ទម្លាប់ញ៉ាំ ៧ យ៉ាងដែលធ្វើឲ្យគីឡូអ្នកឡើងលឿនទ្វេមួយជាពីរ
- 2019-02-01 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ញ៉ាំ ៧ យ៉ាងដែលធ្វើឲ្យគីឡូអ្នកឡើងលឿនទ្វេមួយជាពីរ
ទម្លាប់ដែលយើងធ្វើជាប្រចាំខាងក្រោមនេះ នឹងធ្វើឲ្យយើងកាន់តែធាត់ខ្លាំងដោយមិនដឹងខ្លួន។ បើសិនជាអ្នកចង់សម្រកទម្ងន់មែនទែននោះ សូមមើលខាងក្រោមនេះ ថាតើទម្លាប់ក្នុងការញ៉ាំបែបណាខ្លះដែលយើងគួរចៀសវាង៖
១. ញ៉ាំបង្អែម ឬភេសជ្ជៈដែលមានជាតិស្ករច្រើនរាល់ថ្ងៃ
បើគិតចង់សម្រកទម្ងន់មែន ស្រីៗគួរតែចៀសវាង ឬញ៉ាំអាហារដែលមានជាតិផ្អែមឲ្យតិចបំផុត ព្រោះជាតិស្ករទាំងនោះគឺជាហេតុផលធំមួយដែលធ្វើឲ្យយើងកាន់តែធាត់។
២. ទម្លាប់ញ៉ាំលឿន
ការញ៉ាំអាហារលឿនពេកគឺជាមូលហេតុដែលធ្វើឲ្យយើងញ៉ាំអាហារកាន់តែច្រើនដោយមិនដឹងខ្លួន ព្រោះជាធម្មតាយើងមិនមានអារម្មណ៍ថាឆ្អែតភ្លាមៗនោះទេ ដូច្នេះបើញ៉ាំលឿន ទម្រាំឆ្អែត គឺញ៉ាំច្រើនបាត់ទៅហើយ។ ដូច្នេះគួរញ៉ាំអាហារយឺតល្មម ព្រោះក្រៅពីជួយឲ្យប្រព័ន្ធរំលាយអាហារយើងដំណើរការស្រួល វាក៏ជួយឲ្យយើងមិនញ៉ាំច្រើនភ្លេចខ្លួនដែរ។
៣. ផឹកទឹកតិចពេក
ទឹកគឺជាផ្នែកមួយដ៏សំខាន់សម្រាប់រាងកាយយើង។ ពេលខ្លះរាងកាយរបស់យើងគឺគ្រាន់តែខ្វះជាតិទឹក ប៉ុន្តែខួរក្បាលរបស់យើងអាចចែកមិនដាច់ថារាងកាយកំពុងឃ្លាន ឬគ្រាន់តែស្រកទឹក។ បើរាងកាយយើងគ្រាន់តែត្រូវការជាតិទឹក ប៉ុន្តែយើងយល់ថាយើងកំពុងឃ្លាន ហើយងាកទៅញ៉ាំអាហារថែម វានឹងធ្វើឲ្យយើងធាត់។ ដូច្នេះនៅពេលមានអារម្មណ៍ថាឃ្លាន គួរសាកល្បងផឹកទឹកសិន បើនៅតែឃ្លានទៀត សឹមញ៉ាំអាហារបន្ថែម។
៤. ផឹកស្រាជាប្រចាំ
គ្រឿងស្រវឹងអាចធ្វើឲ្យធាត់បានដោយសារវាមានកាឡូរីខ្ពស់ ថែមទាំងធ្វើឲ្យយើងញ៉ាំអាហារមិនងាយឆ្អែត និងកាត់បន្ថយការរំលាយជាតិខ្លាញ់ក្នុងរាងកាយថែមទៀត។ ដូច្នេះបើមិនចង់ធាត់ដុះក្បាលពោះទេ សូមនិយាយថាទេចំពោះគ្រឿងស្រវឹង។
៥. ញ៉ាំបន្លែមិនគ្រប់គ្រាន់
នៅក្នុងបន្លែមានកាកសរសៃអាហារដែលមាន Fiber ជួយសម្រួលដល់ការបន្ទោរបង់ ថែមទាំងជួយឲ្យរាងកាយរបស់យើងឆ្អែតបានយូរទៀតផង។ ដូច្នេះរាល់ពេលញ៉ាំបាយ គួរព្យាយាមញ៉ាំបន្លែឲ្យបានច្រើន ដើម្បីឲ្យឆាប់ឆ្អែត។
៦. ញ៉ាំអាហារដែលមានជាតិខ្លាញ់ទាប ប៉ុន្តែញ៉ាំច្រើន
នារីដែលស្រលាញ់សុខភាពភាគច្រើនតែងជ្រើសរើសញ៉ាំអាហារដែលមានជិតខ្លាញ់តិច ឬមានខ្លាញ់ល្អ ដូចជាត្រី ដោយគិតថាញ៉ាំប៉ុណ្ណាក៏មិនធាត់ដែរ។ ប៉ុន្តែបើរាងកាយរបស់យើងបានទទួលជាតិខ្លាញ់ទាំងនោះក្នុងបរិមាណច្រើន វាក៏អាចឲ្យយើងធាត់ដូចគ្នា។
៧. ញ៉ាំហើយគេង មិនហាត់ប្រាណ
ការជ្រើសរើសញ៉ាំអាហារល្អៗ គ្រប់គ្រងបរិមាណអាហារមួយពេលៗ គឺជារឿងដែលគួរធ្វើនៅពេលដែលយើងចង់សម្រកទម្ងន់។ ប៉ុន្តែបើយើងគ្រាន់តែគិតគូរពីរបបអាហារប៉ុន្តែមិនហាត់ប្រាណ វាក៏នៅតែធ្វើឲ្យយើងឆាប់ឡើងគីឡូដដែល ៕
ចុចអាន៖
១២ក្បាច់សម្រកខ្លាញ់ងាយៗ អ្នកខ្ជិលៗនៅតែលើគ្រែក៏ហាត់បាន
វិធីបង្ការ និងបញ្ឈប់អាការពុលឡាន ពេលធ្វើដំណើរទៅឆ្ងាយ