លែង​រអ៊ូ​រឿង​អត់​ដី​​​ដាំ​ដំណាំ! អ្នក​​ក្នុង​ក្រុង​ក៏​អាច​ដាំ​ផ្លែ​​ទាំង​នេះ​នៅ​ផ្ទះ​បាន​ដែរ

  • 2019-01-17 07:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ក៏​ចង់​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ធម្មជាតិ គ្មាន​ជាតិ​គីមី​ដែរ។ តែ​បញ្ហា​ត្រង់​ថា តើ​បន្លែ​ផ្លែឈើ​ដែល​ទិញ​ពី​ផ្សារ​អាច​ទុក​ចិត្ត​បាន​កម្រិត​ណា ទោះ​បី​ដាក់​ផ្លាក​ថា​បន្លែ​ធម្មជាតិ​ក៏​ដោយ​នោះ? ប្រជាជន​ភាគ​ច្រើន​ងាក​មក​រក​គំនិត​ដាំ​ដំណាំ​ខ្លួន​ឯង ដើម្បី​ធានា​សុវត្ថិភាព​ តែ​អ្នក​នៅ​ក្នុង​ក្រុង​មិន​មាន​ដី​ទំនេរ​សម្រាប់​ដាំ​ដុះ​ដូច​អ្នក​នៅ​តាម​ជនបទ​ឡើយ។ ពេល​នេះ អ្នក​អាច​នឹង​ងាយ​ស្រួល​ ទោះ​បី​មិន​មាន​ដី​ជុំវិញ​ផ្ទះ​ធំ​ទូលាយ​ក៏​ដោយ ក៏​ដំបូល​ឡៅតឿ​ផ្ទះ​ ឬ​មុខ​ផ្ទះ​របស់​អ្នក​អាច​ដាក់​ផើង​ដាំ​បន្លែ​ ផ្លែឈើ​ទាំង​នេះ​​បាន​ដោយ​ខ្លួន​ឯង​ដែរ។

តោះ​យើង​មក​មើល​វិធី​ដាំ​ដូច​ខាង​ក្រោម៖

ផ្លែ​ស្ត្រូបឺរី

ពេល​ទិញ​ផ្លែ​ស្ត្រូបឺរី​ពី​ផ្សារ​មក អ្នក​អាច​យក​ដង្កៀប​ដក​សក់​មក​ដក​គ្រាប់​ដែល​នៅ​ខាង​ក្រៅ​ផ្លែ​ឱ្យ​អស់​​ទុក​មួយ​ឡែក។ បន្ទាប់​មក​យក​សំបក​ពង​មាន់​ ចាក់​ដី​ចូល​ហើយ​រោយ​គ្រាប់​ស្ត្រូបឺរី​ចូល​ពី​៧​ ទៅ​១០​គ្រាប់ ហើយ​ប្រោះ​ទឹក​ឱ្យ​ដី​នោះ​សើម​ជានិច្ច។ ទុក​ចោល ហើយ​បន្ត​ប្រោះ​ទឹក​ជា​ប្រចាំ​ប្រហែល​២​សប្ដាហ៍ អ្នក​នឹង​បាន​ឃើញ​ពន្លក​ដុះ​ចេញ​មក។ យក​ល្អ អ្នក​គួរ​តែ​ដូរ​ដី​ទៅ​ដាក់​ក្នុង​ផើង ឬ​ឡាំង​ដែល​ធំ​ទូលាយ​ដើម្បី​ឱ្យ​ដើម​និង​ឫស​វា​លូតលាស់​បាន​ល្អ។

ក្រោយ​មក​ ប្រហែល​៤​សប្ដាហ៍​បន្ទាប់​មក​ទៀត វា​នឹង​លូត​លាស់​បន្ត​បន្ទាប់​ចេញ​ជា​ត្រួយ​និង​មែក​ធាង​តូចៗ​គួរ​ឱ្យ​ស្រលាញ់ និង​បន្ត​ថែរក្សា​វា​រហូត​ដល់​ចេញ​ផ្កា​និង​ក្ដិប។

ផ្លែ​ប៉េងប៉ោះ

យក​ប៉េងប៉ោះ​មក​ពុះ​ហើយ​ច្របាច់​យក​គ្រាប់​ រោយពី​​លើ​ដី​ដែល​ដាក់​ក្នុង​ផើង។ ក្នុង​មួយ​ផើង អ្នក​អាច​ដាក់​គ្រាប់​ប៉េងប៉ោះ​ពី​២​ទៅ​៣ផ្លែ​ ហើយ​រោយ​ដី​ពី​លើ ស្រោច​ទឹក​ឱ្យ​សព្វ តែ​កុំ​ប្រើ​ទឹក​ច្រើន​ពេក។ វិធី​ស្រោច​ទឹក​នៅ​ដំណាក់​កាល​ដំបូង​នេះ គួរ​តែ​ប្រើ​ទឹក​ដែល​មាន​ក្បាល​ដូច​ទឹក​ផ្កា​ឈូក​ចេញ​ច្រើន​រន្ធ​ទើប​មិន​ធ្វើ​ឱ្យ​គ្រាប់​ធ្លាក់​ចូល​ទៅ​ជ្រៅ​ពេក។

