ចង់បាន​ជីវិត​រីករាយ កុំ​ភ្លេច​ធ្វើ​រឿង​តូច​តាច​ ៨​យ៉ាង​ នេះ​ឲ្យ​បាន​​​​រាល់​ថ្ងៃ​

  • 2019-02-08 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្ដី​សុខ​នៅ​មិន​ឆ្ងាយ​​​ទេ​ វា​ឋិត​នៅ​ក្នុង​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​យើង​ហ្នឹង​ហើយ​គ្រាន់​តែ​ពេល​ខ្លះ​យើង​ភ្លេច​ធ្វើ​វា​តែ​ប៉ុណ្ណោះ​។​ ​មិន​ចាំ​បាច់​ទាល់​តែ​ធ្វើ​តាម​គោល​ការណ៍​អី​ណាស់​ណា​ទេ​ យើង​ក៏​អាច​ស្វែង​រក​ក្ដី​សុខ​ពិត​ប្រាកដ​ឲ្យ​ខ្លួន​ឯង​បាន​តាម​ទម្លាប់​ធម្មតា​ៗ​ប្រចាំ​ថ្ងៃ​របស់​យើង​បាន​ដែរ​។​ ​វា​គឺ​ជា​រឿង​តូច​តាច​ទេ​នៅ​ក្នុង​ជីវិត​យើង​ តែ​បើ​យើង​អាច​ធ្វើ​វា​បាន​ ជីវិត​នឹង​ជួប​តែ​រឿង​រីករាយ​មិន​ខាន​។​ ហើយ​ខាង​ក្រោម​នេះ​ជា​រឿង​ ៨ យ៉ាង​ដែល​យើង​មិន​គួរ​ភ្លេច​ធ្វើ​៖

១.​ដក​ដង្ហើម​វែង​ៗ​ស្រូប​យក​ខ្យល់​ធម្មជាតិ

វា​ជា​វិធីសាស្ត្រ​ក្នុង​ការ​សមាធិ​ដ៏សំខាន់​មួយ​ដែល​អ្នក​ជំនាញ​តែង​តែ​ណែនាំ​ឲ្យ​ធ្វើ​។​កុំ​ឃុំ​ឃាំង​ខ្លួន​នៅ​តែ​ក្នុង​បន្ទប់​ ត្រូវ​តែ​ចេញ​ដើរ​មក​ខាង​ក្រៅ ស្វែង​រក​កន្លែង​ដែល​មាន​ធម្មជាតិ​ នៅ​ក្រោម​ម្លប់​ឈើ​ ឬ​ក្នុង​សួន​ច្បារ​ ហើយ​ស្រូប​យក​ខ្យល់​វែង​ៗ​​។ ធ្វើ​បែប​នេះ​ដដែល​ៗ​ឲ្យ​បាន​យ៉ាង​តិច​១០​ដង​ នោះ​អារម្មណ៍​អ្នក​នឹង​បាន​ធូរ​ស្បើយ​ពី​កង្វល់​ទាំង​ឡាយ​។​

២.​ញញឹម​ទៅ​កាន់​អ្នក​នៅ​ជុំ​វិញ​ខ្លួន

ពេល​អ្នក​ញញឹម​​ទៅ​កាន់​មនុស្ស​ជុំ​វិញ​ខ្លួន​មិន​ត្រឹម​តែ​ផ្ដល់​ក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​ទេ​ តែ​វា​ក៏​ជា​ក្ដី​សុខ​របស់​អ្នក​ផ្សេង​ដែរ​។​ នៅ​ពេល​ដែល​អ្នក​សើច​ទៅ​កាន់​ពួក​គេ​បាន​ច្រើន​ នោះ​ពួក​គេ​នឹង​ចង់​ជួយ​អ្នក​ពេល​ដែល​អ្នក​ត្រូវ​ការ​ពួក​គេ​ ទោះ​បី​អ្នក​បាន​សុំ​ឲ្យ​ជួយ​ក៏​ដោយ​។​ ព្រោះ​ស្នាម​ញញឹម​នឹង​ប្រែ​ក្លាយ​ពី​មនុស្ស​ប្លែក​មុខ​ឲ្យ​មក​ជាមិត្ត​បាន​។​​

៣.ឧស្សាហ៍​និយាយ​ពាក្យ អរគុណ

ពាក្យ​អរគុណ​មិន​មែន​ប្រើ​ចំពោះ​តែ​អ្នក​ដែល​បាន​ជួយ​អ្នក​ទេ​។​ តែ​វា​បង្ហាញ​ពី​អារម្មណ៍​ស្វាគមន៍​របស់​អ្នក​តូច​មួយ​របស់​អ្នក​ទៅ​កាន់​អ្នក​ដ៏​ទៃ​។​ បើ​មាន​អារម្មណ៍​ល្អ​និង​ស្វាគមន៍​ចំពោះ​អ្នក​ដ៏​ទៃ​នោះ​អ្នក​តែង​តែ​រីករាយ​។​

