​មូលហេតុ ៧​យ៉ាង​​ធ្វើ​ឲ្យ​​អ្នក​មាន​ឈាម​ក្រោយ​រួម​ភេទ

  • 2018-12-01 09:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ហូរ​ឈាម​ក្រោយ​ពី​រួមភេទ​អាច​ជា​រឿង​ធម្មតា​លើស​អ្វី​ដែល​យើង​គិត។ វា​​អាច​មិន​កើត​ឡើង​ចំពោះ​ស្ត្រី​គ្រប់​គ្នា​នោះ​ទេ ប៉ុន្តែ​វា​បាន​កើត​ឡើង​ចំពោះ​ស្ត្រី​ច្រើន​គួរ​សម។ មាន​ហេតុផល​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​បញ្ហា​នេះ​កើតឡើង។ វា​អាច​កើត​ឡើង​ដោយសារ​តែ​អនាម័យ​មិន​ល្អ ជំងឺ​កាមរោគ និង​ស្ថានភាព​ផ្សេងៗទៀត។ ហេតុដូច្នេះ ​វា​ជា​រឿង​ចាំបាច់​ដែល​អ្នក​ត្រូវ​ត្រួតពិនិត្យ​សុខភាព​បន្តពូជ​របស់​ខ្លួន​ដោយ​ការ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​ជា​ទៀងទាត់។

ខាង​ក្រោម​នេះ​ជា​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​ឈាម​ក្រោយ​ពេល​រួមភេទ៖  

១. ការ​មករដូវ

នេះ​អាច​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​ហេតុផលធំៗ ​ដោយ​ពេល​ខ្លះ​ការ​មក​រដូវ​អាច​កើត​មាន​ដោយ​យើង​មិន​អាច​ដឹង​មុន ឬ​គ្មាន​តម្រុយ​ទាល់​តែ​សោះ។ វដ្ត​ប្រចាំ​ខែ​នេះ​អាច​ងាយ​នឹង​មាន​​ដោយ​សារ​កត្តា​ខាង​ក្រៅ​ជា​ច្រើន​ដែល​ស្ត្រី​ត្រូវ​ឆ្លង​កាត់ ឬ​ប្រឈមមុខ ដូច​ជា​ស្ត្រេស ការហាត់ប្រាណ​ខ្លាំង​ៗ ការ​ផ្លាស់ប្តូរ​របប​អាហារ និង​ប្រើ​ថ្នាំ​ដែល​អាច​ប៉ះពាល់​ដល់​វដ្តរដូវ។ ហេតុ​ដូច្នេះ​ហើយ​ការ​រួមភេទ​ជា​សកម្មភាព​រាង​កាយ​ដែល​អាច​បង្ក​ឲ្យ​មាន​វដ្ដ​រដូវ​លឿន​ជាង​ការ​រំពឹង​ទុក​ក្នុង​ករណី​ខ្លះ។  

២. ការ​រួមភេទ​លើក​ដំបូង

នេះ​អាច​ជា​ហេតុផល​មួយទៀត​ដែល​ធ្វើ​ឲ្យ​មាន​ការហូរឈាមក្រោយ​រួម​ភេទ។ ប្រសិនបើ​មនុស្ស​ស្រី​គ្មាន​បទ​ពិសោធន៍​ខាង​ផ្លូវភេទ និងជា​ការ​រួមភេទ​ជា​លើក​ដំបូង​នោះ វា​អាច​បណ្តាល​ឲ្យ​មាន​ការ​ដាច់​សន្ទះ​ព្រហ្មចារី ឬ​ដាច់​រលាត់​ប្រដាប់​ភេទ​ដែល​អាច​បណ្តាល​ឲ្យ​ហូរ​ឈាម។ ចំពោះ​ស្ត្រី​វ័យ​ក្មេង​ខ្លះ ការឈឺចាប់​ក្រោយ​ការ​រួម​ភេទ​ដំបូង​អាច​បន្ត​រហូត​ដល់​មួយ​ថ្ងៃ។ ទោះ​យ៉ាងណា​ ប្រសិន​បើ​ដោយ​សារ​ហេតុផល​នេះ ចំនួន​ឈាម​គឺ​តិចតួច​ប៉ុណ្ណោះ។  

៣. ​ការ​ប៉ះទង្គិច​ខ្លាំង

ការ​ប៉ះ​ទង្គិច​នឹង​ទ្វារមាស​ខ្លាំង​ៗ​​គ្រប់​រូប​ភាព​ អាច​នាំ​ឲ្យ​​មាន​ការ​ហូរឈាម ដូច​ជា​ការ​ប្រើ​ឧបករណ៍​សិច​ខ្លាំង​ៗ​​ជា​ដើម។ ការ​ហូរ​ឈាម​ក្រោយ​ពេល​រួម​ភេទ​ក៏​អាច​បណ្តាល​មក​ពី​ករណី​ធ្ងន់ធ្ងរ​មួយចំនួន​ដូចជា​ការរំលោភ​ផ្លូវ​ភេទ ការ​រំលោភ​សេពសន្ថវៈ ឬ​ការ​ធ្វើ​បាប​រាងកាយ។ ក្នុង​ករណី​នេះ ជនរងគ្រោះ​ត្រូវ​រាយការណ៍​ជា​បន្ទាន់ ហើយ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​មើល​របួស​ភ្លាមៗ។ កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​និយាយ​ជាមួយ​នរណា​ម្នាក់​ដែល​អ្នក​ទុក​ចិត្ត ហើយ​ស្វែង​រក​ជំនួយ។  

៤. ភាព​ស្ងួត​របស់​ទ្វារមាស

កង្វះ​ទឹក​រំអិល​ក្នុង​អំឡុង​ពេល​រួមភេទ​អាច​បង្កើន​ការ​កកិត​ដែល​កើត​ឡើង​រវាង​ប្រដាប់​បន្តពូជ។ ការ​កកិត​នេះ​ជួនកាល​បណ្ដាល​ឲ្យ​ហូរ​ឈាម​ទ្វារមាស។ បញ្ហា​នៃ​កង្វះ​ទឹក​រំអិល​អាច​ដោះស្រាយ​បាន​យ៉ាង​ងាយ​ស្រួល​ដោយ​ប្រើទឹក​រំអិល​ដែល​អាច​រក​បាន​នៅ​លើ​ទីផ្សារ។ ជាមួយ​គ្នា​នេះ វា​ក៏​សំខាន់​ដែរ​ដែល​​ភាគី​បុរស​គួរ​ធ្វើឲ្យ​ដៃ​គូ​របស់​ខ្លួន​បញ្ចេញ​ទឹក​រំអិល​តាម​ធម្មជាតិ តាម​រយៈ​ការ​បបោស​អង្អែល​ផ្សេង​​ៗ​ មុន​ចាប់​ផ្ដើម​វាយ​លុក។

៥. ការ​ឆ្លង​មេរោគ​ផ្សិត

ការ​ឆ្លង​មេរោគ​ផ្សិត​គឺ​ជា​រឿង​ធម្មតា​ដែល​អាច​កើត​ឡើង​ចំពោះ​ស្ត្រី។ វា​កើត​ឡើងនៅពេលដែល​សារធាតុ​​ផ្សិត​​​លូតលាស់​ច្រើន​នៅ​ក្នុង​ទ្វារមាស ដែល​បណ្តាល​ឱ្យ​រមាស់ ឬ​ធ្ងន់ធ្ងរ​រហូត​ដល់​មាន​ការ​ដាច់​រលាត់​ និង​ហូរ​ឈាម។ វា​គឺ​ជា​បញ្ហា​ដែល​អាច​ព្យាបាល​បាន​យ៉ាង​ងាយ​តាម​រយៈ​ការ​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា។

៦. ជំងឺ​រលាក​អាង​ត្រគាក

ជំងឺ​រលាក​អាង​ត្រគាក​គឺ​ជា​ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​ដែល​អាច​រីករាល​ដាល​នៅ​ទូទាំងសរីរាង្គ​បន្ត​ពូជ​ដូចជា ​ដៃ​ស្បូន ក្រពេញ​អូវែ មាត់ស្បូន និង​ស្បូន។ វា​អាច​បណ្តាល​ឱ្យ​រលាក​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​សរីរាង្គ​បន្តពូជ និង​ធ្វើឱ្យ​ងាយ​​មាន​ការ​ដាច់​រលាត់​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ហូរឈាម។  

៧. មហារីក

ជំងឺ​មហារីក​នៃ​ផ្នែក​ណា​​ក៏​ដោយ​នៃ​សរីរាង្គ​បន្ត​ពូជ​អាច​បង្ក​ឱ្យ​មាន​ការ​ហូរឈាម​ក្រោយ​ពេល​រួម​ភេទ។ ប្រសិន​បើ​អ្នក​មាន​ប្រវត្តិ​សមាជិក​គ្រួសារ​កើត​​ជំងឺ​មហារីក និង​ធ្លាប់​មាន​ការ​ហូរឈាម​ញឹកញាប់​បន្ទាប់​ពី​រួមភេទ​រួចហើយ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម។   ការ​ការពារ​គឺ​ប្រសើរ​ជាង​ការ​ព្យាបាល។ ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​បញ្ហា​ហូរ​ឈាម​ក្រោយ​ការ​រួម​ភេទ​ញឹកញាប់ សូម​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ឲ្យ​បាន​ដឹង​ច្បាស់លាស់ ៕  


ប្រភព៖ curejoy ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន