​ស្ទីល​ចុច​ទូរសព្ទអាច​ប្រាប់​ពី​ចរិត​សម្ងាត់ និង​ចរិត​ពេល​មាន​ស្នេហា​របស់​អ្នក​

  • 2018-11-03 09:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

របៀប​ចុច​ទូរសព្ទ​ក៏​អាច​ទស្សន៍ទាយ​ពី​ចរិត​និស្ស័យ​របស់​យើង​បាន​ដែរ ឬ​បើ​សិន​ជា​ចង់​ដឹង​ថា​មនុស្ស​ដែល​យើង​ចង់​ស្គាល់​គឺ​ជា​មនុស្ស​បែប​ណា យើង​ក៏​អាច​សង្កេត​មើល​ពី​របៀប​ចុច​ទូរសព្ទ​ជា​ប្រចាំ​របស់​គេ​បាន។ ចង់​ដឹង​ថា​ការ​ទស្សន៍ទាយ​នោះ​យ៉ាង​ណា សូម​តាមដាន​ជាមួយ​កញ្ញា​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖  

របៀប​ចុច​ទី​១៖

ចរិត​​ដែល​លាក់​ខាង​​ក្នុង៖ អ្នក​មិន​មែន​ជា​មនុស្ស​ធម្មតា​ៗ​ទេ ទោះ​បី​ពេល​ខ្លះ​មើល​ទៅ​​ស្ងាត់​ៗ​ក៏​ដោយ ប៉ុន្តែ​ការ​ពិត​អ្នក​ដឹង​​ថា​អ្នក​ណា​ល្អ​ជាមួយ​អ្នក ហើយ​អ្នក​ណា​អាក្រក់​ជាមួយ​អ្នក។ អ្នក​អាច​ចែក​ដាច់​យ៉ាង​ច្បាស់ រួម​ទាំង​រឿង​ស្នេហា បើ​សិន​អ្នក​ស្រលាញ់​នរណា​ម្នាក់​គឺ​ស្រលាញ់​ខ្លាំង ហើយ​បើ​ស្អប់​គឺ​ស្អប់​ខ្លាំង។ ម្យ៉ាង​​ទៀត​ពេល​ខ្លះ​​អ្នក​មាន​បំណង​ល្អ ប៉ុន្តែ​ច្រើន​ជ្រុល​មាត់​ ឬ​មាត់​ឆៅ​និយាយ​ពាក្យ​មិន​ល្អ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​យល់​ច្រឡំ។  

ចរិត​ក្នុង​រឿង​ស្នេហា៖ ដូច​ដែល​រៀបរាប់​ខាង​លើ​ហើយ​ថា បើ​ស្រលាញ់​អ្នក​ណា​គឺ​ស្រលាញ់​ពិត បើ​ស្អប់​គឺ​ស្អប់​ខ្លាំង រហូត​អាច​ឈាន​ដល់​សងសឹក​ក៏​មាន។ ដូច្នេះ​ក្នុង​រឿង​ស្នេហា បើ​សិន​ជា​អ្នក​បាន​សាក​ល្បង​ស្រលាញ់​នរណា​ម្នាក់ ហើយ​ជឿ​ចិត្ត​គេ​ហើយ អ្នក​នឹង​ជឿ​អស់​ពី​បេះដូង លះបង់​គ្រប់​យ៉ាង ដូច្នេះ​នៅ​ពេល​​ខក​ចិត្ត អ្នក​នឹង​ឈឺ​ចាប់​ជាង​អ្នក​ដទៃ។ ប៉ុន្តែ​អ្នក​​ក៏​មាន​ថាមពល​ក្នុង​ការ​ការពារ​ខ្លួន​ឯង​ខ្ពស់​ដែរ បើ​សិន​អ្នក​ត្រូវ​គេ​ធ្វើ​បាប​ម្ដង​ហើយ​ម្ដង​ទៀត អ្នក​នឹង​ចងចាំ​វា​បាន​យូរ ហើយ​តាំង​ចិត្ត​ថា នឹង​មិន​ឲ្យ​មាន​ថ្ងៃ​គេ​ធ្វើ​បាប​ទៀត​ឡើយ។  

របៀប​ចុច​ទី​២៖

ចរិត​ដែល​លាក់​ខាង​ក្នុង៖ ចរិត​ខាង​ក្នុង​មួយ​របស់​អ្នក​គឺ អ្នក​ជា​មនុស្ស​ដែល​លួច​ត្រូវ​ការ​ការ​ចាប់​អារម្មណ៍​ជានិច្ច។ អ្នក​ប្រាថ្នា​​​ឲ្យ​អ្នក​ដទៃ​ការពារ ប្រណិប័តន៍ មើល​ថែ យក​ចិត្ត​ទុក​ដាក់​ ប៉ុន្តែ​ទាល់​តែ​ជា​ទង្វើ​ដែល​ចេញ​ពី​ចិត្ត​របស់​គេ​តែ​ម្ដង។ អ្នក​ចូល​ចិត្ត​អារម្មណ៍​នៅ​ពេល​ដែល​អ្នក​ដទៃ​ទទួល​ស្គាល់ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ក៏​ហាក់​ដូច​ជា​មនុស្ស​ល្អ​ជ្រុល ដោយ​មិន​សូវ​ជា​តតាំង ឬ​ទាស់ទែង​ជាមួយ​អ្នក​ណា​ឡើយ ទើប​ត្រូវ​បាន​គេ​បោក​ប្រើ​ជា​ញឹកញយ។ ដើម្បី​យក​ឈ្នះ​ចិត្ត​របស់​អ្នក ងាយ​ស្រួល​ទេ គឺ​គ្រាន់​តែ​ឲ្យ​អ្នក​ម្ខាង​ទៀត​ស្មោះ​ត្រង់​​ចំពោះ​អ្នក​​គឺ​បាន​ហើយ។  

ចរិត​​ក្នុង​រឿង​ស្នេហា៖ អ្នក​មិន​សូវ​បង្ហាញ​ចេញ​មក​ប៉ុន្មាន​ទេ ឬ​ពុំ​ដូច្នោះ​ទេ​គឺ​មិន​សូវ​ចេះ​បង្ហាញ​ឲ្យ​គេ​ដឹង។ បើ​អ្នក​ម្ខាង​ទៀត​ចង់​ទាយ​​ចិត្ត​អ្នក​ គេ​ក៏​មិន​អាច​ទាយ​ត្រូវ​អស់​ដែរ។ ឧទាហរណ៍ បើ​គេ​សង្កេត​បាន​ថា​អ្វី​ដែល​អ្នក​ចូល​ចិត្ត​មាន​បី​យ៉ាង ប៉ុន្តែ​ការ​ពិត​ទៅ​វា​អាច​មាន​ប្រាំយ៉ាង ព្រោះ​អ្នក​ជាមនុស្ស​ដែល​មិន​សូវ​និយាយ​ត្រង់​ប៉ុន្មាន​ទេ​ចំពោះ​អារម្មណ៍​របស់​ខ្លួន​ឯង ហើយ​តែង​បង្ហាញ​ចេញ​មក តិច​ជាង​អារម្មណ៍​ពិត​របស់​ខ្លួន។ អ្នក​ជា​មនុស្ស​ដែល​លាក់​អារម្មណ៍ តែ​ព្រោះ​មិន​ចង់​ឲ្យ​ស្នេហា​មាន​បញ្ហា។  

របៀប​ចុច​ទី​៣៖

ចរិត​ដែល​លាក់​ខាង​ក្នុង៖ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ចុច​របៀប​នេះ អ្នក​គឺ​ជា​មនុស្ស​ដែល​​លាក់​អារម្មណ៍​តិចតួច ពេល​ខ្លះ​ក៏​ជា​មនុស្ស​មិន​សូវ​ហ៊ាន​ប្រថុយ។ ការ​ពិត​ចង់​ធ្វើ ប៉ុន្តែ​ខ្លាច​មិន​បាន​ដូច​បំណង ខ្លាច​បរាជ័យ ខ្លាច​ឈឺចាប់ ចង់​ឡើង​ខ្ពស់​ប៉ុន្តែ​ខ្លាច​ធ្លាក់​មក​។ មូលហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ជា​មនុស្ស​ដែល​ត្រូវ​ការ​កម្លាំង​ចិត្ត​ច្រើន​ជា​ពិសេស។ អ្វី​ដែល​អ្នក​ត្រូវ​ការ​​គឺ​គ្មាន​អ្វី​ប្រៀប​ស្មើ​ការ​យល់​ចិត្ត​នោះ​ឡើយ ម្ល៉ោះ​ហើយ​ទើប​អ្នក​ចង់​ជួប​មនុស្ស​ម្នាក់​ដែល​យល់​ចិត្ត​ខ្លួន ស្មោះ​ត្រង់​នឹង​ខ្លួន និង​ចូល​ចិត្ត​អ្នក​ជា​អ្នក​ពិត​ប្រាកដ។