៤. សាក​ល្បង​ធ្វើ​អ្វី​ដែល​ថ្មី

តើ​អ្នក​តែង​តែ​គិត​ថា​មិន​មាន​ពេល​ និង​លុយ​គ្រប់​គ្រាន់​មែន​ទេ​? ឬ​គិត​ថា​គ្មាន​អ្វី​ដែល​ល្អ​គ្រប់​គ្រាន់​ដើម្បី​អាច​ឲ្យ​អ្នក​ស្រលាញ់​បាន​?​ អ្នក​គួរ​តែ​ដឹង​ពី​រសជាតិ​ម្ហូប​ដែល​អ្នក​កំពុង​ញ៉ាំ​ ដឹង​ពី​ភាព​ងាយ​ស្រួល​របស់​កៅអី​ដែល​អ្នក​កំពុង​អង្គុយ​ ឬ​ក៏​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​ភាព​ងាយ​ស្រួល​។​ ត្រូវ​ចេះ​ពេញ​ចិត្ត​ជាមួយ​ពេល​វេលា​ និង​បទពិសោធន៍​នោះ​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​កាន់​តែ​មាន​ភាព​រឹង​មាំ​។​

៥.​ កុំ​ភ្លេច​ស្វែង​រក​កន្លែង​ស្ងប់​ស្ងាត់​ឲ្យ​ខ្លួន​ឯង

ពេល​ខ្លះ​អ្នក​រវល់​ខ្លាំង​ជាមួយ​ការងារ​ មិត្ត ​ភក្តិ​ តែ​មិន​ត្រូវ​ភ្លេច​ស្វែង​រក​ពេល​វេលា​ស្ងប់​ស្ងាត់​ឲ្យ​ខ្លួន​ឯង​ទេ​។​ បើ​អាច​ ចំណាយ​ពេល​នៅ​ពេល​ថ្ងៃ​ ស្វែង​រក​កន្លែង​ស្ងាត់​ អង្គុយ​ចុះ​ ហើយ​កុំ​ធ្វើ​អី​ទាំង​អស់​ ធ្វើ​អារម្មណ៍​ឲ្យ​ស្ងប់​ នោះ​ភាព​រីក​រាយ​នឹង​មក​រក​អ្នក​។​

៦.​ ពុត​ខ្លួន​ឲ្យ​ដូច​ឆ្មារកម្ជិល

តើ​អ្នក​តែង​តែ​ក្រោក​ពី​ដេក​ហើយ​នៅ​មាន​អារម្មណ៍​ថា​ហត់​ដែរ​ទេ​? មិន​ចាំ​បាច់​ហាត់​ Yoga ក៏​បាន​ដែរ​ គ្រាន់​តែ​ពុត​ខ្លួន​ឲ្យ​ដូច​ឆ្មារ​ខ្ជិល​មួយ​ក្បាល​ទៅ​បាន​ហើយ​។​ វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​បាន​ធូ​ស្រាល​។​

៧.​ រាំ​លេង

មិន​ចាំ​បាច់​ទាល់​តែ​ចេះ​រាំ​ដូច​តារា​ K-Pop​អី​ទេ​។​ គ្រាន់​ឈរ​លើ​ឥដ្ឋ​លើក​ដៃ​លើក​ជើង​ គ្រវី​ចង្កេះ​ តាម​ភ្លេង​ ទៅ​មក​ៗ​ទៅ​បាន​ហើយ​។​ អ្នក​នឹង​ដឹង​ថា​ពេល​អ្នក​រាំ​គឺ​សប្បាយ​ខ្លាំង​ណាស់​។

៨.​ កុំ​ភ្លេច​ទៅ​មើល​ថ្ងៃ​លិច

គ្រប់​ពេល​ថ្ងៃ​លិច​តែង​តែ​មាន​ពណ៌​ចម្រុះ​ផ្សេង​ៗ​គ្នា​។​ ពពក​​ប្ដូរ​រូបរាង​គ្រប់​វិនាទី​ មេឃ​ប្ដូរ​ពី​ពណ៌​លឿង​ទៅ​ជា​ពណ៌​ទឹក​ក្រូច​ និង​ខៀវ​ស្រងាត់​។​ បន្ទាប់​មក​ព្រះ​អាទិត្យ​លិច​បញ្ចេញ​ពណ៌​ក្រហម​ផ្លេក​ៗ​​។​ ការ​មើល​ថ្ងៃ​លិច​គឺ​ជា​ការ​រក​​ក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​៕​

ចុចអាន៖ អាច​នឹង​ស្ដាយ​ក្រោយ​ បើ​មិន​បាន​ធ្វើ​រឿង​ ១៤ យ៉ាង​នេះ​ មុន​អាយុ ​៣៥​ ឆ្នាំចូល​ម​កដល់

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា