វិធិផាត់ថ្ពាល់ ឲ្យស៊ីតាមទម្រង់មុខផ្សេងៗគ្នារបស់មនុស្សស្រី
- 2019-01-15 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធិផាត់ថ្ពាល់ ឲ្យស៊ីតាមទម្រង់មុខផ្សេងៗគ្នារបស់មនុស្សស្រី
ជ្រើសរើសពណ៌គូល័រផាត់ថ្ពាល់ដែលអ្នកពេញចិត្តគឺងាយស្រួលខ្លាំងណាស់ ប៉ុន្តែដឹងពីគន្លឹះផាត់ឲ្យស៊ីនឹងទម្រង់មុខមិនមែនជារឿងងាយស្រួលប៉ុន្មានទេ។ បើអ្នកចេះតែយកជក់ទៅជ្រលក់ម្សៅ ហើយផាត់ពាសវាលពាសកាល វាអាចនឹងធ្វើឲ្យមុខលេចចេញទម្រង់មិនស្អាត អាក្រក់មើលជាងពេលមិនផាត់ទៅទៀត។ ខាងក្រោមនេះជាវិធីផាត់ថ្ពាល់ដ៏ត្រឹមត្រូវបំផុត ទៅតាមទម្រង់មុខនិមួយៗ។
១.មុខជ្រុង
សម្រាប់អ្នកមានមុខជ្រុងគួរប្រុងប្រយ័ត្ននៅពេលផាត់ ពុំដូច្នោះទេវាអាចធ្វើឲ្យមុខឃើញកាន់តែជ្រុង។ ត្រូវផាត់គូល័រនៅចំកណ្តាលថ្ពាល់ បន្ទាប់មកអូសចេញទៅផ្នែកខាងក្រៅត្រឹមសៀតផ្កា ជិតកន្ទុយភ្នែក ដើម្បីជួយឲ្យមុខមើលទៅវែងជាងមុនបន្តិច។
២. មុខមូល
ដើម្បីការពារកុំឲ្យមុខអ្នកមើលទៅមូលដូចព្រះច័ន្ទខ្លាំងពេក ត្រូវផាត់គូល័រនៅផ្នែកខាងក្រោមឆ្អឹងថ្ពាល់ អាចអូសចុះឡើងដល់ត្រឹមសៀតផ្កា ប៉ុន្តែហាមមិនឲ្យហៀរដល់ផ្នែកកណ្តាលនៃថ្ពាល់ ដែលស្ថិតនៅខាងក្រោមភ្នែក។
៣. មុខពងក្រពើ
ទម្រង់បែបនេះ ងាយស្រួលខ្លាំងណាស់ គ្រាន់តែផាត់ត្រង់ផ្នែកខាងលើនៃឆ្អឹងថ្ពាល់ អូសដល់គុម្ពត្រចៀកជាការស្រេច ប៉ុន្តែហាមផាត់ចុះមកក្រោមឆ្អឹងថ្ពាល់ពេក។
៤. មុខវែង
ចង់ឲ្យមុខមើលទៅឃើញខ្លីជាងធម្មតា ត្រូវផាត់អូសពីផ្នែកកណ្តាលនៃថ្ពាល់ ឲ្យត្រង់ស្មើមកដល់គុម្ពត្រចៀក។
៥. មុខបេះដូង
ទម្រង់មុខបេះដូង មានផ្នែកថ្ងាសនិងសៀតផ្កាធំ ហើយតូចស្តួចត្រង់ផ្នែកថ្គាមចុះមកចង្កា។ វិធីផាត់ដ៏ស័ក្តិសមបំផុតនោះគឺ ត្រូវផាត់ចេញពីផ្នែកខាងចុងនៃឆ្អឹងថ្ពាល់ អូសមកដល់ជ្រុងនៃភ្នែកហួសទៅដល់សៀតផ្កា ហើយបញ្ចប់នៅគុម្ពត្រចៀក៕
ចុចអានបន្ត៖ របៀបជ្រើសរើសក្រវិលឲ្យស៊ីនឹងទម្រង់មុខទាំង ៤ ប្រភេទនេះ