ប្រហែល​១​សប្ដាហ៍​ក្រោយ អ្នក​នឹង​បាន​ឃើញ​ពន្លក​តូចៗ​ដុះ​ចេញ​មក ក្រោយ​ពេល​វា​លូត​ធំ​ឡើងៗ អ្នក​អាច​រំលែក​វា​ទៅ​ដាក់​ផើង​ដោយ​ខ្លួន​តាម​ចំនួន​ដើម​ដែល​អ្នក​ចង់​បាន។ ប្រមាណ​ជា​១​ខែ អ្នក​នឹង​អាច​បាន​ផ្លែ​ប៉េងប៉ោះ​ក្រហម​ពេញ​ដើម​មិន​ខាន។

ផ្លែ​ក្រូច​ឆ្មារ

ចិត​ក្រូច​ឆ្មារ​តែ​កុំ​ឱ្យ​បែក​គ្រាប់។ ប្រមូល​គ្រាប់​ណា​ដែល​មិន​បែក​​ជូត​ឱ្យ​ស្ងួត​ទឹក ហើយ​បក​សម្បក​ក្រៅ​ចេញ​មួយ​ស្រទាប់។ ​យក​​​ក្រដាស​ជូត​មាត់​បាញ់​ទឹក​ឱ្យ​សើម​តិចៗ ហើយ​យក​គ្រាប់​ដែល​បក​រួច​មក​រៀប​ពី​លើ​ក្រដាស រួច​បត់​ក្រដាស​ឱ្យ​ជិត​ពី​លើ​គ្រាប់ ហើយ​បាញ់​ទឹក​ម្ដង​ទៀត។ ដាក់​វា​ចូល​ថង់​ទុក​១០​ថ្ងៃ ដើម្បី​ឱ្យ​វា​លូត​ចេញ​ជា​ពន្លក។

ក្រោយ​ពេល​គ្រាប់​ក្រូច​ចេញ​ពន្លក​ហើយ អ្នក​អាច​យក​វា​ទៅ​កប់​ក្នុង​ដី​ផើង ហើយ​ស្រោច​ទឹក​ជា​ប្រចាំ​រហូត​បាន​ផ្កា​ផ្លែ។

សណ្ដែក​បណ្ដុះ

យក​សណ្ដែក​ខៀវ​មក​ត្រាំ​ទឹក​ទុក​ចោល​ប្រហែល​១២​ម៉ោង ឬ​យូរ​ជាង​នេះ​ក៏​បាន។ បន្ទាប់​មក​ យក​កញ្ច្រែង​ទ្រាប់​ក្រណាត់​សើម​ៗ​ពី​លើ​បាត​ហើយ​ចាក់​សណ្ដែក​ដែល​ត្រាំ​នោះ​ចូល យក​កន្សែង​សើម​មួយ​ទៀត​មក​គ្រប​លើ​ទុក​ចោល​មួយ​យប់។

ស្អែក​ឡើង អ្នក​អាច​ឃើញ​គ្រាប់​សណ្ដែក​ដុះ​​ពន្លក​តូចៗ ហើយ​ត្រូវ​បន្ត​គ្រប​និង​ចាក់​ទឹក​១​ថ្ងៃ ២​ដង ដើម្បី​ឱ្យ​វា​លូត​លាស់​បាន​ល្អ។ ធម្មតា​ចាប់​ពី​៥​ថ្ងៃ​ សណ្ដែក​បណ្ដុះ​របស់​អ្នក​អាច​យក​មក​ញ៉ាំ​បាន​ហើយ តែ​បើ​អ្នក​ចង់​ឱ្យ​វា​លូត​វែង​ជាង​នេះ អាច​ទុក​វា​ដល់​១​សប្ដាហ៍​ក៏​បាន។

ក្រៅ​ពី​បន្លែ ផ្លែ​ឈើ​៤​មុខ​ខាង​លើ​នេះ អ្នក​ក៏​អាច​សាក​ដាំ​ប្រភេទ​ផ្សេង​ទៀត​បាន​ដែរ ដោយ​គ្រាន់​តែ​មើល​វីដេអូ​ខាង​ក្រោម​នេះ៖

អត្ថបទ៖ សរ សុគន្ធី