ចរិត​ក្នុង​រឿង​ស្នេហា៖ ការ​ចងចាំ​ដែល​ឈឺចាប់ ​ពិត​ជា​ពិបាក​ឲ្យ​អ្នក​បំភ្លេច​បាន ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ស្ទាក់ស្ទើរ​នឹង​ចាប់​ផ្ដើម​ថ្មី ទាំង​ការ​ពិត​អ្នក​ចង់​បាន​មនុស្ស​ម្នាក់​នៅ​ក្បែរ។ មួយ​ទៀត អ្នក​តែង​ស្រលាញ់​ភាគី​ម្ខាង​ទៀត​ខ្លាំង​​ពេក រហូត​ធ្វើ​ឲ្យ​គេ​ធុញ។ ការ​ពិត​ទៅ​អ្នក​ចង់​នៅ​ជិត​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​គ្រប់​ពេល ចង់​ឲ្យ​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​ច្រើន​ជាង​នេះ ចង់​ឲ្យ​គេ​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​ល្អ​ជាង​នេះ ប៉ុន្តែ​អ្វី​ដែល​អ្នក​បញ្ចេញ​មក​ហាក់​ដូច​ជា​មិន​បាន​ចាប់​អារម្មណ៍​អ្វី ធ្វើ​ឲ្យ​អ្នក​ម្ខាង​ទៀត​គិត​ថា​ យ៉ាង​ម៉េច​ក៏​អ្នក​អាច​ទទួល​យក​បាន។

របៀប​ចុច​ទី​៣៖

ចរិត​ដែល​លាក់​ខាង​ក្នុង៖ ជា​ញឹកញាប់ អ្នក​តែង​ជ្រើសរើស​នៅ​ស្ងៀមស្ងាត់ ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​អាក្រក់​អី​នោះ​ទេ ព្រោះ​វា​ចាត់​ទុក​ថា​ជាចំណុច​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​មាន​ភាព​កក់ក្ដៅ។ អ្នក​មើល​ទៅ​ជា​មនុស្ស​ដែលងាយៗ សប្បាយ​ៗ មិន​ចូល​ចិត្ត​​មាន​បញ្ហា សុខ​ចិត្ត​លះបង់ មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​ឈឺចាប់​ដោយ​សារ​ខ្លួន។ អ្វី​ដែល​អ្នក​ត្រូវ​ការ​គឺ​ការ​​និយាយ​គ្នា​តាម​សម្រួល ការ​ធ្វើ​តាម​ក្ដី​ស្រមៃ និង​មនុស្ស​ដែល​យល់​ចិត្ត​ម្នាក់​ក៏​គ្រប់គ្រាន់។

ចរិត​ក្នុង​រឿង​ស្នេហា៖ អ្នក​មិន​ចូល​ចិត្ត​អ្វី​ដែល​អស្ចារ្យ ហ៊ឺហា មិន​ចូល​ចិត្ត​អ្វី​ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​ធំ ឬ​ត្រូវ​សម្រប​ខ្លួន​ថ្មី​ញឹកញាប់​នោះ​ទេ ដូច្នេះ​ហើយ​ទើប​អ្នក​ចូល​ចិត្ត​បរិយាកាស​ងាយ​ៗ ដែល​ខ្លួន​ទម្លាប់​ជាមួយ​រួច​ហើយ។ សម្រាប់​រឿង​ស្នេហា​ក៏​ដូច​គ្នា អ្នក​មាន​ចំណុច​ខ្សោយ​ត្រង់​ថា​អ្នក​ជា​មនុស្ស​ចិត្ត​ទន់ ទោះបី​ធ្លាប់​ត្រូវ​គេ​ធ្វើ​បាប​ក៏​ដោយ ប៉ុន្តែ​គ្រាន់​តែ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ព្រម​សុំ​ទោស អ្នក​នឹង​អត់​ទោស​ឲ្យ​បាន។ ជា​ពិសេស​អ្នក​ជា​មនុស្ស​ចាញ់​ទឹក​ភ្នែក​អ្នក​ដទៃ ឲ្យ​តែ​ឃើញ​គេ​យំ អ្នក​នឹង​អាណិត​ ហើយ​អភ័យ​ទោស​ឲ្យ ៕

ចុចអាន៖

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន