែកណាមួយក្នុងវិស័យបច្ចេកវិទ្យា សម្រាប់យកមកបម្រើផលប្រយោជន៍ក្នុងសង្គមកម្ពុជាជារួម។
សាធារណជនអាចចូលរួមក្នុងកម្មវិធីនេះបាន ដោយស្នើបេក្ខភាព ស្រ្តីដែលលោកអ្នកគិតថាជាស្រ្តីឆ្នើម ឬស្រ្តីគំរូក្នុងវិស័យនេះ។
ការស្នើបេក្ខភាពអាចធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយគ្រាន់តែចុចទីនេះ
ឬ អាចទំនាក់ទំនងតាមសារអេឡិកត្រូនិក info@cbrd.gov.kh ឬ ទូរស័ព្ទលេខ៖ 012 717 318 ឬ 086 47 87 72 ៕
រូបភាពផ្ដល់ដោយ៖ cbrd.gov.kh