សញ្ញា​សុខភាព​១០​យ៉ាង បញ្ជាក់​ថា​អ្នក​ផឹក​ទឹក​មិន​គ្រប់​តាម​រាងកាយ​ត្រូវ​ការ

  • 2019-01-18 04:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ពេទ្យ​ព្យាយាម​ណែ​នាំ​ឱ្យ​មនុស្ស​គ្រប់​រូប​ផឹក​ទឹក​ឱ្យ​បាន​ច្រើន​ យ៉ាង​ហោច​ណាស់​លើស​ពី​១លីត្រ​កន្លះ​ក្នុង​មួយ​ថ្ងៃ តែ​ជឿ​ជាក់​ថា​ មាន​មនុស្ស​ច្រើន​ណាស់​ដែល​មិន​អាច​ធ្វើ​បាន។ ដោយ​សារ​ការ​រវល់​ការងារ ហើយ​ទឹក​សុទ្ធ​មិន​សូវ​មាន​រសជាតិ​ឆ្ងាញ់​ដូច​ភេសជ្ជៈ​ផ្សេង​ៗ មនុស្ស​ភាគ​ច្រើន​បាន​មើល​រំលង​ការ​ញ៉ាំ​ទឹក​នេះ​ រហូត​ធ្វើ​ឱ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក ចេញ​ជា​រោគ​សញ្ញា​ពាក់​ព័ន្ធ​នឹង​សុខភាព​ដូច​ខាង​ក្រោម៖

១. ក្រៀម​មាត់ ឬ​ឡើង​ប្រេះ

នេះ​ជា​សញ្ញា​ដំបូង​គេ​ដែល​អ្នក​អាច​សង្កេត​បាន បើ​រាងកាយ​អ្នក​មិន​សូវ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់។ កាល​ណា​ខ្សោះ​ជាតិ​ទឹក មាត់ និង​អណ្ដាត​របស់​​អ្នក​នឹង​ប្រែ​ជា​ក្រៀម ប្រេះ ឬ​របក​ដល់​ថ្នាក់​ចេញ​ឈាម​ក៏​មាន។ ក្រៅ​ពី​របក ឬ​ប្រេះ​មាត់ ជួន​កាល​វា​អាច​​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រេក​ទឹក​ខ្លាំង​ខុស​ពី​ធម្មតា។

ដូច្នេះ​បើ​មាន​អាការៈ​នេះ គួរ​បន្ថែម​ការ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​ជាង​រាល់​ដង ប៉ុន្តែ​បើ​សិន​អ្នក​ព្យាយាម​ញ៉ាំ​ទឹក​ច្រើន​ហើយ មាត់​នៅ​តែ​ក្រៀម ឬ​ប្រេះ​ អ្នក​គួរ​តែ​ទៅ​ជួប​គ្រូ​ពេទ្យ​ពិនិត្យ ព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ផ្សេង​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់។

២. ស្បែក​ស្ងួត​ ទោះ​ខំ​លាប​ឡេ​ក៏​ដោយ

ពិត​ណាស់​ដែល​ថា​ស្បែក​ប្រែ​ប្រួល​ទៅ​តាម​រដូវ។ នៅ​រដូវ​រងា ស្បែក​អ្នក​នឹង​ឡើង​ស្ពឹក​ស្រពន់ គ្មាន​ជីវិត​ជីវា ឬ​ឡើង​ស្ងួត​ជា​ដើម។ អ្នក​នឹង​ឃើញ​ស្បែក​បាត់​បង់​ជាតិ​សំណើម​ដែល​ត្រូវ​ការ​ប្រើ​ផលិតផល​បន្ថែម​សំណើម​ដល់​ស្បែក។

ប៉ុន្តែ​ក្នុង​ករណី​ដែល​អ្នក​ប្រើ​ឡេ ឬ​ផលិត​ផល​បន្ថែម​សំណើម​ដល់​ស្បែក តែ​ស្បែក​នៅ​តែ​គ្មាន​ការ​ផ្លាស់ប្ដូរ គឺ​នៅ​តែ​ស្ងួត​ដដែល អ្នក​គួរ​តែ​គិត​ដល់​ការ​ផឹក​ទឹក​បន្ថែម​វិញ ព្រោះ​វា​មិន​មែន​ជា​ការ​ស្ងួត​ដោយ​សារ​អាកាសធាតុ តែ​ជា​ការ​ស្ងួត​ពី​ខាង​ក្នុង​មក​តែ​ម្ដង។

៣. ឧស្សាហ៍​ឈឺ​ក្បាល

អារម្មណ៍​មួយ​នេះ​ពិត​ជា​ពិបាក​ទ្រាំ ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​ចាប់​ភ្លឹក​ថា​មក​ពី​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន។ ពេល​ឈឺ​ក្បាល មនុស្ស​ភាគ​ច្រើន​តែង​គិត​ដល់​ការ​ប្រើ​ខួរ​ក្បាល​គិត​ច្រើន​ពេក ឬ​ការ​គេង​មិន​គ្រប់​គ្រាន់ ប៉ុន្តែ​ការ​ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់​ក៏​ជា​មូល​ហេតុ​ធំ​ដែរ។

