៥យ៉ាង​ដែល​មនុស្ស​ស្រី​គួរ​រៀន​សម្រប​ខ្លួន​ជាមួយ​មនុស្ស​ប្រុស​ខ្លះ​ទើប​ល្អ

  • 2019-02-07 09:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​គ្រប់​យ៉ាង​ដែល​អាច​ទៅ​មុខ​យ៉ាង​រលូន​នោះ​ ទាល់​តែ​សហការ​គ្នា យល់យោគ​គ្នា​មិន​មែន​ទៅ​តែ​ម្ខាងៗ​នោះ​ទេ ជា​ពិសេស​សម្រាប់​ស្នេហា​មនុស្ស​ពីរ​នាក់​ក៏​ដូចគ្នា។ ភាគ​ច្រើន​មនុស្ស​ស្រី​គឺ​ត្រូវ​បាន​គេ​គិត​ថា​ពិបាក​នឹង​ផ្គាប់​ចិត្ត​បន្តិច ហើយ​យល់​តែ​ពី​ខ្លួន​ឯង មិន​សូវ​ជា​បាន​ស្វែង​យល់​ពី​មនុស្ស​ប្រុស​វិញ​ទេ។ យ៉ាង​ណា​មិញ​ដើម្បី​ឲ្យ​ក្ដី​ស្រឡាញ់​អ្នក​មាន​ភាព​ល្អ​ប្រសើរ​ទាំង​អស់​គ្នា មនុស្ស​ស្រី​គួរ​រៀន​សម្រប​​ខ្លួន​ជាមួយ​មនុស្ស​ប្រុស ៥​យ៉ាង​នេះ​ទៅ៖

១. មាន​ហេតុផល

ពេល​ខ្លះ​មនុស្ស​ស្រី​អត់​មាន​រឿង​អី​សោះ ក៏​អាច​រករឿង​បាន​ដែរ ហើយ​ងរង៉ក់​គ្មាន​មូលហេតុ រួច​ក៏​ចង់​ឲ្យ​ខាង​ប្រុស​មក​អង្គុយ​លួង។ ចរិត​បែប​នេះ​មាន​ច្រើន​ពេក​គឺ​មិន​ល្អ​នោះ​ទេ ដូច្នេះ​អ្នក​គួរ​កាត់​បន្ថយ​ហើយ​រៀប​សម្រប​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ស្រី​នឹងធឹង​បន្តិច ដោយ​មិន​ប្រើ​ចរិត​នេះ​ជ្រុល​ហួសហេតុ​ពេក។

២. សម្រប​ខ្លួន​នឹង​ពេល​វេលា​

ដោយ​សារ​មិន​សូវ​មាន​ពេល​ច្រើន​ជាមួយ​គ្នា មនុស្ស​ស្រី​ភាគ​ច្រើន​ទៅ​ហើយ​ដែល​ឈ្លោះ​គ្នា​ព្រោះ​រឿង​នេះ។ អ្នក​អាច​នឹង​រៀន​យោគយល់​ពី​ពេល​វេលា​គាត់​ខ្លះ​ក៏​ល្អ កុំ​ព្យាយាម​ទាមទារ​ខ្លាំង​រហូត​គាត់​មិន​អាច​ចែក​ឲ្យ​អ្នក​បាន។ ពេល​ខ្លះ​គាត់​ពិត​ជា​មាន​ការ​រវល់​មែន ហើយ​មួយ​ទៀត​រវល់​ដែល​ជា​លេស​គឺ​ខុស​គ្នា​ជាមួយ​មនុស្ស​ប្រុស​ដែល​រវល់​ពិត​ប្រាកដ។

៣. សេរីភាព

អ្នក​ក៏​គួរ​តែ​ផ្ដល់​សេរីភាព​ឲ្យ​គាត់​បាន​ទូលាយ​ដែរ ព្រោះ​មនុស្ស​ប្រុស​គឺ​មិន​អាច​គ្មាន​សេរីភាព​បាន​ទេ គ្រាន់​តែ​ថា​គេ​ចេះ​គិត​ថា​អ្វី​គួរ​ ឬ​មិន​គួរ​ហើយ។ ការ​ហាម​ប្រាម​ច្រើន​ក៏​មិន​សូវ​ជា​ល្អ​ដែរ ដូច្នេះ​អ្នក​ក៏​គួរ​សម្រប​ខ្លួន​ជាមួយ​នឹង​សេរី​ភាព​ផ្ទាល់​ខ្លួន​របស់​ភាគី​ម្ខាងៗ​ដែរ។

៤. ប្រចណ្ឌ

ឲ្យ​តែ​ស្រឡាញ់​គឺ​ដឹង​តែ​ប្រចណ្ឌ​ហើយ តែ​កុំ​ឲ្យ​លើសលប់​ពេក ព្រោះ​វា​អាច​កម្ទេច​ស្នេហា​អ្នក​ឲ្យ​រលត់រលាយ​បាន។ កាត់​បន្ថយ​ការ​ប្រចណ្ឌ​ខុស​រឿង គ្មាន​ក្បាល​គ្មាន​កន្ទុយ​នោះ​ទើប​ល្អ​សម្រាប់​គូ​ស្នេហ៍។ បើ​គ្រាន់​តែ​គេ​និយាយ​គ្នា​ក្នុង​ន័យ​ធម្មតា ឬ​មាន​ការងារ​រឿង​ជជែក​គ្នា​ហើយ​អ្នក​ក៏​ប្រកាន់​ដែរ​ វា​ពិត​ជា​ចង្អៀត​ពេក​ហើយ។

៥. ចេះ​ទទួល​កំហុស​របស់​ខ្លួន

មនុស្ស​ស្រី​គឺ​ចង់​តែ​ឈ្នះ​ទោះ​ពេល​ខ្លះ​ខ្លួន​ជា​អ្នក​ខុស​ក៏​ដោយ។ កុំ​ចេះ​តែ​ទម្លាប់​ខ្លួន​បែប​នេះ​ពេក​ព្រោះ​វា​ក៏​មិន​ល្អ​ដែរ។ រឿង​ខ្លះ​បើ​យើង​ជា​អ្នក​ខុស​មែន មិន​គួរ​នៅ​តែ​រឹង​ចង់​ឲ្យ​គេ​មក​លួង​មក​សុំទោស​ទេ គួរ​តែ​ចេះ​សម្រប​ខ្លួន​ទទួល​ពី​កំហុស​ខ្លួន​ឯង។

ស្នេហា​ត្រូវ​ការ​សម្រប​សម្រួល យល់យោគ​គ្នា​ខ្លះ​ទើប​ល្អ មិន​មែន​ចេះ​តែ​យល់​ពី​ខ្លួន​ឯង​ម្នាក់​នោះ​ទេ៕

ចុចអាន៖បើ​អស់​អារម្មណ៍​មានតែដើរ​ចេញ​ កុំ​បង្ខំ​ខ្លួន​ឯងទៀត ព្រោះ​ម្នាក់ៗនឹង​ត្រូវ​ឈឺចាប់​ខ្លាំង

អត្ថបទ៖ ផេង ផលធិតា