កុំរើសយូរពេក! ៧មូលហេតុបង្ហាញថាអ្នកមិនគួរនៅ Single ទៀតទេ
- 2018-12-01 07:56:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំរើសយូរពេក! ៧មូលហេតុបង្ហាញថាអ្នកមិនគួរនៅ Single ទៀតទេ
សម័យកាលកាន់តែជឿនលឿន មនុស្សដែលសុខចិត្តនៅលីវយូរក៏មានចំនួនកាន់តែច្រើន។ អាចមានហេតុផលជាច្រើនដែលពួកគេសម្រេចចិត្តមិនទទួលយក ឬស្វែងរកស្នេហា ប៉ុន្តែអ្នកមានគូជាច្រើនក៏មានហេតុផលរបស់គេដែរដែលពួកគេសម្រេចចិត្តមានស្នេហា។ ខាងក្រោមនេះ កញ្ញានឹងបង្ហាញអំពីគុណសម្បត្តិខ្លះៗដែលគ្រប់គ្នានឹងអាចទទួលបាននៅពេលជួបស្នេហាល្អមួយ៖
១. មិនឯកោ
គុណសម្បត្តិដំបូងគេនេះគឺអ្នកនឹងមិនបាច់ទ្រាំឯកោតទៀតឡើយ ព្រោះនៅពេលអ្នកមានសង្សារ អ្នកនឹងមានមនុស្សឲ្យនឹក មានមនុស្សជជែកគ្នា សួរសុខទុក្ខ ទៅណាមកណាជាមួយគ្នាបាន មិនបាច់ត្រូវអង្គុយញ៉ាំបាយម្នាក់ឯងកណ្ដោចកណ្ដែងទៀតទេ។ ទោះបីអ្នកគឺជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តនៅម្នាក់ឯងប៉ុណ្ណា ប៉ុន្តែប្រាកដជាមិនអាចបដិសេធបានឡើយថាក៏មានពេលខ្លះដែលមានអារម្មណ៍ឯកោ។ ដូច្នេះហើយការមានដៃគូនេះហើយដែលនឹងជួយបំពេញចន្លោះនៃអារម្មណ៍ឯកោរបស់អ្នកបាន។ បើមិនជឿទេសាករកសង្សារមួយទៅដឹងហើយ។
២. មានអ្នកស្ដាប់រឿងយើងពេលយើងមានបញ្ហា
មនុស្សស្រីទោះបីរឹងមាំប៉ុណ្ណា ប៉ុន្តែចុងក្រោយក៏ត្រូវការមិត្តដែលជាដៃគូគំនិតម្នាក់ដដែល។ ការដែលមានមនុស្សដែលចាំស្ដាប់បញ្ហា និងជួយគិតរកដំណោះស្រាយជាមួយគ្នាគឺជាអ្វីដែលល្អបំផុត ព្រោះវាជាហេតុផលបញ្ជាក់ថាអ្នកមិនបាននៅតែម្នាក់ឯងទេលើលោកនេះ មិនចាំបាច់រ៉ាប់រងបញ្ហា និងឧបសគ្គតែម្នាក់ឯងឡើយ។ យ៉ាងណាៗការមានគូស្នេហ៍នៅក្បែរក៏ធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅជាងនៅម្នាក់ឯងដែរ មែនអត់?
៣. មានមនុស្សដែលយើងអាចចែករំលែករឿងល្អៗជាមួយបាន
ធ្លាប់ទេ នៅពេលជួបអ្វីល្អៗ ប៉ុន្តែមិនដឹងចែករំលែកវាជាមួយអ្នកណា។ ចង់និយាយប្រាប់មិត្តភ័ក្ដិ មិត្តភ័ក្ដិក៏មានសង្សារអស់ ថែមទាំងអាចមិនសូវចាប់អារម្មណ៍ចង់ស្ដាប់រឿងយើងទៅទៀត។ ការលាក់ទុករឿងល្អៗតែម្នាក់ឯងវាក៏មានក្ដីសុខដែរ ប៉ុន្តែវាមិនសូវសប្បាយដូចដែលបាននិយាយប្រាប់អ្នកណាម្នាក់ទេមែនអត់? តែបើមានសង្សារ អ្នកនឹងអាចចែករំលែកវាជាមួយគេបាន។
៤. មានអ្នកមើលថែ
ទោះអ្នកនិយាយថាវាមិនចាំបាច់ ព្រោះអ្នកអាចមើលថែខ្លួនឯងបានក៏ដោយចុះ ប៉ុន្តែការដែលមានមនុស្សចាំមើលថែ វាក៏ល្អជាងដែរមែនហ្អេ? វាមិនអាស្រ័យលើថាតើយើងរឹងមាំ ឬទន់ខ្សោយអ្វីទេ ប៉ុន្តែវារឿងធម្មជាតិមួយដែលយើងត្រូវការការខ្វល់ខ្វាយ និងយកចិត្តទុកដាក់។
៥. មានកម្លាំងចិត្ត
កម្លាំងចិត្តក៏ជាបច្ច័យដ៏សំខាន់មួយដែរចំពោះការដំណើរជីវិតរបស់យើង។ មនុស្សជាច្រើនអ្នកប្រហែលជាអាចកសាងកម្លាំងចិត្តដោយការស្វែងរកការជំរុញចិត្តផ្សេងៗសម្រាប់ខ្លួនឯង ប៉ុន្តែវាក៏មិនប្រាកដថាគ្រប់គ្នាអាចធ្វើបានដូច្នេះទេ។ ដូច្នេះហើយការមានដៃគូ នឹងជាប្រភពនៃកម្លាំងចិត្តល្អៗ មិនថាអ្នកបរាជ័យ បាក់ទឹកចិត្តយ៉ាងណា យ៉ាងហោចណាស់អ្នកក៏មានមនុស្សម្នាក់នៅក្បែរ ចាំនិយាយរឿងកំប្លែងៗឲ្យស្ដាប់ នាំទៅញ៉ាំអីឆ្ងាញ់ៗ។ តែប៉ុណ្ណឹងក៏ធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងបាត់ទៅហើយ។
៦. មានអារម្មណ៍សុវត្ថិភាព កក់ក្ដៅ
ព្រោះថាកើតជាមនុស្សស្រីពិតជាមិនងាយស្រួលទេ មិនថាយុគសម័យណា មនុស្សស្រីតែងត្រូវការអារម្មណ៍ថាមានសុវត្ថិភាពជានិច្ច។ ការមានសង្សារចាត់ទុកថាជាការបន្ថែមសុវត្ថិភាពមួយទាំងផ្លូវកាយ និងផ្លូវចិត្ត។ គូខ្លះ ទោះបីមិនបាននៅជាមួយគ្នា ប៉ុន្តែយ៉ាងហោចនៅពេលមានបញ្ហា អ្នកក៏អាចទូរសព្ទសួរគេ សុំជំនួយពីគេបាន បែបនេះហើយដែលធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្ដៅ។
៧. បំពេញចំណែកដែលខ្វះខាត
ចំណុចចុងក្រោយនេះគឺជាអ្វីដែលរ៉ូមែនទិកបំផុត ព្រោះការមានសង្សារគឺសំដៅលើការមានមនុស្សម្នាក់មកបំពេញចំណែកដែលខ្វះខាតរបស់យើង។ អ្នកខ្លះក៏មិនដឹងខ្លួនថាខ្លួនឯងខ្វះអ្វី អាចដោយសារស៊ាំជាមួយការរស់នៅម្នាក់ឯង។ ឧទាហរណ៍ នៅពេលនៅលីវអ្នករមែងធ្វើអ្វីដដែល មិនចូលចិត្តផ្លាស់ប្ដូរអីច្រើនទេ ប៉ុន្តែនៅពេលមានសង្សារ គេអាចនឹងនាំអ្នកទៅធ្វើអ្វីថ្មីៗ មិនថាជាការដើរលេង លេងហ្គេម ធ្វើសកម្មភាពសប្បាយៗនានា ទៅកន្លែងដែលមិនធ្លាប់ទៅ ឬ Surprise ផ្សេងៗ។ វាធ្វើឲ្យជីវិតរបស់យើងកាន់តែមានភាពស្រស់ស្អាត និងទទួលបានបទពិសោធន៍ថ្មីៗទៀតផង ៕