យោង​តាម​មូលនិធិ​ជាតិ​លើក​ស្ទួយ​ការ​យល់​ដឹង​ពាក់​ព័ន្ធ​ជំងឺ​ឈឺ​ក្បាល​បាន​ឱ្យ​ដឹង​ថា អាការៈ​ឈឺ​ក្បាល​គឺ​ជា​សញ្ញា​នៃ​ការ​ខ្វះ​ជាតិ​ទឹកក្នុង​ខ្លួន​ដែល​មិន​អាច​មើល​រំលង​បាន។ ការ​​ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់​អាច​បណ្ដាល​ឱ្យ​ទៅ​ជា​ជំងឺ​ប្រកាំង។ មូលនិធិ​ខាង​លើ​បាន​ណែ​នាំ​ឱ្យ​ផឹក​តែ​ទឹក​មួយ​មុខ​គត់​ ពេល​ឈឺ​ក្បាល ហើយ​ជៀសវាង​ការ​ផឹក​ភេសជ្ជៈ​ផ្អែម ឬ​​ប្រៃ ដែល​នឹង​បណ្ដាល​ឱ្យ​រាងកាយ​កាន់​តែ​បាត់​បង់​ជាតិ​ទឹក។

៤. អស់​កម្លាំង​គ្រប់​ពេល

គ្រូពេទ្យ​ក៏​បាន​ណែ​នាំ​ឱ្យ​មនុស្ស​គ្រប់​គ្នា​គេង​ឱ្យ​បាន​គ្រប់​គ្រាន់ ពោល​គឺ​ចាប់​ពី​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​បើ​អ្នក​គេង​បាន​គ្រប់​គ្រាន់ តែ​នៅ​តែ​មាន​អារម្មណ៍​អស់​កម្លាំង ចេះ​តែ​ល្វើយ បាន​ន័យ​ថា​អ្នក​ខ្វះ​ជាតិ​ទឹក​ហើយ។

អាការៈ​អស់​កម្លាំង​នេះ​នឹង​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ផ្នែក​វិញ្ញាណ​ក្នុង​ការ​ប្រមូល​អារម្មណ៍​ធ្វើ​អ្វី​មួយ ដែល​នឹង​នាំ​ឱ្យ​អ្នក​ធ្វើ​ការងារ​មិន​បាន​ល្អ ឬ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ណា​មួយ​ទៀត​ផង។ ដូច្នេះ​ដើម្បី​ជៀស​វាង​ការ​អស់​កម្លាំង​ដ៏​គួរ​ឱ្យ​ខ្លាច​នេះ អ្នក​គួរ​បន្ថែម​ការ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​ជាង​មុន។

៥. ទម្ងន់​ចេះ​តែ​ឡើង​ជាង​មុន

ជឿ​ឬ​អត់​ ថា​ការ​ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់​អាច​ធ្វើ​ឱ្យ​ទំហំ​ចង្កេះ​របស់​អ្នក​ធំ​ជាង​មុន? ការ​ខ្វះ​ជាតិ​ទឹក​​ក្នុង​រាងកាយ​មិន​អាច​ជួយ​ឱ្យ​ដំណើរ​ការ​រំលាយ​អាហារ​ដើរ​បាន​ស្រួល​ទេ ហើយ​ជា​លទ្ធផល ​កាក​សំណល់ និង​អាហារ​ដែល​អ្នក​ញ៉ាំ​ចូល​ទៅ​មិន​អាច​រំលាយ​បាន ហើយ​ក៏​មិន​អាច​រុញ​ចេញ​មក​តាម​ការ​បន្ទោបង់​បាន​ល្អ​ដែរ។

ហេតុនេះ​ហើយ​ទើប​អ្នក​តែង​ឃើញ​អ្នក​ជំនាញ​​ធ្វើ​ឱ្យ​រាង​ស្អាត និង​គ្រូ​​ហាត់​ប្រាណ​តែង​ណែនាំ​ឱ្យ​មាន​ការ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​ដើម្បី​ជួយ​ឱ្យ​ស្រក​ទម្ងន់ និង​បាន​រាង​ស្លីម​ស្អាត។

៦. ពិបាក​បត់​ជើង

ដូច​គ្នា​នឹង​ចំណុច​ខាង​លើ​ដែរ កាល​ណា​រាងកាយ​មិន​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ កាក​សំណល់​ក៏​មិន​បាន​បញ្ចេញ​មក​បាន​ដែរ។ ធម្មតា​ រាងកាយ​ត្រូវ​ការ​ទឹក​ច្រើន​ដើម្បី​រុញ​កាក​សំណល់​ឱ្យ​ចេញ​មក​តាម​ទ្វារ​បន្ទោរ​បង់ តែ​បើ​ខ្វះ​ជាតិ​ទឹក វា​នឹង​ទៅ​ជា​ស្អិត ហើយ​ពោះ​វៀន​ក៏​គ្មាន​កម្លាំង​រុញ​អាហារ​ចេញ​មក​ដែរ។

៧. ពណ៌​ទឹក​នោម​ឡើង​លឿង​ចាស់

សញ្ញា​មួយ​នេះ​ស្រួល​ចំណាំ​ជាង​គេ ថា​រាងកាយ​អ្នក​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ឬ​ក៏​អត់? មាន​ចំណុច​មួយ​ទៀត​ដែល​អ្នក​អាច​សង្កេត​បាន គឺ​អ្នក​មិន​សូវ​ចង់​ទៅ​នោម​ដូច​ពេល​ញ៉ាំ​ទឹក​ច្រើន​ឡើយ។ សូម​កុំ​គិត​ថា ការ​នោម​ច្រើន​ដង​គឺ​ជា​ការ​រំខាន តែ​វា​ជា​ការ​ល្អ​ដែល​ជួយ​ឱ្យ​មេរោគ​ក្នុង​រាងកាយ​ហូរ​ចេញ​តាម​ទឹក​នោម ហើយ​បើ​អ្នក​មិន​សូវ​ចូល​បន្ទប់​ទេ មេរោគ​ក៏​នៅ​ស្ទះ​ជាប់​ក្នុង​រាងកាយ​ទៅ​តាម​ហ្នឹង​ដែរ។

៨. អ្នក​ប្រែ​ជា​ឆាប់​ខឹង មួម៉ៅ​ច្រើន

ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ជា​ច្រើន​បាន​រក​ឃើញ​ថា​ កង្វះ​ជាតិ​ទឹក​​ក្នុង​រាងកាយ​នឹង​ធ្វើ​ឱ្យ​ដំណើរ​ការ​នៃ​ប្រព័ន្ធ​ប្រសាទ​ប្រែ​ប្រួល​ ដែល​ប៉ះពាល់​ទៅ​នឹង​សមត្ថភាព​ក្នុង​ការ​ផ្ចង់​អារម្មណ៍ និង​ធ្វើ​ឱ្យ​អារម្មណ៍​ទៅ​ជា​មួម៉ៅ​ខុស​ពី​ធម្មតា។

៩. ​ពេល​ឈឺ​ម្ដងៗ ​មិន​ងាយ​ជា

ការ​ញ៉ាំ​ទឹក​បាន​គ្រប់​គ្រាន់​ជួយ​រាងកាយ​ក្នុង​ការ​បណ្ដេញ​ជាតិ​ពុល​ក្នុង​ខ្លួន។ សរីរាង្គ​ទាំង​អស់​ក្នុង​រាងកាយ​យើង​ត្រូវ​ការ​ធ្វើ​ការ​បែង​ចែក​កាក​សំណល់​ដូច​ជា​ម៉ាស៊ីន​ធ្វើ​ការ​ក្នុង​រោងចក្រ​ដែរ ប៉ុន្តែ​បើ​ប្រេង​ចាក់​ម៉ាស៊ីន​មាន​មិន​គ្រប់ ម៉ាស៊ីន​ក៏​មិន​អាច​ដំណើរ​ការ​បាន​ដែរ។

ជា​លទ្ធផល សរីរាង្គ​ទាំង​នោះ​នឹង​ត្រូវ​ទាញ​ជាតិ​ទឹក​ពី​កន្លែង​ផ្សេង​ៗ​ដូច​ជា ពី​ឈាម​ដែល​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​មិន​ជា​សះ​ស្បើយ​ដូច​អ្នក​ញ៉ាំ​ទឹក​បាន​ច្រើន។

១០. ឈឺ​សន្លាក់​និង​សាច់ដុំ

ជា​គោល​ការណ៍ ឆ្អឹង​ខ្ចី និង​ថាស​ឆ្អឹង​ខ្នង​របស់​មនុស្ស​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជាតិ​ទឹក​ដល់​ទៅ​៨០%។ នេះ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​ឆ្អឹង​របស់​យើង​មិន​ទង្គិច​គ្នា ពេល​ធ្វើ​ចលនា ហេតុ​នេះ​ហើយ​ទើប​ពេល​ដើរ រត់ ឬ​លោត​សាច់​ដុំ​នៅ​តែ​អាច​ធ្វើ​ចលនា​បាន​ដោយ​មិន​មាន​ការ​ឈឺ​ចាប់ ឬ​ទោះ​មាន​ការ​ឈឺ​ចាប់​ក៏​មិន​ធ្ងន់ធ្ងរ។ ប៉ុន្តែ​បើ​សិន​មិន​មាន​ជាតិទឹក​គ្រប់​គ្រាន់​ដែល​អាច​ប្រើ​បាន​សន្លាក់ និង​សាច់​ដុំ​ទាំង​នោះ​ក៏​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ដែរ៕

ចុចអាន៖ ​​​​គេង​លើស​​​ពី​​​​៨​ម៉ោង​​ក្នុង​មួយ​​ថ្ងៃ អ្នក​​​​អាច​​ប្រឈម​​នឹង​​​​បញ្ហា​​​៨​យ៉ាង​​នេះ​

ប្រភព៖ lifehack | thelist ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម